ខេត្តព្រះសីហនុ៖ មន្ត្រីគយថ្លែងថា នៅក្នុងខេត្តព្រះសីហនុ មានរថយន្តអត់ពន្ធជិត៣០០គ្រឿង និងទំនិញចម្រុះមួយចំនួនទៀត អគ្គនាយកដ្ឋានគយនិងរដ្ឋាករ នឹងដាក់លក់ដោយដេញថ្លៃ បង់ចូលថវិកាជាតិ ក្នុងករណីម្ចាស់មិនចូលទៅដោះស្រាយ បង់ប្រាក់ពន្ធតាមពេលវេលាដែលបានកំណត់ ដែលគិតមកត្រឹមថ្ងៃ៧ ខែសីហា ឆ្នាំ២០២០នេះ នៅសល់រយៈពេលមួយខែទៀតតែប៉ុណ្ណោះ ក្នុងនោះផុតកំណត់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០។
គួរបញ្ជាក់ថា កម្លាំងគយចល័ត នឹងបន្តចុះចាប់រថយន្តអត់ពន្ធមួយចំនួនទៀត ទៅដល់គេហដ្ឋាន ប្រសិនបើបងប្អូនប្រជាពលរដ្ឋ ឬម្ចាស់យានយន្តមិនព្រមយករថយន្តមកបង់ពន្ធតាមផ្លូវច្បាប់។ ទោះបីយ៉ាងណានាយកដ្ឋានគយនិងរដ្ឋាករ សូមអំពាវនាវឲ្យម្ចាស់យានយន្តទាំងអស់ មេត្តារួសរាន់មកធ្វើការបង់ពន្ធតាមផ្លូវច្បាប់ និងទាន់ពេលវេលា ដើម្បីចៀសវាងការចុះចាប់ដល់គេហដ្ឋាន នាំឲ្យមានភ្ញាក់ផ្អើល និងប៉ះពាល់កិត្តិយស ។
បើតាមសេចក្តីជូនដំណឹង និងអញ្ជើញជាលើកចុងក្រោយ ដល់ម្ចាស់យានយន្តនិងម្ចាស់ទំនិញគេចពន្ធដែលត្រូវបានបង្ក្រាប ចូលខ្លួនមកបំពេញកាតព្វកិច្ចពន្ធអាករ និងពិន័យតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា យោងច្បាប់ស្តីពីគយ និងអនុលោមតាមគោលការណ៍សម្រេចរបស់រាជរដ្ឋាភិបាល អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ ) នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សូមប្រកាសជូនដំណឹង និងអញ្ជើញជាលើកចុងក្រោយ ដល់ម្ចាស់យានយន្តនិងម្ចាស់ទំនិញគេចពន្ធដែលត្រូវបានបង្ក្រាប និងរក្សាទុកបណ្តោះអាសន្នដោយរដ្ឋបាលគយ សូមចូលខ្លួនមកបំពេញកាតព្វកិច្ចពន្ធអាករ និងពិន័យតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ក្នុងរយៈពេលមិន លើសពី ៦០ ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។ ចំពោះរថយន្តចង្កូតស្តាំ ម្ចាស់រថយន្តត្រូវបំពេញលក្ខខណ្ឌ ដូចខាងក្រោម៖
១. កក់ប្រាក់ចំនួន ៧០ % នៃប្រាក់ពន្ធអាករ និងពិន័យដែលត្រូវបង់ និងយករថយន្តទៅកែចង្កូតពីស្តាំ មកឆ្វេងនៅយានដ្ឋានដែលទទួលស្គាល់ដោយស្ថាប័នមានសមត្ថកិច្ច ។
២. ក្នុងរយៈពេលមិនលើសពី ៣០ ថ្ងៃ ម្ចាស់រថយន្តត្រូវយករថយន្ត ដែលបានកែចង្កូតរួចមកបង្ហាញ មន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ច និងបង់ប្រាក់ពន្ធអាករ និងពិន័យបន្ថែម ៣០% ទៀត ដើម្បី ទទួលបានបង្កាន់ដៃពន្ធយានយន្តសម្រាប់ប្រើប្រាស់ក្នុងការចុះបញ្ជីយានយន្តស្របតាមច្បាប់និង បទប្បញ្ញត្តិជាធរមាន។
ក្នុងករណីម្ចាស់ខកខានមិនបានចូលខ្លួនមកបំពេញកាតព្វកិច្ចតាមលក្ខខណ្ឌ និងពេលវេលាដូចបាន រៀបរាប់ខាងលើ , និងអនុលោមតាមបញ្ញត្តិមាត្រា ៥៤ និងមាត្រា ៥៥ នៃច្បាប់ស្តីពីគយ យានយន្តនិងទំនិញ ទាំងនោះ នឹងត្រូវចាត់ទុកជាទំនិញគ្មានការទាមទារ ហើយ អគរ នឹងប្រកាសដាក់លក់ដោយដេញថ្លៃជាសាធារណៈ តាមនីតិវិធីជាធរមាន ដើម្បីប្រមូលចំណូលចូលថវិកាជាតិ ៕ដោយ៖កូឡាប