Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាហារូបករណ៍​១០០​កន្លែង តម្លៃ​២០​ម៉ឺន​ដុល្លារ សាលា ACE ផ្តល់​ដល់​សិស្ស​ដែល​ប្រឡង​ជាប់​និទ្ទេស A ឬ B ក្នុង​ឆ្នាំ​២០១៧

spot_img

ភ្នំពេញ ៖ មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការបណ្តុះបណ្តាល (ACE) នឹង​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា លើ​កម្មវិធី ACE Inspiring Excellence Scholarships ក្នុងការ​ផ្តល់​អាហារូបករណ៍​ចំនួន ១០០​កន្លែង ទៅដល់​សិស្សានុសិស្ស ដែល​ទើប​ប្រឡង​ជាប់​ថ្នាក់មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៧ កន្លងទៅនេះ និង​ទទួលបាន​និទ្ទេស A ឬ B ដើម្បី​សិក្សា​ភាសា​អង់គ្លេស រយៈពេល​មួយឆ្នាំ​នៅ​សាលា ACE​។

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការបណ្តុះបណ្តាល (ACE) កាលពី​ព្រហស្បតិ៍ ទី​១២ ខែតុលា ឆ្នាំ​២០១៧ បាន​បង្ហាញថា កម្មវិធី​ផ្តល់​អាហារូបករណ៍​នេះ នឹង​ធ្វើឡើង​សម្រាប់​រយៈពេល​ពីរ​ឆ្នាំ គឺ ២០១៧ និង​២០១៨ ហើយ​គិត​ជា​ទឹកប្រាក់​សរុប​មាន​ចំនួន ២០ ម៉ឺន​ដុល្លារ​អាមេរិក សម្រាប់​រៀន​ភាសា​អង់គ្លេស​ក្រៅ​ម៉ោង​នៅ​សាលា ACE​។​
​កម្មវិធី​អាហារូបករណ៍​នេះ​ត្រូវបាន​បង្កើតឡើង​ដោយ​សាលា ACE ដែលជា​ផ្នែក​មួយ​នៃ​កម្មវិធី​ជួយ​សង្គម (CSR) ព្រមទាំង​ស្របទៅតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​បង្កើន​នូវ​គុណភាព​អប់រំ​តាមរយៈ​កម្មវិធី​កំណែទម្រង់​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។​

​លោក ម៉ៅ ស្រេង នាយក IDP Education ប្រចាំ​ប្រទេស​កម្ពុជា​បាន​មានប្រសាសន៍ថា​៖ “​កម្មវិធី​អាហារូបករណ៍ ACE Inspiring Excellence Scholarships នេះ​នឹង​ជួយ​ដល់​សិស្សានុសិស្ស​ទើប​បញ្ចប់​ថ្នាក់មធ្យមសិក្សា​ទុតិយភូមិ​នៅ​កម្ពុជា ដែលមាន​សមត្ថភាព​ខ្ពស់​ដោយ​ផ្តល់​ឲ្យ​ពួកគេ​នូវ​ជំនាញ​ភាសា​អង់គ្លេស​កាន់តែ​ប្រសើរឡើង ដើម្បី​ជា​ទុន​សម្រាប់​បន្ត​ការសិក្សា​នៅ​ថ្នាក់​ឧ​ត្ត​ម​នៅក្នុង​ប្រទេស ឬ ក្រៅប្រទេស​”​។ លោក​បាន​បន្តថា​៖ “​ជាមួយ​កម្រិតស្តង់ដារ​នៃ​ភាសា​អង់គ្លេស សិស្សានុសិស្ស​ទាំងអស់នេះ នឹងមាន​ឱកាស​ខ្ពស់​ក្នុងការ​ទទួលបាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​បរទេស​ជាពិសេស​ប្រទេស​ដែល​និយាយ​ភាសា​អង់គ្លេស៍​។
​ពាក្យសុំ​ទទួលយក​អាហារូបករណ៍ ACE Inspiring Excellence Scholarships នេះ​នឹង​បើក​ចាប់ពី​ចុងខែ​តុលា ហើយ​គណៈកម្មការ​រប​ស់ IDP នឹងធ្វើ​ការពិនិត្យ​ទៅលើ​ពាក្យសុំ​អាហារូបករណ៍ ដោយ​ផ្អែកលើ​លក្ខខណ្ឌ​មួយចំនួន បន្ថែម​ពីលើ​កម្រិត​ភាសា​អង់គ្លេស​របស់​ពួកគេ និង​ធ្វើតេស្ត​សមត្ថភាព ហើយ​លទ្ធផល​នឹង​ប្រកាស​នៅ​ខែធ្នូ ឆ្នាំ​២០១៧​។​

​អ្នក​ដែល​ទទួលបាន​អាហារូបករណ៍​នេះ​ទាំង​១០០​នាក់ នឹង​ចាប់ផ្តើម​ឲ្យ​ចូលរៀន​វគ្គ​ភាសា​អង់គ្លេស​ក្រៅ​ម៉ោង​នៅ​សាលា ACE នៅ​ដើមខែ​មករា ឆ្នាំ​២០១៨ ព្រមទាំង​ទទួលបាន​ឱកាស​ចូលរួម​នៅក្នុង​សកម្មភាព​ផ្សេងៗ​របស់​សាលា​ក្រៅពី​ការសិក្សា​ផងដែរ​។​

​គួរ​បញ្ជាក់ដែរថា​ក្រោម​គំនិត​ផ្តួចផ្តើម​របស់ IDP Education សាលា ACE ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ ១៩៩២ ហើយ​បច្ចុប្បន្ន​ជា​សាលា​ឈានមុខ​គេ​នៅ​កម្ពុជា​ក្នុងការ​បណ្ដុះបណ្ដាល​ភាសា​អង់គ្លេស ដែលមាន​កម្មវិធីសិក្សា​គ្រប់​កម្រិត រូ​ម​មាន​ភាសា​អង់គ្លេស​សម្រាប់​កុមារ ចាប់ពី​អាយុ​៨​ឆ្នាំ ដល់​១៥​ឆ្នាំ ភាសា​អង់គ្លេស​ទូទៅ និង​ភាសា​អង់គ្លេស​សម្រាប់​ការសិក្សា​នៅ​បរទេស និង​កម្មវិធី​សម្រាប់​អ្នកជំនួញ និង​វគ្គ​ត្រៀមប្រឡង​តេស្ត IELTS ៕​ ដោយ​៖​កូ​ឡាប​

spot_img
×