សៀមរាប ៖ កម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី ចុះទៅចំណុចផ្ទះសំណាក់ PACKGODA HOSTEL ស្ថិតនៅភូមិ ស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប នាវេលាម៉ោង១៥និង០០នាទីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ ដើម្បីនាំខ្លួនជនបរទេសម្នាក់មកសាកសួរនៅការិយាល័យពាក់ព័ន្ធនឹងករណីស្នាក់នៅខុសច្បាប់ ដោយសារតែជនបរទេសម្នាក់នេះ ស្នាក់នៅខុសច្បាប់ (ស្នាក់នៅហួសរយៈពេលកំណត់៧០ថ្ងៃ) និងមិនបានបន្តសុពលភាពទិដ្ឋាការដោយសារពុំមានថវិកាបង់អាករ ហើយក៏ពុំមានថវិកាសម្រាប់ចំណាយលើការស្នាក់នៅហូបចុកប្រចាំថ្ងៃដែរ គឺនៅជំពាក់លុយផ្ទះសំណាក់ចំនួន៤០០ដុល្លារ ។
ជនបរទេសរូបនេះឈ្មោះ MALIN JESPER WILLIAM ភេទប្រុស កើតថ្ងៃទី២៤-០៨-១៩៨០ ជនជាតិហ្វាំងឡង់ កាន់លិខិតឆ្លងដែនលេខ FP៣៣៤៤៤៦៧ មុខរបរគ្មាន ស្នាក់នៅផ្ទះសំណាក់ខាងលើ ហើយបានចូលមកព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី២៦-១០-២០១៩ តាមច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ដើម្បីស្វែងរកការងារធ្វើ ទិដ្ឋាការស្នាក់នៅបានផុតសុពលភាពតាំងពីថ្ងៃទី ២៦-០៥-២០២០ រហូតដល់សព្វថ្ងៃ។ មូលហេតុ គឺមិនបានបន្តសុពលភាពទិដ្ឋាការដោយសារពុំមានថវិកាបង់អាករ ហើយក៏ពុំមានថវិកាសម្រាប់ចំណាយលើការស្នាក់នៅហូបចុកប្រចាំដែរ(នៅជំពាក់លុយផ្ទះសំណាក់ចំនួន៤០០ដុល្លារ)។
បច្ចុប្បន្ន សមត្ថកិច្ចបានចាប់បញ្ជូនជនបរទេសម្នាក់នោះ ទៅស្នាក់ការត្រៀមបណ្តេញចេញប្រចាំខេត្តសៀមរាប ចាត់ការបន្តតាមនីតិវិធី ៕
ដោយ៖បញ្ញាស័ក្តិ