ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាទូទាំងពិភពលោក បានកើនលើសចំនួន ៧០០.០០០នាក់ហើយ គិតត្រឹមថ្ងៃទី ៥ ខែសីហានេះ ដោយអាមេរិចជាប្រទេសមានអ្នកស្លាប់ច្រើនជាងគេបំផុត និងតាមពីក្រោយដោយ ប្រទេសប្រេស៊ីល ឥណ្ឌា និងម៉ិចស៊ិចកូ។ នេះបើតាមតួលេខបូកសរុបរបស់ Reuters។
ជាមធ្យម មនុស្សជិត ៥.៩០០នាក់បានស្លាប់ដោយសារ COVID-19 ក្នុងរយៈពេលរៀងរាល់ ២៤ម៉ោង ដូច្នេះមានន័យថា មនុស្សចំនួន ២៤៧នាក់ស្លាប់រៀងរាល់មួយម៉ោង ឬម្នាក់ស្លាប់រៀងរាល់ ១៥វិនាទី។
អាមេរិចជាប្រទេសដែលរងគ្រោះខ្លាំងពីការរាតត្បាតរបស់វីរុស ហើយរហូតមកដល់ពេលនេះ ប្រទេសមហាអំណាចមួយនេះមានអ្នកស្លាប់ចំនួន ១៦០.២៩០នាក់ និងឆ្លងជាង ៤,៩លាននាក់ ខណៈដែលប្រេស៊ីល មានអ្នកស្លាប់ជាង ៩៦.០០០នាក់ និងឆ្លងជាង ២,៨លាននាក់។
ម៉ិចស៊ិចកូមានអ្នកស្លាប់សរុបជាង ៤៨.០០០ និងអ្នកឆ្លងសរុបជិត ៥០០.០០សែននាក់ ចំនែកឥណ្ឌាមានអ្នកស្លាប់ជិត ៤០.០០០នាក់ និងឆ្លងជាង ១,៩លាននាក់។
សូមបញ្ជាក់ថា វីរុសកូរ៉ូណា បានផ្ទុះចេញដំបូងពីទីក្រុងវូហាន ប្រទេសចិន កាលពីចុងឆ្នាំ ២០១៩ និងបានរាតត្បាតយ៉ាងលឿនទៅជុំវិញពិភពលោក។ វ៉ាក់សាំងប្រឆាំងវីរុសដ៏កាចសាហាវនេះ ត្រូវគេរំពឹងថានឹងផលិតបាននៅដើមឆ្នាំ ២០២១៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Reuters