ភ្នំពេញ៖ ប្រទេសកម្ពុជា មានសក្តានុពលទេសចរណ៍ខ្លាំងគួរឱ្យកត់សម្គាល់ទៅ លើតំបន់រម្យណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រវប្បធម៌អង្គរវត្ត ដែលជាគោលដៅដ៏ទាក់ទាញ សម្រាប់ទេសចរអន្តរជាតិមកពីគ្រប់ទិសទីជុំវិញពិភពលោក។ បន្ថែមពីនេះ ក៏មានទេសចរណ៍តំបន់ឆ្នេរដ៏ស្រស់ស្អាត និងតំបន់ទេសចរណ៍ធម្មជាតិ អេកូទេសចរណ៍ ដ៏សម្បូរបែបផងដែរ។
ក្រុមអ្នកស្រាវជ្រាវ យល់ឃើញថា បច្ចុប្បន្នកម្ពុជា បានទាញយកប្រយោជន៍ជាច្រើនពីវិស័យទេសចរណ៍បពីរផ្នែក គឺទេសចរណ៍បែបវប្បធម៌ប្រវត្តិសាស្ត្រ និងទេសចរណ៍ធម្មជាតិ។
លោក សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា បានលើកឡើងថា កម្ពុជាបានត្រឹមតែទាញយកប្រយោជន៍ពីទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រ និងទេសចរណ៍ធម្មជាតិ។
ទន្ទឹមនឹងនេះ លោកបានអះអាងថា កម្ពុជា ក៏មានតំបន់ទេសចរណ៍សិប្បនិមិត្តដ៏ទាក់ទាញផងដែរ គឺនៅបឹងទន្លេសាប ដែលសម្បូរទៅដោយមច្ឆជាតិ និងជីវចម្រុះ ប្រសិនបើមានការកែច្នៃដាក់កញ្ចប់ទេសចរណ៍នៅទីនោះ អ្នកទេសចរណ៍ នឹងទៅទស្សនាច្រើន ដោយពួកគេមិនចាំបាច់ទៅមើលនៅប្រទេស មីយ៉ាន់ម៉ា ចិន និងឡាវ នោះឡើយ។
លោកសុខ ទូច បានមានប្រសាសន៍ថា៖ «គេដើរទេសចរណ៍ទាំង ៦ ឯកម្ពុជាដើរទេសចរណ៍តែពីរទេ។ កម្ពុជា ដើរបានទេសចរណ៍វប្បធម៌ និងទេសចរណ៍បរិស្ថាន ឆ្នេរសមុទ្រ គេហៅថា បរិស្ថាន ចុះនៅអា ៤ទៀត? ទេសចរណ៍សិប្បនិមិត្ត គេគ្រាន់តែឡើង Twin Tower គេអាចយកបាន ៤០ដុល្លារ ក្នុងរយៈពេល ៣០នាទី។ កម្ពុជាយកអង្គរវត្តមួយថ្ងៃវាស់ល្ងាចបានតែ ៣០ដុល្លារទេ»។
តាមឯកសារខ្លះបញ្ជាក់ថា វិស័យទេសចរណ៍នៅប្រទេសកម្ពុជាចែកចេញជា ៥ ផ្នែកគឺ៖ ទេសចរណ៍វប្បធម៌, ទេសចរណ៍ធម្មជាតិ, ទេសចរណ៍អរូបីយ, ទេសចរណ៍កែច្នៃ និងទេសចរណ៍ជំនួញជាដើម។
គួរបញ្ជាក់ថា វិស័យទេសចរណ៍ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជា «មាសបៃតង» និងជាផ្នែកមួយដ៏សំខាន់សម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ច ក្នុងចំណោមវិស័យ ដែលជាសរសរស្តម្ភទាំងបួននាពេលបច្ចុប្បន្ន ហើយវិស័យនេះ អាចស្រូបយកចំណូលពីទេសចរណ៍បរទេសដល់ទៅ ៥ពាន់លានដុល្លារកាលពីឆ្នាំ ២០១៩៕ដោយ៖CEN