ភ្នំពេញ៖ ការព្យាករណ៍របស់ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia បានបង្ហាញថា ទីផ្សារការិយាល័យសម្រាប់ជួលបានធ្លាក់ចុះ នៅឆ្នាំ២០២០នេះ ស្របពេលដែលអត្រានៃការជួលការិយាល័យរបស់ក្រុមហ៊ុននានានៅកម្ពុជា ស្ថិតក្នុងស្ថានភាពទ្រឹងចាប់តាំងពីត្រីមាសទី១ឆ្នាំ២០២០មកម្លេះ។
ការព្យាករណ៍នេះ បានលើកឡើងទៀតថា ចរន្តទីផ្សារនៃការជួលអគារសម្រាប់បម្រើជាការិយាល័យ របស់ក្រុមហ៊ុនបានចាប់ផ្តើមធ្លាក់ចុះចាប់តាំងពីត្រីមាសទី២នៅឆ្នាំនេះ ជាពិសេសចាប់តាំងពីខែឧសភាឆ្នាំ២០២០នេះ រហូតមកដល់បច្ចុប្បន្នផ្ទាល់តែម្តង ហើយក៏រំពឹងថា អាចនឹងបន្តធ្លាក់ចុះបន្តទៀតរហូតដល់ដំណាច់ឆ្នាំ២០២០នេះផងដែរ។
អ្នកជំនាញអះអាងថា វិបិត្តនៃជំងឺកូវីដ ១៩ ជាសកល បានធ្វើវិស័យជាច្រើនបានធ្លាក់ចុះ ក្នុងនោះក៏រួមមានវិស័យអចលនទ្រព្យមួយចំណែកផងដែរ។ សម្រាប់ស្ថានភាព ការិយាល័យលក់/ជួលរួច របាយការណ៍នេះ បានឱ្យដឹងថា ការរីករាលដាលនៃជំងឺកូវីដ ១៩ បានធ្វើឱ្យចំនួនអ្នកកាន់កាន់ (កំពុងជួល ឬទិញ) ការិយាល័យ មានការធ្លាក់ចុះបន្តិច ហើយនៅទ្រឹងត្រឹមត្រីមាសទី១ឆ្នាំនេះ ពោលគឺប្រមាណតែ តិចជាង ១% ប៉ុណ្ណោះ បើធៀបនឹងត្រីមាសដូចគ្នានិងឆ្នាំមុន។
ទោះយ៉ាងណាក្ដី អត្រានេះ ត្រូវបានគេព្យាករថា នឹងមានការធ្លាក់ចុះជាបន្តបន្ទាប់ ក្នុងអត្រាមួយយ៉ាងលឿននៃឆ្នាំ ២០២០ ដោយសារការពន្យារគម្រោងមួយចំនួន និងដោយសារការធ្លាក់ចុះទំនុកចិត្តវិនិយោគដោយសារស្ថានភាពប៉ះពាល់ពីមេរោគ។ ទោះយ៉ាងណានេះក្តី ចាប់ពីខែនេះទៅ ចំនួនអ្នកចំណូលមកជួល ឬទិញការិយាល័យថ្មី អាចនឹងបន្តថយចុះ ដែលនឹងជំរុញឱ្យម្ចាស់អគារ ចង់ឬមិនចង់ នឹងត្រូវបង្ខំចិត្តបញ្ចុះតម្លៃបន្តទៀត។
យោងតាមរបាយការណ៍ដដែលនេះ មិនមានការបញ្ចប់ការសាងសង់ ឬការបើកលក់ការិយាល័យថ្មី នោះទេ ទាំងប្រភេទមណ្ឌលពាណិជ្ជកម្មកណ្តាល និងអគារការិយាល័យប្រភេទសម្រាប់កម្មសិទ្ធិជនបរទេស ( Strata-title ) ក្នុងអំឡុងត្រីមាសទី ១ ឆ្នាំ ២០២០នេះ។
គួរបញ្ជាក់ថា ស្របពេលដែលតម្រូវការការិយាល័យសម្រាប់ជួលបានធ្លាក់ចុះនោះ អ្នកជំនាញផ្នែកអចលនទ្រព្យមួយចំនួនបានអះអាងថា វានឹងធ្វើឱ្យម្ចាស់អាគារ និងក្រុមហ៊ុនអភិវឌ្ឍន៍នានា មានផែនការបញ្ចុះតម្លៃជួល ឬកម្មវិធីលើកទឹកចិត្តផ្សេងៗដើម្បីអាចរក្សាបានចំណែកទីផ្សារមួយសមស្រប។
ហើយស្របពេលជាមួយគ្នានេះ ដើម្បីរក្សាបានស្ថេរភាពចំណែកទីផ្សារការិយាល័យសម្រាប់ជួល របាយការណ៍វិភាគពីស្ថានភាពទីផ្សារអចលនទ្រព្យនៅកម្ពុជាបានព្យាករណ៍ថា ភាពសមស្របទាល់តែម្ចាស់អាគារ និងក្រុមហ៊ុនអភិវឌ្ឍន៍អាគារសម្រាប់ជួលបញ្ចុះតម្លៃជួលដល់អតិថិជនរបស់ខ្លួនក្នុងរង្វង់ចាប់ពី ៣០-៥០ភាគរយ រហូតដល់វិបត្តិជំងឺកូវីដ១៩មានភាពស្ងប់ស្ងាត់ទៅវិញ និងស្ថានភាពសេដ្ឋកិច្ចចាប់ផ្តើមល្អរើបឡើងវិញជាបន្តបន្ទាប់៕
ដោយ៖CEN