Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន បានដាក់​បញ្ជា​ឲ្យ​កម្លាំង​នគរបាល រឹតបន្ដឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍ ក្នុង​រាជធានី​ភ្នំពេញ នៅពេល​យប់ ដើម្បី​ឃាត់​អ្នកបើកបរ​នៅក្នុង​ស្ថានភាព​ស្រវឹង​

​ភ្នំពេញ​៖ ខណៈ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅពេល​យប់​ក្នុង​រាជធានី​ភ្នំពេញ ភាគច្រើន​បង្ក​ឡើយ​ដោយ​អ្នកបើក​បរមាន​ជាតិ​ស្រវឹង នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន បានដាក់​បញ្ជា​ឲ្យ​កម្លាំង​នគរបាល ត្រូវ​រឹតបន្ដឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​គ្រប់​ខណ្ឌ​ទាំង​១៤ ក្នុង​រាជធានី​ភ្នំពេញ នៅពេល​យប់ ដើម្បី​ឃាត់​អ្នកបើកបរ​នៅក្នុង​ស្ថានភាព​ស្រវឹង ក្នុងពេលដែល​ក្នុង​ខែកក្កដា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ កើតឡើង​សរុប​២៥៧​លើក (​យប់​៥៦%) បណ្តាល​ឲ្យ​ស្លាប់​១៤៧​នាក់ និង​របួស​៣៥២​នាក់ ក្នុងនោះ​ករណី​មូលហេតុ​បើកបរ​រងគ្រោះថ្នាក់​ដោយ​ជាតិ​ស្រវឹង​ចំនួន ៦%​។​

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការ​រង​រន​គ​របាល​ជាតិ នៅ​ព្រឹក​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២០​នេះ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល នៃ​ការ​រឹតបន្តឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ខែកក្កដា​។​

​កិច្ចប្រជុំ​ប្រារព្ធ​ធ្វើឡើង​នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដោយមាន​ការចូលរួម​ពី ប្រធាន អនុប្រធាននាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នាយការិយាល័យ​ចំណុះ​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ ស្នងការរង​ទទួល​ផែន​ចរាចរណ៍ ទាំង​២៥ រាជធានី ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​។​

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន អគ្គ​ស្នងការរង​នគរបាលជាតិ បាន​មានប្រសាសន៍​ដាក់​បញ្ជា​ឲ្យ​កម្លាំង​នគរបាល ត្រូវ​រឹតបន្ដឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​គ្រប់​ខណ្ឌ​ទាំង​១៤ ក្នុង​រាជធានី​ភ្នំពេញ នៅ​ពេលយប់​ដើម្បី​ឃាត់​អ្នកបើកបរ​នៅក្នុង​ស្ថានភាព​ស្រវឹង​។ ឯកឧត្តម បន្ថែមថា គ្រោះថ្នាក់​ចរាចរណ៍​នៅពេល​យប់​ក្នុង​រាជធានី​ភ្នំពេញ ភាគច្រើន​បង្ក​ឡើយ​ដោយ​អ្នកបើក​បរមាន​ជាតិ​ស្រវឹង ហើយ​ការអនុវត្ត​កន្លងទៅ​ធ្វើបាន​ល្អ​ហើយ ប៉ុន្ដែ​ទាមទារ​ឲ្យ​មានការ​ពង្រឹង និង​រឹង​បន្ដឹង​បន្ថែមទៀត ធ្វើយ៉ាងណា​ឲ្យ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ កាន់តែ​ថយចុះ ខណៈ​បច្ចុប្បន្ន​អ្នកស្លាប់​ចន្លោះ​ពី ២​នាក់ ទៅ​៣​នាក់ ក្នុង​មួយ​យប់​។​

​ជាមួយគ្នានេះ ឯកឧត្តម​អគ្គ​ស្នងការរង ក៏បាន​ទទួលស្គាល់​នូវ​ការលំបាក និង​ភាព​នឿយហត់​របស់​កងកម្លាំង​ផងដែរ ព្រោះ​ណាមួយ​ត្រូវអនុវត្ត​ច្បាប់​ចរាចរណ៍ ហើយ​ណាមួយ​ទៀត ត្រូវការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ និង​ដំណើរ​របស់​ថ្នាក់ដឹកនាំ​ដែល​ត្រូវ​ឆ្លងកាត់​គោលដៅ​របស់ខ្លួន​។​

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន បាន​ណែនាំ​ក្រុមការងារ​ប្រតិកម្ម​រហ័ស របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ត្រូវ​ឆ្លើយតប​ឲ្យ​បាន​រហ័ស​ទាន់ពេលវេលា ពាក់ព័ន្ធ​ការងារ​ចរាចរណ៍ ដែល​បាន​បង្ហោះ និង​ចែកចាយ​នៅលើ​បណ្ដាញ​សង្គម​។​

​យោងតាម​របាយការណ៍ របស់​នាយកដ្ឋាន​នគ​របាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ បាន​ឲ្យ​ដឹងថា ក្នុង​ខែកក្កដា ឆ្នាំ​២០២០​នេះ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​សរុប​២៥៧​លើក (​យប់​៥៦%) បណ្តាល​ឲ្យ​ស្លាប់​១៤៧​នាក់ និង​របួស​៣៥២​នាក់ (​ធ្ងន់​២១៩​នាក់​)​។​
​មូលហេតុ​បង្ក​គ្រោះថ្នាក់​រួមមាន​៖ បើកបរ​លើស​ល្បឿន​៣៦% មិន​គោរព​សិទ្ធិ​២៤% មិន​ប្រកាន់​ស្តាំ​១៤% វ៉ា​ជែង​១១% បត់​៧% ស្រវឹង​៦% កក្តា​យាន​២%​។ ក្នុងចំណោម​អ្នកស្លាប់​ជា​អ្នកជិះ​ម៉ូតូ​ចំនួន​៨៣% (១២២​នាក់​) មាន​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ចំនួន​៧០% (៨៥​នាក់​)​។ គ្រោះថ្នាក់​នៅ​រាជធានី​ភ្នំពេញ ៧១​លើក ខេត្ត​ព្រះសីហនុ​១៦​លើក និង​ខេត្តកណ្តាល ១៥​លើក​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

 

×