Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បារាំង​មួយទៀត​ហើយ ប្រកាស​បញ្ឈប់​កិច្ចព្រមព្រៀង​បត្យាប័ន​ជាមួយ​ហុងកុង​

​ប្រទេស​បារាំង​កាលពី​ថ្ងៃ​ចន្ទ បាន​និយាយថា ខ្លួន​បញ្ឈប់​កិច្ចព្រមព្រៀង​ធ្វើ​បត្យាប័ន​ជាមួយនឹង​ទីក្រុង​ហុងកុង ក្រោយពេល​ទីក្រុង​ប៉េកាំង​ចេញ​ច្បាប់​សន្តិសុខ​ជាតិ ដ៏​ចម្រូងចម្រាស់​លើ​ហុងកុង​។​

“​ដោយ​មើលឃើញ​ពី​ការវិវត្ត​ចុងក្រោយ បារាំង​នឹងមិន​ដំណើរការ​នូវ​កិច្ចព្រមព្រៀង ផ្នែក​បត្យាប័ន ដែល​ត្រូវបាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០១៧ រវាង​បារាំង និង​ហុងកុង​ទៀតឡើយ​”​។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្រសួងការបរទេស​បារាំង ថ្លែង​នៅក្នុង​សេចក្តីប្រកាស​។​

​សេចក្តីប្រកាស​ថ្លែង​ទៀតថា ក្រសួងការបរទេស​បារាំង​រិះគន់​យ៉ាងខ្លាំង​ចំពោះ​ច្បាប់​សន្តិសុខ​ថ្មី ដោយបាន​ចោទ​ជា​សំណួរ​ចំពោះ​គោលការណ៍ ‘​ប្រទេសមួយ ប្រព័ន្ធ​ពីរ …​និង​មូលដ្ឋាន​សេរីភាព​ដែលជា​លទ្ធផល​របស់​វា​’​។​

“​ច្បាប់​នោះ​ក៏​ប៉ះពាល់​ដោយផ្ទាល់​លើ​ប្រជាពលរដ្ឋ និង​ពាណិជ្ជកម្ម​របស់​ពួកយើង​”​។​

​ការចេញ​ច្បាប់​សន្តិសុខសម្រាប់​គ្រប់គ្រង​ហុងកុង របស់​ទីក្រុង​ប៉េកាំង រង​ការរិះគន់​ជុំ​ទិស និង​ធ្វើ​ឲ្យ​មាន​ភាព​តានតឹង​រវាង​ចិន និង​ប្រទេស​លោកខាងលិច​។​

​ក្រៅពី​បារាំង មាន​ប្រទេស​ជាច្រើន​ទៀត​ដូចជា ញូ​វ​ហ្សឺ​ឡែ​ន កាណាដា អង់គ្លេស អូស្ត្រាលី និង​អាឡឺម៉ង់​ជាដើម​បានប្រកាស​ផ្អាក​កិច្ចព្រមព្រៀង ធ្វើ​បត្យាប័ន​ជាមួយនឹង​ហុងកុង ដោយសារតែ​ពួកគេ​មិន​ទុកចិត្ត​ថា ប្រព័ន្ធយុត្តិធម៌​របស់​ហុងកុង​មាន​ឯករាជ្យ​ទៀតឡើយ​។​

​ទីក្រុង​ហុងកុង ត្រូវបាន​អង់គ្លេស​ប្រគល់​ទៅ​ឲ្យ​ចិន​វិញ កាលពី​ថ្ងៃទី ១ ខែកក្កដា ឆ្នាំ ១៩៩៧ ក្រោម​កិច្ចព្រមព្រៀង​មួយ ដែល​ផ្តល់​សេរីភាព និង​ស្វ័យភាព​កម្រិត​ខ្ពស់​ដល់ទី​ក្រុង​ហុងកុង​រយៈពេល ៥០​ឆ្នាំ​។ ហុងកុង​ជា​ផ្នែក​មួយ​របស់​ចិន ប៉ុន្តែ​ហុងកុង​មាន​ប្រព័ន្ធ​ដឹកនាំ​ដោយឡែក​ពី​ចិន​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ AFP


×