សៀមរាប ៖ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាបបានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយមន្ទីរ អង្គភាពនិងអ្នកពាក់ព័ន្ធដើម្បីពិភាក្សាលើការងារមួយចំនួនស្ដីពីការរៀបចំកម្មវិធី «សម្រាកសៀមរាប» ក្នុងថ្ងៃសងឈប់សម្រាកដើម្បីធ្វើការផ្សព្វផ្សាយសក្តានុពលទេសចរណ៍សុវត្ថិភាព និងជាឱកាស បង្ហើបឲ្យមានការវិនិយោគរួមគ្នារវាងវិស័យសុខាភិបាលនិងវិស័យសេដ្ឋកិច្ច ក្នុងស្ថានភាពនៃវិបត្តិកូវីដ១៩។
ឯកឧត្តម អភិបាលខេត្តបានថ្លែងថាខេត្តសៀមរាបបាននឹងកំពុងត្រៀមខ្លួនបណ្តើរៗហើយ ក្នុងការទទួលភ្ញៀវទេសចរក្នុងឱកាសឈប់សម្រាកធំខាងមុខនេះ (ពីថ្ងៃទី១៧ ដល់ ២១ ខែសីហា ឆ្នាំ២០២០) ហើយអាជ្ញាធរខេត្តក៏បានរៀបចំកម្មវិធីជាច្រើនកន្លែងក្នុងការទទួលភ្ញៀវទេសចរមកកម្សាន្ត។
ជាមួយគ្នានេះ ឯកឧត្តម ក៏បានបន្ថែមថាយើងមិនត្រឹមតែរៀបចំសោភ័ណភាព និងកន្លែងកម្សាន្តនោះទេ ភោជនីយដ្ឋាន សណ្ឋាគារ និងផ្ទះសំណាក់មួយចំនួនក៏បានត្រៀមសម្រាប់ភ្ញៀវទេសចរផងដែរ ដោយកន្លែងទាំងនេះ យើងមានជនបង្គោលវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីសម្រាប់អនុវត្តវិធានការការពារសុវត្ថិភាពសង្គម ក្នុងការបម្រើសេវាភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ក្នុងអំឡុងវិបត្តជំងឺកូវីដ១៩ ឱ្យស្របទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺកូវីដ១៩។
ឯកឧត្តម ក៏បានបន្ថែមថា សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានបំណង មកលេងខេត្តសៀមរាប សូមមានការទទួលខុសត្រូវខ្ពស់ ដោយកុំភ្លេចត្រៀមយកពាក់ម៉ាស ឬក្រម៉ា កុំភ្លេចជែល ឬអាល់កុលលាងដៃ (យើងបានត្រៀម សាប៊ូលាងដៃជូននៅតាមទីសាធារណផងដែរ) កុំភ្លេចរក្សាគម្លាតសុវត្ថិភាព ដើម្បីចូលរួមការពារការរាលត្បាតនៃជំងឺកូវីដ-១៩ ទាំងអស់គ្នាណា។
ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានបង្ហាញនូវសេចក្តីព្រាងកម្មវិធីមួយចំនួនជាអាទិ៍ ៖១.កម្មវិធីសាសនា បួងសួងសុំសេចក្តីសុខ២.កម្មវិធីពិព័រណ៍ បន្លែផ្លែឈើ កសិផល ផលិតផល ក្រុង-ស្រុកទាំង១២ ៣.កម្មវិធីប្រកួតម្ហូបអាហារ ពានរង្វាន់មាន់អាំង ឆ្ងាញ់ជាងគេនៅខេត្តសៀមរាប ៤.ផ្សារទឹក ៥.ផាប់ស្ទ្រីត ៦.កម្មវិធីជិះកង់ ៧.កម្មវិធីជិះទូកកម្សាន្ត ៨.កម្មវិធីកីឡាវាយកូនហ្គោល ៩.កម្មវិធីដើរព្រៃ ចង្ក្រានរយ ភ្នំគូលែន ១០.ផ្ទាំងទស្សនីយភាពសិល្បៈ៕
ដោយ៖CEN