Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ឧស្សាហកម្ម អះអាងថា យ៉ាងយូរ​នៅ​ចុងឆ្នាំ​នេះ លំហូរ​ឯកសារ​ទាំងឡាយ រួមទាំង ការចុះហត្ថលេខា​ផង ត្រូវធ្វើឡើង​តាម​ប្រព័ន្ធ Online ស្ទើរ​ទាំងអស់​

ភ្នំពេញ ៖ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​បាន​អះអាងថា យ៉ាងយូរ​នៅ​ចុងឆ្នាំ​២០២០​នេះ លំហូរ​ឯកសារ​ទាំងឡាយ រួមទាំង​ការចុះហត្ថលេខា​ផងដែរ ដែល​ត្រូវធ្វើឡើង​តាម​ប្រព័ន្ធ Online ស្ទើរ​ទាំងអស់ ដើម្បី​ចូលរួម​កាត់បន្ថយ​ការប្រើ​ក្រដាស​ស្នាម​ស្ទើរ​ទាំងស្រុង​។​

​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី​អញ្ជើញ​ជា​អធិបតី ក្នុង​សិក្ខាសាលា​ស្តីអំពី​បម្រែបម្រួល​ផ្នែក​ឌីជីថល​(Digital Transformation)
​សិក្ខាសាលា​ស្តីអំពី​បម្រែបម្រួល​ផ្នែក​ឌីជីថល​(Digital Transformation) រៀបចំ​ដោយ​វិទ្យាស្ថាន​ជាតិ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​ន​វា​នុ​វត្ត​ន៌ នៃ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២០​។

​មានប្រសាសន៍​បើក​អង្គសិក្ខាសាលា​នេះ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានចាត់ទុក​មាន​សារសំខាន់​សម្រាប់​យើងទាំងអស់គ្នា​ក្នុង​យុគ​ឧស្សាហកម្ម​៤.០ ។ យើង​ដឹង​ហើយ​ថា​៖​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិ បណ្ឌិត​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កំពុងផ្តល់​អាទិភាព​លើ​វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ។ ក្នុង​យុគ​ឧស្សាហកម្ម ៤.០ និង​យុគ​ថ្មី​បន្តទៀត វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ជា​កត្តា​លី​ករ ជួយ​ឲ្យ​ចម្រើន​ដល់​អភិបាលកិច្ច រដ្ឋបាល វិស័យ​ឧស្សាហកម្ម កសិកម្ម ផលិតកម្ម និង​វិស័យ​ជាច្រើន​ទៀត ។ ដូច្នេះ ការចូលរួម​យ៉ាងសកម្ម និង​រៀន​បន្ត​សម្រាប់​យើងទាំងអស់គ្នា ក្នុង​សិក្ខាសាលា​នេះ ជា​សកខីភាព​នៃ​ការយកចិត្តទុកដាក់ និង​គាំទ្រ​ដល់​ការអភិវឌ្ឍន៍​ប្រទេស ដោយ​ប្រើ​វិជ្ជា​ឌីជីថល ក្នុង​ជីវភាព ការងារ​ប្រចាំថ្ងៃ និង​ការរៀន​បន្ត​ពេញ​មួយជីវិត ។ ចំណេះដឹង និង​បំ​ណិ​ន​ទទួលបាន​ពី​សិក្ខាសាលា​នេះ នឹងត្រូវ​យកទៅ​ប្រើ ដើម្បី​បង្កើន​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ការងារ ក្នុង​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ។​

ខណៈនោះ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត បានផ្តល់​យោបល់​ឲ្យ​អង្គសិក្ខាសាលា​យកចិត្តទុកដាក់​លើ​ធាតុ​ចម្បង​ចំនួន​០៣៖១-​និយមន័យ បញ្ញត្តិ ខ្លឹមសារ​គោល ប្រយោជន៍​នៃ​វិជ្ជា​ឌីជីថល បម្រែបម្រួល​ផ្នែក​ឌីជីថល និង​ដំណោះស្រាយ​នៃ​បញ្ហា​ប្រឈម​ក្នុង​ការងារ​ប្រចាំថ្ងៃ ២-​ការប្តូរ​ការគិត ទម្លាប់ និង​ឥរិយាបទ ក្នុង​ជីវភាព និង​ការងារ​ប្រចាំថ្ងៃ ក្នុងសង្គម​ឌីជីថល ៣- រចនាសម្ព័ន្ធ និង​អភិបាលកិច្ច នៃ​ប្រព័ន្ធ​ឌីជីថល កាលានុវត្តភាព និង​បញ្ហា​ប្រឈម ក្នុងការ​អនុវត្ត​វិជ្ជា​ឌីជីថល ក្នុង​ជីវភាព ការងារ​ប្រចាំថ្ងៃ និង​ការរៀន​បន្ត​ពេញ​មួយជីវិត ។

