ភ្នំពេញ៖ គណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមជាមួយស្ថានទូតអូស្ដ្រាលីប្រចាំកម្ពុជា បានរៀបចំកិច្ចប្រជុំអន្ដរក្រសួងស្ដីពី “ផែនការអភិវឌ្ឍន៍របស់អូស្ដ្រាលីសម្រាប់ឆ្លើយតបនឹងជំងឺកូវីដ-១៩ នៅកម្ពុជា”(Cambodia COVID-19 Development Response Plan 2020-2022) នារសៀល ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។
កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្ដម ឈៀង យ៉ាណារ៉ា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមានការចូលរួមពី លោក Luke Arnold អនុប្រធានបេសកម្មនៃស្ថានទូតអូស្ដ្រាលីប្រចាំកម្ពុជា និងជាប្រធានទទួលបន្ទុកកិច្ចសហប្រតិបត្ដិការអន្ដរជាតិអូស្ដ្រាលី,តំណាងមន្ដ្រីជាន់ខ្ពស់ និងមន្ដ្រីជំនាញប្រមាណ ៥០ រូប មកពីក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន ១៤ របស់រាជរដ្ឋាភិបាល ។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សា និងប្រមូលធាតុចូលពីក្រសួង-ស្ថាប័នពាក់ព័ន្ធលើសេចក្ដីព្រាងផែនការអភិវឌ្ឍន៍របស់អូស្ដ្រាលី សម្រាប់ឆ្លើយតបនឹងជំងឺកូវីដ-១៩ នៅកម្ពុជា ក៏ដូចជាអភិក្រមសម្រាប់អនុវត្ដផែនការនេះ ។
កិច្ចប្រជុំបានដំណើរការដោយរលូន និងផុលផុសក្នុងស្មារតីភាពជាដៃគូ និងទទួលបានលទ្ធផល ប្រកបដោយផ្លែផ្កា ដែលបង្ហាញ ពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។
អង្គប្រជុំបាន ពិភាក្សា និងផ្តល់ធាតុចូល ព្រមទាំងអនុសាសន៍លើសេចក្តីព្រាងផែនការនេះដើម្បីធានាសង្គតិភាពជាមួយនឹង អាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងបរិការណ៍នៃជំងឺកូវីដ-១៩ នេះ ។
អង្គប្រជុំបានធ្វើការវាយតម្លៃខ្ពស់ ចំពោះការកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលអូស្ត្រាលីដែលបានរៀបចំសេចក្តីព្រាងផែនការនេះឡើងសម្រាប់ កម្ពុជា ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូរបស់រដ្ឋាភិបាល អូស្ត្រាលីក្នុងការគាំទ្រការដោះស្រាយវិបត្តិកូវីដ-១៩ ។
ជារួម អង្គប្រជុំក៏បានឯកភាពលើអាទិភាពដែលបាន រំលេចក្នុងសេចក្តីព្រាងផែនការនេះ រួមមាន ការធានាសន្តិសុខផ្នែកសុខាភិបាល , ការរក្សាស្ថិរភាពសង្គម , និងការស្តារសេដ្ឋកិច្ច ។
តាងនាមឲ្យរាជរដ្ឋាភិបាល ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនិងប្រជាជនអូស្ត្រាលី ដែលជានិច្ចកាលតែងតែផ្តល់ការគាំទ្រដល់ការអភិវឌ្ឍសង្គម -សេដ្ឋកិច្ចកម្ពុជាតាមរយៈការអនុវត្តផែនការហិរញ្ញប្បទានសម្រាប់វិនិយោគនៅកម្ពុជា និងបានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្ត្រាលីដែល បាននិងកំពុងគាំទ្រកម្ពុជាយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងការស្តារសេដ្ឋកិច្ច ។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្មរបស់ភាគីអូស្ត្រាលី និងក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការផ្តល់ធាតុចូលសំខាន់ៗ លើសេចក្តីព្រាងផែនការនេះ ។
គួរបញ្ជាក់ផងដែរថា ចាប់ពីឆ្នាំ១៩៩២ដល់២០១៩ រដ្ឋាភិបាលអូស្ត្រាលីបានផ្តល់ហិរញ្ញប្បទានឥតសំណង ប្រមាណ ១.០៣៩ លានដុល្លារអាមេរិក ដើម្បីចូលរួមគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចអភិវឌ្ឍន៍សង្គមសេដ្ឋ កិច្ច ដោយផ្តោតលើវិស័យអាទិភាព ៤ គឺ កសិកម្ម , ហេដ្ឋារចនាសម្ព័ន្ធ, អប់រំ និងសុខាភិបាល និងអភិ បាលកិច្ច ។ ក្នុងបរិការណ៏នៃជំងឺកូវី-១៩ ភាគីអូស្ត្រាលីបានចូលរួមយ៉ាងសកម្មក្នុងការគាំទ្រ រាជរដ្ឋាភិបាលកម្ពុជាក្នុងការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវី-១៩ ក៏ដូចជាដោះស្រាយផលប៉ះពាល់ដែលបណ្តាលមកពីជំងឺនេះ ។ ការគាំ ទ្រសំខាន់ៗកន្លងមករួមមាន ការគាំទ្រផ្នែកសុខាភិបាល តាមរយៈគម្រោងលើកកម្ពស់គុណភាព និងសមភាពសុខាភិបាល (H-EQIP), ការគាំទ្រការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ តាមរយៈកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ (Supporting the Identification of Poor Households II – IDPoor II) ដើម្បីអនុវត្តកម្មវិធីផ្ទេរសាច់ប្រាក់របស់ រាជរដ្ឋាភិបាលដល់គ្រួសារក្រីក្រដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩, ការគាំទ្រផ្នែកសេដ្ឋកិច្ចដោយផ្តោតលើ វិស័យកសិកម្ម តាមរយៈកម្មវិធីខ្សែច្រវាក់តម្លៃកសិកម្មដំណាក់កាលទី២ (CAVAC II) និងការគាំទ្រផ្នែកទឹកស្អាត និងអនាម័យ តាមរយៈកម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ (3), ជាដើម ៕ ដោយ៖កូឡាប