Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​ថា អា​មេ​រិច​កំពុង​លួច TikTok ក្រោយ​បង្ខំ​ក្រុមហ៊ុន​ឲ្យ​លក់​ផ្នែក​ខ្លះ​ឲ្យ Microsoft

កាសែត​ចិន​បាន​ចុះផ្សាយ​ថា ការធ្វើ​បាប​របស់​អា​មេ​រិច​ទៅលើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន គឺជា​ចក្ខុវិស័យ​របស់​ទីក្រុង​វ៉ាស៊ីនតោន ក្នុងការ​ទទួល​ទាញ​ផលប្រយោជន៍ ពី​ការបាត់បង់​របស់​អ្នកដទៃ និង​បានធ្វើ​ឲ្យ​ចិន​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ការទទួលយក ឬ​ត្រូវ​ប្រយុទ្ធ​ដល់​អស់​ជីវិត​នៅក្នុង​ពិភព​បច្ចេកវិទ្យា​។​

​កាសែត​ដែល​គាំទ្រ​រដ្ឋាភិបាល​ចិន​បន្តទៀតថា ចិន​មាន “​វិធី​ជាច្រើន​ក្នុងការ​ឆ្លើយតប ប្រសិនជា​រដ្ឋបាល​អា​មេ​រិច អនុវត្ត​ផែនការ​ណ៍​ខ្លួន​ក្នុងការ​វាយកម្ទេច ដើម្បី​ចាប់យក​”​។​

​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ ក្រុមហ៊ុន​បច្ចេកវិទ្យា​អា​មេ​រិច Microsoft និយាយថា ខ្លួន​កំពុងតែ​ពិភាក្សា​ជាមួយនឹង​ក្រុមហ៊ុន​ចិន ByteDance ដើម្បី​ទិញ​ផ្នែក​ខ្លះ​នៃ​កម្មវិធី TikTok ក្រោយពេល​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ បាន​កែប្រែ​ទិសដៅ​លើ​គម្រោង​ហាមឃាត់​កម្មវិធី​នោះ​នៅ​អា​មេ​រិច ដោយសារ​បញ្ហា​សន្តិសុខ និង​បាន​ទុក​រយៈពេល ៤៥​ថ្ងៃ​ឲ្យ​ក្រុមហ៊ុន​ចិន​ដើម្បី​សម្រេច​កិច្ចព្រមព្រៀង​។​

​រដ្ឋមន្ត្រីការបរទេស​អា​មេ​រិច Mike Pompeo បាន​និយាយ​កាលពី​ចុង​សប្តាហ៍​ថា លោក​ត្រាំ នឹង​ចាត់វិធានការ​ភ្លាមៗ​ប្រឆាំងនឹង​ក្រុមហ៊ុន​ចិន​ទាំងឡាយណា ដែល​ចែករំលែក​ទិន្នន័យ​អ្នកប្រើប្រាស់​ជាមួយនឹង​រដ្ឋាភិបាល​ចិន​។​

​កាសែត​ចិន Global Times បាន​និយាយថា ការ​ព្យាបាទ​របស់​អា​មេ​រិច​លើ​ក្រុមហ៊ុន ByteDance និង Huawei ដែល​ឥឡូវ​កំពុង​ស្ថិតក្នុង​បញ្ជីខ្មៅ​អា​មេ​រិច បានបង្ហាញ​ពី​កិច្ចប្រឹងប្រែង​របស់​អា​មេ​រិច ក្នុងការ​បំបែក​សេដ្ឋកិច្ច​របស់ខ្លួន​ចេញពី​សេដ្ឋកិច្ច​ចិន​។​

​កាសែត​និយាយទៀតថា ប្រទេស​ចិន “​មាន​សមត្ថភាព​នៅមាន​កម្រិត​” ក្នុងការ​ផ្តល់​ការការពារ​ដល់​ក្រុមហ៊ុន​ចិន​ទាំងនោះ តាមរយៈ​ការសង​សឹក​ប្រឆាំង​ក្រុមហ៊ុន​អា​មេ​រិច ដោយសារ​អា​មេ​រិច មាន​ឥទ្ធិពល​បច្ចេកវិទ្យា​ប្រសើរ​ជាង​ជាមួយនឹង​សម្ព័ន្ធមិត្ត​របស់ខ្លួន​។

“​ការបើកចំហរ​របស់​ចិន​ទៅកាន់​ពិភពលោក​ខាងក្រៅ និង​ការ​បំបែក​យុទ្ធសាស្ត្រ​អា​មេ​រិច គួរតែ​ជា​អទិភាព​”​។​

​សូម​រំលឹកថា កាលពីពេល​ថ្មីៗ​នេះ ឥណ្ឌា​ក៏បាន​ប្រកាស​បិទ​កម្មវិធី​ដ៏​ល្បីៗ​ជាច្រើន រួមទាំង TikTok របស់​ចិន​ផងដែរ ដោយ​ព្រួយបារម្ភ​ពី​បញ្ហា​សន្តិសុខ​ជាតិ និង​ក្រោយពេល​មានការ​ប៉ះទង្គិច​គ្នា​នៅតាម​បណ្តោយ​ព្រំដែន ដែល​បណ្តាល​ឲ្យ​ទាហាន​ឥណ្ឌា​ស្លាប់​រហូតដល់ ២០​នាក់​។​

​ចំណែក​ជប៉ុន​វិញ​ក៏មាន​គម្រោង​ហាមឃាត់ TikTok ក្នុងប្រទេស​ខ្លួន​ផងដែរ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters


×