ភ្នំពេញ៖ នាយកដ្ឋានព័ត៌មានវិទ្យា បានឲ្យដឹងថា ក្រុមការងារបច្ចេកទេស នៃនាយកដ្ឋានព័ត៌មានវិទ្យាទើប បានទទួលសេចក្តីរាយការណ៍ជាច្រើនករណី ស្តីពីសារជូនដំណឹងពីទំព័រហ្វេសប៊ុកក្លែងក្លាយឈ្មោះថា “Faoebook PageVerified Faoebook Corporation Network និង Faoebook Social Media” ដែលបន្លំលួចព័ត៌មានគណនីហ្វេសបុក (អ៊ីម៉ែល លេខទូរស័ព្ទ និងលេខសម្ងាត់) របស់អ្នកគ្រប់គ្រងទំព័រហ្វេសបុក ដោយប្រើប្រាស់វិធីសាស្ត្រមួយចំនួន ដូចខាងក្រោម៖
– ទំព័រហ្វេសប៊ុកក្លែងក្លាយ “Faoebook PageVerified Faoebook Corporation Network និង Faoebook Social Media” បានបន្លំខ្លួនមកបានសរសេរថា “ទំព័ររបស់អ្នកត្រូវបានរាយការណ៍ដោយអ្នកផ្សេងអំពីការភូតកុហក ឬការបន្លំដើម្បីការពារបញ្ហានេះ យើងចាំបាច់ត្រូវផ្ទៀងផ្ទាត់គណនីរបស់អ្នក” រួច Mention ឈ្មោះទំព័រហ្វេសបុកជនរងគ្រោះដើម្បីទាក់ទាញអ្នកគ្រប់គ្រងផេកចុចចូលមើលការណែនាំ។
– ក្នុងខ្លឹមសារឆបោក បានដាក់តំណភ្ជាប់ (bit.do/recovery-page-verification) ទៅកាន់គេហទំព័រក្លែងក្លាយបន្លំលួចព័ត៌មាន និងលេខសម្ងាត់ទំព័រហ្វេសបុករបស់ជនរងគ្រោះ។
– បន្ទាប់ពីបន្លំលួចយកលេខសម្ងាត់គណនីហ្វេសប៊ុករបស់ជនរងគ្រោះ ពួកគេនឹង Login ចូលគណនីនោះ និងប្រព្រឹត្តិអំពើល្មើសច្បាប់ផ្សេងៗ តួយ៉ាងលួចកាន់កាប់គណនី ឬទំព័រហ្វេសបុកជនរងគ្រោះ (Facebook Account or Page Hijacking) ជាដើម។
ក្រុមការងានាយកដ្ឋានព័ត៌មានវិទ្យា សូមក្រើនរំលឹកកុំធ្វើតាមតាមការណែនាំឲ្យសោះ រួចនាំគ្នាជួយធ្វើការ Report ទំព័រហ្វេសប៊ុកនោះជាការស្រេច។ ចំពោះបងប្អូនម្ចាស់ទំព័រហ្វេសបុក ដែលបានចាញ់ការឆបោក បានផ្តល់ព័ត៌មានលេខសម្ងាត់ និងកំពុងបាត់បង់គណនី ឬទំព័រហ្វេសប៊ុក សូមធ្វើការសហការផ្តល់ព័ត៌មាន និងដាក់ពាក្យបណ្តឹងមកកាន់នាយកដ្ឋានព័ត៌មានវិទ្យា៕
ដោយ៖បញ្ញាស័ក្តិ