រាជធានីភ្នំពេញ ៖ ដើម្បីអាចបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ អំឡុងពេលវិបត្តិនៃជំងឺកូវីដ-១៩នេះ ក្រសួងអប់រំ យុវជន និងកីឡាបានបង្ហាញឱ្យឃើញថា នៅក្នុងឆ្នាំ២០២០ និង២០២១ គ្រឹះស្ថានសិក្សាត្រូវសម្របសម្រួលទៅតាម “ជីវិតរស់នៅធម្មតាតាមគន្លងបែបថ្មី” តាមរយៈការអនុវត្ត “វិធានការសុវត្ថិភាពសិក្សា” ដើម្បីការពារសុវត្ថិភាពអ្នកសិក្សា បុគ្គលិកសិក្សា បុគ្គលិកបម្រើការផ្សេងទៀត និងផ្ដល់ទំនុកចិត្តដល់មាតាបិតា។
កិច្ចប្រជុំអន្តរក្រសួង ស្ដីពី ការពិនិត្យ និងពិភាក្សាលើ “សេចក្ដីព្រាងយុទ្ធសាស្ត្រ ស្តីពី ការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ” នេះ ត្រូវបានរៀបចំដោយ ក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ពីក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ។
”យុទ្ធសាស្ត្រស្តីពីការបើកដំណើរការគ្រឹះស្ថានសិក្សាទ្បើងវិញ” ឈរលើអភិក្រមចំនួន០២សំខាន់ៗ ដោយកំណត់បានទ្បើងនូវគោលការណ៍ ចំនួន០៥ ចំណុចរួមមាន៖
១៖ ក្រសួងរៀបចំការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញជា ៣ ដំណាក់កាល បន្តបន្ទាប់គ្នា ។
២៖ គ្រឹះស្ថានសិក្សាមិនទាន់អាចដំណើរការឡើងវិញ ពេញលេញនៅឡើយ និងត្រូវអនុវត្តនូវវិធីសាស្ត្រចម្រុះគឺ ការសិក្សាពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក និងតាមប្រព័ន្ធប្រពៃណី (សម្រាប់ទីជនបទ) រួមជាមួយនឹងការសិក្សានៅក្នុងថ្នាក់រៀន ។
៣៖ ការអនុញ្ញាតឱ្យបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញតាមដំណាក់កាលនីមួយៗ បន្ទាប់ពី គ្រឹះស្ថានសិក្សាទាំងនោះ បានត្រៀមខ្លួនរួចរាល់ និងអនុវត្តបានត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវសុវត្ថិភាពដែលកំណត់ដោយក្រសួងសុខាភិបាល និងលក្ខខណ្ឌតម្រូវបច្ចេកទេសនៃការសិក្សា និងការបង្រៀន ដែលកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា។ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំឯកសារ ស្តីពីគោលការណ៍ប្រតិបត្តិស្តង់ដា (Standard Operation Procedure-SOP) សម្រាប់គ្រឹះស្ថានសិក្សានីមួយៗ យកទៅអនុវត្តក្នុងពេលបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ។
៤៖ ការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ គឺឈរលើគោលការណ៍ស្ម័គ្រចិត្ត ដោយមានការទទួលខុសត្រូវ ខ្ពស់ និងការប្តេជ្ញាចិត្តក្នុងការអនុវត្តវិធានការសុវត្ថិភាពសុខភាព របស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ព្រមទាំងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។
៥៖ ការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ក៏ឈរលើគោលការណ៍នៃទីតាំងភូមិសាស្ត្រ នៃកម្រិតហានិភ័យ របស់ការរាលដាលនៃជំងឺកូវីដ-១៩ ។
សូមបញ្ជាក់ថាកិច្ចប្រជុំនេះធ្វើឡើងនៅ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕ ដោយ៖កូឡាប