កម្មវិធីវីដេអូខ្លីដ៏មានប្រជាប្រិយភាពរបស់ចិន TikTok បានព្រមានប្តឹងអាមេរិច បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ ដាក់បញ្ជាឲ្យក្រុមហ៊ុនអាមេរិចទាំងអស់ ឈប់រកស៊ីជាមួយនឹងខ្លួនទៀត ក្នុងរយៈពេល ៤៥ថ្ងៃខាងមុខ។
ក្រុមហ៊ុននិយាយថា ខ្លួនពិតជាមានការភ្ញាក់ផ្អើល ចំពោះបទបញ្ជាប្រតិបត្តិរបស់ដូណាល់ ត្រាំ។
TikTok និយាយថាខ្លួននឹង “ស្វែងរកមធ្យោបាយទាំងអស់ ដើម្បីធានាថា និតិរដ្ឋមិនត្រូវបានគេបោះបង់ចោលឡើយ”។
លោក ដូណាល់ ត្រាំក៏បានចេញបញ្ជាស្រដៀងគ្នា ប្រឆាំងនឹងកម្មវិធីផ្ញើសារ WeChat របស់ចិនផងដែរ។
ក្រុមហ៊ុនម្ចាស់របស់ WeChat ឈ្មោះ Tencentបាននិយាយថា “ពួកយើងកំពុងពិនិត្យមើលបទបញ្ជានោះ ដើម្បីឲ្យយល់វាបានពេញលេញ”។
សូមបញ្ជាក់ថា ការបញ្ជាក្រុមហ៊ុនអាមេរិចទាំងអស់ ឈប់រកស៊ីជាមួយនឹង TikTok និង WeChat ដោយសារតែការមិនទុកចិត្តលើកម្មវិធីចិនទាំងនោះ។
លោកត្រាំ បាននិយាយនៅក្នុងបទបញ្ជាដូច្នេះថា កម្មវិធី TikTok ប្រហែលត្រូវគេប្រើប្រាស់សម្រាប់យុទ្ធនាការព័ត៌មានមិនពិត ហើយអាមេរិចត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងម្ចាស់របស់ TikTok ដើម្បីការពារសន្តិសុខជាតិរបស់ពួកយើង។
លោកថ្លែងទៀតថា កម្មវិធី WeChat ចាប់យកព័ត៌មានដោយស្វ័យប្រវត្តិពីអ្នកប្រើប្រាស់។ ការប្រមូលយកទិន្នន័យនេះគំរាមកំហែង និងអនុញ្ញាតិឲ្យបក្សកុម្មុយនិស្តចិនចូលដល់ព័ត៌មានផ្ទាល់ខ្លួន និងកម្មសិទិ្ធរបស់ប្រជាជនអាមេរិច។
បញ្ជានោះនឹងធ្វើការហាមឃាត់ WeChat ក្នុងរយៈពេល ៤៥ថ្ងៃខាងមុខ។
នៅសប្តាហ៍នេះ លោកត្រាំ បាននិយាយថា លោកនឹងគាំទ្រការលក់ប្រតិបត្តិការនៅអាមេរិចរបស់ TikTok ទៅឲ្យក្រុមហ៊ុន Microsoft ប្រសិនរដ្ឋាភិបាលអាមេរិច ទទួលបានចំណែកមួយចំនួនធំនៃការលក់ ប៉ុន្តែលោកបានព្រមានថា លោកនឹងធ្វើការហាមឃាត់ TikTok នៅថ្ងៃទី ១៥ ខែកញ្ញាខាងមុខ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC