ប្រទេសអង់គ្លេស អាមេរិច កាណាដា អូស្ត្រាលី និងញូវហ្សឺឡែនបានធ្វើការជំរុញឲ្យទីក្រុងហុងកុងរៀបចំការបោះឆ្នោតឲ្យបានឆាប់រហ័សតាមដែលអាចធ្វើបាន ហើយប្រទេសទាំងនេះក៏បានធ្វើការព្រមានអាជ្ញាធរហុងកុងអំពីការបំផ្លាញដំណើរលទ្ធិប្រជាធិបតេយ្យផងដែរ។
ការជំរុញរបស់ប្រទេសមហាអំណាចទាំងនេះបានកើតឡើង ខណៈពេលដែលសមាជិកសភាចិនបានធ្វើការកោះប្រជុំដើម្បីសម្រេចពីជំហានបន្ទាប់ទៀត ក្រោយពេលរដ្ឋាភិបាលហុងកុងបានធ្វើការពន្យារពេលការបោះឆ្នោតរយៈពេល ១ឆ្នាំដោយសារតែវិបត្តិកូរ៉ូណា។
ការបោះឆ្នោតគ្រោងធ្វើឡើងនៅថ្ងៃទី ៦ ខែកញ្ញាខាងមុខ ប៉ុន្តែត្រូវពន្យារពេលទៅឆ្នាំក្រោយ។
រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំង ៥ខាងលើបាននិយាយថា ពួកគេមានការបារម្ភយ៉ាងខ្លាំងពីការដកសិទិ្ធយ៉ាងអយុត្តិធ៌មរបស់បេក្ខជនប្រជាធិបតេយ្យ និងពន្យារពេលបោះឆ្នោតក្រុមប្រឹក្សានិតិប្រតិបត្តិ។
“វិធានការទាំងនោះបានបំផ្លាញដល់ដំណើរការលទ្ធិប្រជាជិបតេយ្យ ដែលជាមូលដ្ឋានគ្រឹះធ្វើឲ្យមានស្ថេរភាព និងភាពរុងរឿងរបស់ហុងកុង”។
រដ្ឋមន្ត្រីការបរទេសទាំងនោះបានជំរុញ “រដ្ឋាភិបាលហុងកុងឲ្យរៀបចំការបោះឆ្នោតឲ្យបានឆាប់តាមដែលអាចធ្វើបាន”។
ទីក្រុងហុងកុង ត្រូវបានអង់គ្លេសប្រគល់ទៅអោយចិនវិញ កាលពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ១៩៩៧ ក្រោមកិច្ចព្រមព្រៀងមួយ ដែលផ្តល់សេរីភាព និងស្វ័យភាពកម្រិតខ្ពស់ដល់ទីក្រុងហុងកុងរយៈពេល ៥០ឆ្នាំ។ ប៉ុន្តែកាលពីដើមខែមិថុនា រដ្ឋាភិបាលចិនបានប្រកាសដាក់ច្បាប់សន្តិសុខជាតិទៅលើហុងកុង ដែលច្បាប់នោះ ទទួលរងការរិះគន់ជុំទិស។
អ្នកជំនាញមើលឃើញថា ច្បាប់នោះនឹងបំផ្លាញដល់ស្វ័យភាពកម្រិតខ្ពស់របស់ទីក្រុងហុងកុង។ ប្រទេសជាច្រើនដូចជា អង់គ្លេស កាណាដា អូស្ត្រាលី និងញូវហ្សឺឡែនជាដើម បានប្រកាសផ្អាកកិច្ចព្រមព្រៀងបត្យាប័នជាមួយនឹងហុងកុង ដោយពួកគេលែងមានការទុកចិត្តថា ប្រព័ន្ធតុលាការហុងកុងមានឯករាជ្យពីចិនទៀតហើយ។
នៅថ្ងៃចន្ទនេះដែរ មហាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយហុងកុងលោក Jimmy Lai ដែលជាអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ និងរិះគន់រដ្ឋាភិបាលក្រុងប៉េកាំង ត្រូវបានចាប់ខ្លួនក្រោមច្បាប់សន្តិសុខជាតិពីបទឃុតឃិតជាមួយនឹងបរទេស។
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ AFP