​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត បាន​បន្ថែមថា​៖ វិជ្ជា​ឌី​ធី​ថ​ល​មាន​ភាពចាំបាច់ សម្រាប់​ជីវភាព ការងារ និង​ការរៀន​បន្ត​ពេញ​មួយជីវិត សម្រាប់​ពលរដ្ឋ​កម្ពុជា និង​មន្ត្រីរាជការ​គ្រប់រូប ។ ដូច្នេះ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត គាំទ្រ​ឲ្យ​មានការ​រៀបចំ​សិក្ខាសាលា​ចែករំលែក​បទពិសោធ​ន៌​និង​កម្មវិធី​បណ្តុះបណ្តាល​ស​ម្រា​ប់​មន្ត្រី​របស់​ក្រសួង​គ្រប់​កំរិត​ទាំងអស់ រួមទាំង​ដល់​សហគ្រាស​ធុន​តូច​និង​មធ្យម​បន្តទៀត ។​

​បន្ទាប់មក​អង្គសិក្ខាសាលា​បាន​តាមដាន​ស្តាប់​បទឧទ្ទេសនាម​ពី​មន្ត្រី​ជំនាញ ដែល​បាន​ចែករំលែក​ចំណេះដឹង​ទៅ​រួមមាន ៖-​អត្ថប្រយោជន៍​នៃ​បម្រែបម្រួល​ផ្នែក​ឌីជីថល​-​ការប្តូរ​ការគិត ទម្លាប់ និង​ឥរិយាបទ ក្នុង​ជីវភាព និង​ការងារ​ប្រចាំថ្ងៃ​របស់​មនុស្ស​គ្រប់រូប ក្នុងសង្គម​ឌីជីថល – និង​បម្រែបម្រួល​នៃ​ផ្នែក​ឌីជីថល និង​អភិបាលកិច្ច​ក្នុង​ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​ន​វា​នុ​វត្ត​ន៌ ។​

​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​នៃ​អង្គសិក្ខាសាលា​លើកដំបូង​នេះ ជាពិសេស យើង​ទទួលបាន​នូវ​គ្រូ​ឧទ្ទេសនាម ដែលមាន​ចំណេះដឹង​ប្រកបដោយ​ជំនាញ​វិ​ជ្ជ​ជីវៈ សម្រាប់​ជា​ទុន​ដល់​សិក្ខាកាម​ទាំងមូល បាន​សិក្សា​ស្វែងយល់ និង​ត្រូវ​គិតថា​៖​ការសិក្សា​គ្មាន​ទីបញ្ចប់​ឡើយ ។ ជាពិសេស ក្នុង​បរិបទ​នៃ​សម័យ​ឌីជីថល​នេះ ទាំង​ថ្នាក់ដឹកនាំ និង​មន្ត្រី​គ្រប់​កំរិត​នៃ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ត្រូវខិតខំ​រៀនសូត្រ​ទាំងអស់គ្នា ពីព្រោះ​ការរីកចម្រើន​ផ្នែក​ឌីជីថល​នៃ​ពិភពលោក​មិន​រង់ចាំ​យើង​ទេ ។ ជាមួយគ្នានេះ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​ក៏បាន​រំលឹក​ផងដែរ​ថា​៖​ក្នុងនាម​ជា​ក្រសួង​ទទួលបន្ទុក​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ។ ទៅ​ថ្ងៃមុខ យ៉ាងយូរ​នៅ​ចុងឆ្នាំ​នេះ លំហូរ​ឯកសារ​ទាំងឡាយ រួមទាំង​ការចុះហត្ថលេខា​ផងដែរ ត្រូវធ្វើឡើង​តាម​ប្រព័ន្ធ Online ស្ទើរ​ទាំងអស់ គឺ​យើង​បាន​កាត់បន្ថយ​ការប្រើ​ក្រដាស​ស្នាម​ស្ទើរ​ទាំងស្រុង​៕​ដោយ​៖​កូ​ឡាប​

×