ប្រទេសម៉ាឡេស៊ី ៖ សេចក្តីប្រកាសព័ត៌មាន ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា ស្ដីពី លទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី២ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានមានប្រសាសន៍ថា ថ្ងៃនេះ ខ្ញុំមានកិត្តិយសយ៉ាងក្រៃលែង ដើម្បីជម្រាបជូនបងប្អូនទាំងអស់គ្នាអំពីលទ្ធផលនៃកិច្ចប្រជុំពិសេស លើកទី២ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដែលមាន និងឯកឧត្តម នាយឧត្ដមសេនីយ៍ Nattaphon Narkphanit រដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រថ ជាសហប្រធាន និងក្រោមការសង្កេតការណ៍ដោយតំណាងប្រទេសម៉ាឡេស៊ី តំណាងសហរដ្ឋអាមេរិក និងក្រុមការងារ អ្នកសង្កេតការណ៍អន្តរកាល (IOT) ប្រចាំនៅប្រទេសកម្ពុជា និងថៃ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ភាគីមិត្តម៉ាឡេស៊ី និងអាមេរិកដែលបានសម្របសម្រួលឱ្យមានកិច្ចប្រជុំដែលទទួលបាននូវលទ្ធផលជាផ្លែផ្កានាថ្ងៃនេះ។
យើងបានជួបប្រជុំគ្នានៅថ្ងៃនេះ គឺជាការផ្តើមចេញពីកិច្ចប្រជុំពិសេសរវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទី នៃព្រះរាជាណាចក្រថៃ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដោយប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ និងសហការរៀបចំ ដោយសហរដ្ឋអាមេរិក ព្រមទាំងមានការចូលរួមយ៉ាងសកម្មពីសាធារណរដ្ឋប្រជាមានិតចិន និងដើម្បីពិនិត្យតាមដាន លទ្ធផលជាវិជ្ជមាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅទីក្រុងគូឡាឡាំពួរ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ និងកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅខេត្តកោះកុង នៅ – ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីសម្រេចបាននូវឯកសារសំខាន់ជាច្រើនដែលជាធាតុចូល សំដៅពង្រឹងកិច្ចសហ ប្រតិបត្តិការជាក់ស្តែង លើកកម្ពស់សន្តិភាព ស្ថិរភាពរវាងប្រទេសទាំងពីរ និងវិលត្រលប់ឆាប់រហ័សទៅរកប្រក្រតីភាព ឡើងវិញ។
ចាប់ពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ រហូតមកដល់ថ្ងៃនេះ ក្រុមការងារលេខាធិការដ្ឋានរបស់យើងទាំងពីរបាន ជួបប្រជុំគ្នា នៅក្នុងទីក្រុងគូឡាឡាំពួរ ក្រោមបរិយាកាសប្រកបដោយភាពជិតស្និទ្ធ និងការស្ថាបនា ដើម្បីត្រៀមសម្រាប់ កិច្ចប្រជុំពិសេសលើកទី២នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ។
ភាគីទាំងពីរបានសម្រេចឯកភាពគ្នាលើយន្តការសំខាន់ៗមួយចំនួន ដើម្បីកាត់បន្ថយភាពតានតឹងផ្នែកយោធា
តាមរយៈ ការកសាងពង្រាងដំបូងនៃឯកសារផែនការសកម្មភាពការងារសម្រួលអាវុធធុនធ្ងន់ដែលមានសមត្ថភាពបំផ្លាញ ខ្លាំង និងយុទ្ធោបករណ៍ឱ្យត្រលប់ទៅមូលដ្ឋានដើមវិញ ដោយការអនុវត្តផែនការនេះនឹងត្រូវធ្វើឡើងក្រោមការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ ឯកសារលក្ខខណ្ឌប្រតិបត្តិ (TOR) ក្នុងការបង្កើតក្រុមអ្នក សង្កេតការណ៍អាស៊ាន (AOT) បានចុះហត្ថលេខារួចរាល់ដោយសហប្រធានGBCនាថ្ងៃនេះ។
ភាគីទាំងពីរបានឯកភាពគា្នទៅលើនិយាមនីតិវិធីប្រតិបត្តិ (SOP) ចំពោះការងារដោះមីនមនុស្សធម៌សំដៅចូល រួមចំណែកដោយផ្ទាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការការពារដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ ព្រមទាំងធានាបាននូវការរក្សាអធិបតេយ្យភាព និងបូរណភាពទឹកដី ដោយឡែកចំពោះតំបន់អាទិភាពនៃការងារដោះមីនមនុស្សធម៌ នេះពុំទាន់មានការឯកភាពគ្នានៅឡើយទេ ដូចនេះភាគីទាំងពីរនឹងបន្តជួបពិភាក្សាគ្នាដើម្បីកំណត់តំបន់អាទិភាពនេះ។
យើងក៏បានឯកភាពគ្នាផងដែរលើផែនការសកម្មភាពនៃកិច្ចសហប្រតិបត្តិការ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទ ល្មើសឆ្លងដែន រួមបញ្ចូលទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Cyber Scam) និងការជួញដូរមនុស្ស រវាងនគបាល ជាតិកម្ពុជា និងនគបាលជាតិថៃ ភាគីទាំងពីរបានបញ្ជាក់សាជាថ្មីពីការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័ន ពាក់ព័ន្ធរបស់ប្រទេសទាំងពីរ ក៏ដូចជាការចែករំលែកព័ត៌មាន ដោយធានាថា បញ្ហាទាំងនេះនឹងត្រូវបានដោះស្រាយ ស្របតាមច្បាប់ជាតិ និងគោលការណ៍មនុស្សធម៌។
ខ្ញុំសូមសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសកម្ពុជា និងថៃ ដែលគ្រោងនឹងចុះ ហត្ថលេខានាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រោមការជួយសម្របសម្រួល ដោយសហរដ្ឋអាមេរិក និងប្រទេសម៉ាឡេស៊ី ក្នុងស្មារតីបង្កើនជំនឿទុកចិត្តនិងភាពជឿជាក់ទៅវិញទៅមក ព្រមទាំងការ ប្តេជ្ញាចិត្តក្នុងការធ្វើឱ្យប្រសើរឡើងនៃទំនាក់ទំនង និងការវិលត្រលប់ទៅរកប្រក្រតីភាពឡើងវិញនៃប្រទេសទាំងពីរ។
សភាពការណ៍នេះក៏នឹងបង្កលក្ខណៈចំពោះការដោះលែងទាហានកម្ពុជាទាំង១៨នាក់ ក្រោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ។
ភាគីទាំងពីរបានព្រមព្រៀងគ្នាថានឹងរៀបចំកិច្ចប្រជុំពិសេសបន្ទាប់ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ក្នុងរយៈពេល ៩០ ថ្ងៃ ឬតាមសេចក្តីត្រូវការចាំបាច់ណាមួយបន្ទាប់ពីកិច្ចប្រជុំនេះ ដោយប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ជាចុងបញ្ចប់ ខ្ញុំសូមបញ្ជាក់ពីការបន្តប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាក្នុងការរក្សា និងលើកកម្ពស់សន្តិភាព
ស្ថិរភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង និងប្រទេសជាមិត្តទាំងអស់៕ រក្សាសិទ្ធដោយ៖សុទ្ធលី









