ភ្នំពេញ ÷បុរសម្នាក់បែកក្បាលស្លាប់ក្នុងថ្លុកឈាមបន្ទាប់ពីជិះម៉ូតូឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នត្រូវម៉ូតូមួយគ្រឿងទៀតជិះលឿនដូចហោះជ្រុលទៅបុកពេញទំហឹង។
ហេតុការណ៍នេះដែរកើតឡើងនៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី៧ខែសីហាឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវវេងស្រេងចំណុចអគារសួនវឌ្ឍនៈ ក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។
សពជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយដោយសារកាបូបជនរងគ្រោះត្រូវជនឆ្លៀតឱកាសលួចយកទៅបាត់ពេលដែលជនរងគ្រោះបានដាច់ខ្យល់ស្លាប់នៅនឹងកន្លែង។
បើយោងតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញយុវជនម្នាក់ជិះម៉ូតូម៉ាកឃ្លីកពណ៌ក្រហមពាក់ផ្លាកលេខភ្នំពេញ1-FQ 5567 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនដូចហោះខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានបុរសម្នាក់ទៀតជិះម៉ូតូឌ្រីមសង់C125 ស៊េរី016 ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ 1-FN 4528 ធ្វើដំណើរពីលិចទៅកើតជិះបញ្ច្រាសទិសចរាចរណ៍ ស្រាប់តែមកដល់ចំណុចកើតហេតុក៏ម៉ូតូម៉ាក ឃ្លិក ជ្រុលទៅបុកចំពាក់កណ្តាលពេញទំហឹងបណ្តាលឲ្យខ្ទាតទៅបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ រីឯយុវជនម្នាក់ទៀតរងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់ចំណុចកើតហេតុទាក់ទងជំនាញចរាចរណ៍ស្នងការរាជធានីភ្នំពេញចុះវាស់វែងយកម៉ូតូទាំងពីរគ្រឿងយកទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយបន្តទៀត។
ចំណែកសពជនរងគ្រោះក្រោយពីសមត្ថកិច្ចធ្វើកំណត់ហេតុទាក់ទងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ សា មេត