ខេត្តត្បូងឃ្មុំ ៖ នេះជាហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏មហារន្ធត់បំផុតមួយ ដែលរថយន្តធុនយក្ស១គ្រឿងត្រូវបានដឹងថាដាច់ហ្វ្រាំងបណ្តាលឲ្យបុករះរថយន្តធុនតូចចំនួន៥គ្រឿង និងម៉ូតូ២គ្រឿង ដែលឃើញហើយពិតជាស្លុតរន្ធត់ខ្លាំងបំផុត។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏ញាក់សាច់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោងជាង៣រសៀល ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅលើផ្លូវជាតិលេខ៧ ត្រង់ចំណុចភូមិទួលអង្គ្រង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
រថយន្តចំនួន ៤ គ្រឿង បានរងការខូចខាតយ៉ាងដំណំ និង១គ្រឿងទៀត ត្រូវបានកិនពីលើខ្ទេចទាំងស្រុងតែម្តង។ ចំណែកម៉ូតូ២គ្រឿងទៀត ក៏រងការខូចខ្ទេចដូចគ្នាផងដែរ។
ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបង្ក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកពញាក្រែក ដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់។
ទោះជាយ៉ាងណា នេះចាត់ទុកជាគ្រោះថ្នាក់ដ៏សំណាងហើយ ដែលពុំមានមាននរណាម្នាក់រងរបួស នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវមួយនេះ៕ ដោយ៖ លឹម ហុង