ភ្នំពេញ៖ ក្រុមហ៊ុនសេវាអ៊ិនធឺណិតលំដាប់ខ្ពស់ EZECOM បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MOU) ជាមួយមជ្ឈមណ្ឌលសម្រាប់ភាពជាអ្នកដឹកនាំ និងអភិវឌ្ឍវិជ្ជាជីវៈ (CLPD) នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
EZECOM ជាក្រុមហ៊ុនមួយដែលតែងតែផ្តល់សារសំខាន់លើការអភិវឌ្ឍធនធានមនុស្សរបស់ខ្លួន តាមរយៈការបណ្តុះបណ្តាលជាប្រចាំទាំងក្នុង និងក្រៅកន្លែងការងារ។
ការចុះអនុស្សរណៈនៃការយោគយល់ជាមួយសាកលវិទ្យាល័យ AUPP ថ្ងៃនេះ នឹងជួយក្រុមហ៊ុន EZECOM ពង្រឹងការបណ្តុះបណ្តាលបុគ្គលិករបស់ខ្លួនអោយកាន់តែល្អប្រសើរបន្ថែមទៀត ដោយប្រើប្រាស់វគ្គសិក្សា និងដំណោះស្រាយអភិវឌ្ឍធនធានមនុស្សរបស់មជ្ឈមណ្ឌល CLPD ។
លោកស្រី Lee Yuni អគ្គនាយិកាប្រតិបត្តិក្រុមហ៊ុន EZECOM បានមានប្រសាសន៍ថា ការចុះអនុស្សរណៈនៃការយោគយល់ថ្ងៃនេះ នឹងបើកអោយមានឱកាសសហការកាន់តែជិតស្និទ្ធរវាងក្រុមហ៊ុន EZECOM និងមជ្ឈមណ្ឌល CLPD ក្នុងកិច្ចការអប់រំ បណ្តុះបណ្តាលបុគ្គលិក និងការអភិវឌ្ឍភាពជាអ្នកដឹកនាំ។ មជ្ឈមណ្ឌល CLPD ជាមជ្ឈមណ្ឌលអប់រំស្តង់ដារអន្តរជាតិមួយ ហើយខ្ញុំពិតជារីករាយចំពោះកិច្ចសហការនេះ។
លោកស្រីបានបន្ថែមទៀតថា “សេវាកម្មអ៊ិនធឺណិតប្រកបដោយគុណភាព និងការការពារខ្ពស់ ពិតជាមានសារសំខាន់ណាស់សម្រាប់គ្រឹះស្ថានអប់រំឈានមុខ ដូចជាសាកលវិទ្យាល័យ AUPP ។
ជាមួយសេវាអ៊ិនធឺណិតល្បឿនលឿនរបស់ EZECOM សាកលវិទ្យាល័យអាចពង្រីកសក្តានុពលរបស់ខ្លួន និងផ្តល់កម្មវិធីសិក្សាទៅអោយដល់មនុស្សកាន់តែច្រើននៅក្រៅថ្នាក់រៀន តាមរយៈប្រព័ន្ធអ៊ិនធឺណិត។”
លោកបណ្ឌិត Alan Wark នាយកប្រតិបត្តិមជ្ឈមណ្ឌល CLPD ក៏បានសម្តែងក្តីសោមនស្សរីករាយដូចគ្នា ចំពោះកិច្ចសហការនេះ។
លោកបានមានប្រសាសន៍ថា៖ “ភាពជាដៃគូរវាងសាកលវិទ្យាល័យ AUPP និងក្រុមហ៊ុន EZECOM គឺជាឱកាសសម្រាប់ភាគីទាំងសងខាងទទួលបានអត្ថប្រយោជន៍ទៅវិញទៅមក និងជួយអោយក្រុមហ៊ុនដ៏អស្ចារ្យនេះ ពង្រឹងឯកទេសរបស់ខ្លួនអោយកាន់តែរឹងមាំបន្ថែមទៀត។ នៅពេលអនាគត មជ្ឈមណ្ឌល CLPD និងសាកលវិទ្យាល័យ AUPP រំពឹងថានឹងរៀបចំគំនិតផ្តួចផ្តើមសម្រាប់ការបណ្តុះបណ្តាល និងការអភិវឌ្ឍបច្ចេកវិទ្យាជាច្រើន ក្រោមកិច្ចសហការជាមួយនឹងក្រុមហ៊ុន EZECOM។”
គួរបញ្ជាក់ផងដែរថា តាមរយៈអនុស្សរណៈនៃការយោគយល់នេះ មានវេទិកាជាច្រើនដែលភាគីទាំងសងខាងអាចសហការគ្នា ដូចជាការបណ្តុះបណ្តាល ឱកាសអាហារូបករណ៍ ការធ្វើកម្មសិក្សា និងសកម្មភាពពាក់ព័ន្ធដទៃទៀត ដែលនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់បុគ្គលិកក្រុមហ៊ុន EZECOM ក៏ដូចជាសិស្ស-និស្សិតនៃសាកលវិទ្យាល័យ AUPP ។
បន្ថែមពីនេះទៀត ការសហការនេះក៏ផ្តល់ជូនការបញ្ចុះតំលៃពិសេស ២០% សម្រាប់បុគ្គលិកក្រុមហ៊ុន EZECOM និងបុត្រធីតារបស់ពួកគេ នៅពេលចុះឈ្មោះចូលរៀនវគ្គសិក្សាណាមួយនៅសាកលវិទ្យាល័យ AUPP ៕ដោយ៖CEN