ខេត្តកណ្តាល៖ ក្នុងដំណើរចុះពិនិត្យ ផលិតកម្មកសិកម្ម អំពីការចិញ្ចឹមមាន់ ការដាំបន្លែសុវត្ថិភាព និងការចិញ្ចឹមត្រី នៅស្រុកពញាឮ កាលពីពេលថ្មីៗនេះ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល បានជំរុញ និងលើកទឹកចិត្តដល់ កសិករ ត្រូវបង្កបង្កើនផលបន្ថែមទៀត ដើម្បីបង្កើនសេដ្ឋកិច្ច ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងកាត់បន្ថយការនាំចូលពីប្រទេសជិតខាង។
អភិបាលរងខេត្តកណ្តាល និងក្រុមការងារ បានយល់ស្របអោយបង្កើតស្តង់សម្រាប់លក់មាន់ស្រែ ដែលបណ្តុំអាជីវកម្មចិញ្ចឹមមាន់ផលិតបាន នៅរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ ជាមួយនិងការយល់ព្រមពីអាជ្ញាធរស្រុក ក្នុងផ្តល់ម៉ាស៊ីនវៃចំណីចំនួន ៨គ្រឿង តាមសំណូមពរ ដោយបណ្តុំអាជីវកម្មត្រូវចូលរួមបដិភាគ ចំនួន ១០០ដុល្លារក្នុងមួយគ្រឿង។
ប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ខេត្តកណ្ដាល លោក ប៊ុនទួន ស៊ីមូណា បានឱ្យដឹងថា នៅក្នុងស្រុកពញាឮ មានបណ្តុំអាជីវកម្មចិញ្ចឹមមាន់ស្រែចំនួន៨ បង្កើតជាបណ្តាញអាជីវកម្មចិញ្ចឹមមាន់ស្រែចំនួន១ មានសមាជិកចំនួន ២៤៨គ្រួសារ និងមានកិច្ចសន្យាទិញលក់ត្រឹមត្រូវ។
ក្រៅពីការចិញ្ចឹមមាន់ស្រែ កសិករនៅស្រុកពញាឮ ក៏មានការចិញ្ចឹមជ្រូក និងត្រីផងដែរ។ ជាក់ស្តែង កសិដ្ឋានចិញ្ចឹមត្រីមួយកន្លែងកំពុងចិញ្ចឹមត្រីប្រមាណ ៦០ម៉ឺនក្បាល និងអាចប្រមូលផលបាន ប្រមាណ៩០០តោន ក្នុងមួយឆ្នាំ។ ការចិញ្ចឹមត្រីនេះ អាចរកប្រាក់ចំណេញបានប្រមាណ ១៥០.០០០ដុល្លារ ក្នុងមួយឆ្នាំ។
សូមជម្រាបថា បន្ថែមលើសពីនេះ អភិបាលរងខេត្តកណ្តាល ក៏បានជំរុញឱ្យកសិករ បន្តខិតខំបង្កើនការផលិតបន្លែសុវត្ថិភាពផងដែរ ព្រោះតែតម្រូវការបន្លែសុវត្ថិភាពមានចំនួនច្រើន ស្របពេលដែលប្រជាជនទូទៅ បាននឹងកំពុងងាកមកបរិភោគបន្លែសុវត្ថិភាព ដើម្បីសុខភាពល្អ ធ្វើឱ្យបន្លែសុវត្ថិភាពមានតម្លៃសមរម្យ ដែលនេះជាឱកាសដ៏ល្អរបស់កសិករ អាចបង្កើនប្រាក់ចំណូល ក្នុងវិបត្តិកូវីត-១៩ ស្របតាមអនុសាសន៍របស់សម្តេចតេជោ ដោយយកវិស័យកសិកម្មជាអតិភាព៕
ដោយ៖CEN