ខេត្តតាកែវ ៖ នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ កម្លាំងជំនាញកំពុងកសាងសំណុំរឿង បញ្ជូនជនសង្ស័យនិងវត្ថុតាង ទៅសាលាដំបូងខេត្តតាកែវ បន្ទាប់ពីសមត្ថកិច្ចចុះស្រាវជ្រាវកំណត់មុខសញ្ញា រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យ២នាក់នោះ ករណីប៉ុនប៉ងឃាតកម្ម ដោយប្រើដាវកាប់ទៅបុរសម្នាក់ ដើម្បីដោះស្រាយគំនុំចាស់។
ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានលើកឡើងថា នៅថ្ងៃព្រហស្បតិ៍ ២ រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៤និង៣០នាទី មានករណីប៉ុនប៉ងឃាតកម្មកើតឡើងនៅភូមុសំរោង ឃុំសូភី ស្រុកបាទី ខេត្តតាកែវ បង្កឡើងដោយជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាc125 ពណ៌ខ្មី ស៊េរីឆ្នាំ២០០៨ ពាក់ផ្លាកលេខកំពង់ចាម 1A-4483 បានធ្វើសកម្មភាពប្រដាប់ដាវកាប់ទៅលើជនរងគ្រោះឈ្មោះ គ្រី វុត្ថា ភេទប្រុស អាយុ២៧ឆ្នាំ បណ្តាលឱ្យរងរបួសធ្ងន់ ខណៈពេលកំពុងជិះម៉ូតូតាមផ្លូវ ត្រូវបានបញ្ជូនទៅសង្ក្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ។ ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍គ្រប់ប៉ុស្តិ៍ពាក់ព័ន្ធ ចុះស្រាវជ្រាវកំណត់មុខសញ្ញា រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យ១នាក់ ឈ្មោះ វ៉ាង ចិន្តា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិក្រាំងពង្រ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ដើម្បីធ្វើការសាកសួរ។
ក្រោយទទួលបានចម្លើយសារភាពនៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ កម្លាំងជំនាញបានបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ វ៉ាង ចន្ទ្រា ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិ ឃុំជាមួយគ្នា ព្រមទាំងដកហូតម៉ូតូមួយគ្រឿងដែលជិះធ្វើសកម្មភាព និងដាវមួយដើម។
តាមការសាកសួរឱ្យដឹងថា មូលហេតុដែលឈានដល់ការប្រព្រឹត្តអំពើខាងលើ គឺដោយសារគំនុំចាស់ ( ជនរងគ្រោះធ្លាប់វាយមិត្តភក្តិរបស់ខ្លួន)។ បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី៕ ដោយ៖កូឡាប