បន្ទាយមានជ័យ ៖ សពស្ត្រីរងគ្រោះឈ្មោះ ម៉ៅ ស្រីពៅ ដែលបានស្លាប់ក្នុងហេតុការណ៍បាញ់ប្រហារ នៅក្នុងកាស៊ីណូមួយកន្លែង នៅក្នុងទីក្រុងបាងកក ប្រទេសថៃ ត្រូវបានបញ្ជូនមកមាតុប្រទេសវិញ កាលពីវេលាម៉ោងប្រហែលជិត ៨ យប់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ និងត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យទៅតាមប្រពៃណីព្រះពុទ្ធសាសនា។ នេះបើតាមប្តីរបស់ស្ត្រីរងគ្រោះដែលមានគណនីហ្វេសប៊ុកឈ្មោះ Seyha Sangtana បានបង្ហោះឲ្យដឹង។
គួររម្លឹកផងដែរថា កាលពីយប់ថ្ងៃទី៣ ខែសីហា រ្តីខ្មែរម្នាក់ឈ្មោះ ម៉ៅ ស្រីពៅ អាយុ ២៩ ឆ្នាំ បម្រើការងារជាអ្នកចែកបៀរនៅទីនោះ រស់នៅភូមិក្បាលស្ពាន១សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានស្លាប់អង្គុយនៅលើតុយ៉ាងអាណោចអាធ័ម នៅក្នុងហេតុការណ៍បាញ់ប្រហារដ៏សាហាវមួយ នៅកន្លែងបនល្បែងមួយកន្លែង នៅតុលេងល្បែងជាន់ក្រោមដី (រាមមាទី៣) នៃអគារកម្ពស់៤ជាន់ ស្ថិតតាមបណ្តោយនៅផ្លូវ(ផារ៉ាម៣) ក្នុងប្រទេសថៃ។ ករណីនេះបណ្តាលឲ្យមនុស្ស ៤ នាក់ ស្លាប់ (ស្រី២ ប្រុស២) ហើយក្នុងនោះ ត្រូវបានដឹងមានប៉ូលីសម្នាក់ស្លាប់ និងស្ត្រីខ្មែរម្នាក់ឈ្មោះ ម៉ៅ ស្រីពៅ ជាអ្នកចែកបៀរ (ស្លាប់អង្គុយនៅលើកៅអី)។
ទោះយ៉ាងណា រហូតមកទល់ពេលនេះ គេនៅមិនទាន់រកឃើញថាជនល្មើសជាអ្នកណាឡើយទេ ខណៈគេជឿថាបានរត់គេចខ្លួនបាត់ទៅហើយ។ រីឯចំពោះហេតុផលនៃបទឧក្រិដ្ឋនេះ គេក៏បានគេសន្និដ្ឋានថា អាចបណ្តាលមកពីរឿងបំណុល ឬបញ្ហាផ្ទាល់ខ្លួនណាមួយ ខណៈដែលបុរសជនជាតិចិនម្នាក់ ប្រដាប់ដោយកាំភ្លើង ត្រូវបានរបាយការណ៍ជាច្រើនបានលើកឡើងថា បានជាប់ពាក់ព័ន្ធក្នុងអំពើបាញ់ប្រហារនេះ៕ ដោយ៖ លឹមហុង