ភ្នំពេញ៖ ព្រះរាជាណាចក្រកម្ពុជា បានសម្រេចនូវសមិទ្ធផលដ៏ធំធេងថ្មីមួយទៀត គឺការលុបបំបាត់ជំងឺត្រាក់កូម ដែលជាបញ្ហាសុខភាពសាធារណៈមួយដែរនៅកម្ពុជា។ ជំងឺត្រាក់កូម ជាជំងឺភ្នែកដែលកើតឡើងដោយការឆ្លងមេរោគបាក់តេរីក្លាមីដ្យា ត្រាកូម៉ាទីស។ វាជាជំងឺឆ្លងនាមុខគេនៅលើពិភពលោក ដែលបណ្តាលឲ្យអ្នកជំងឺងងឹតភ្នែក។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី១២ខែតុលាឆ្នាំ២០១៧ ស្តីពី ការទទួលស្គាល់របស់អង្គការសុខភាពពិភពលោក នូវការលុបបំបាត់ជំងឺត្រាក់កូមនៅកម្ពុជា ៖ ការចម្លងមេរោគកើតលើងតាមរយៈការប៉ះពាល់ដោយផ្ទាល់ទឹកភ្នែក ឬពពឹកភ្នែករបស់អ្នកជំងឺ ជាពិសេសក្មេងតូចៗ។ វាអាចចម្លងតាមរយៈសត្វរុយដែលទុំលើភ្នែក ឬច្រមុះអ្នកជំងឺ។ ការចម្លងរោគកើតឡើងដោយសារកង្វះអនាម័យ។
នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៦៨ របស់គណៈកម្មការអង្គការសុខភាពពិភពលោក បំបន់ប៉ាស៊ីហ្វិកខាងលិចនៅទីក្រុងប្រីសស្បែន ប្រទេសអូស្ត្រាលី ដោយលោកបណ្ឌិត តេដ្រូស អគ្គនាយកអង្គការសុខភាពពិភពលោក បានប្រគល់លិខិតបញ្ជាក់ពីការលុបបំបាត់ជំងឺត្រាក់កូមនៅកម្ពុជា ជូនក្រសួងសុខាភិបាល ដែលទទួកយកដោយ សកម្មភាពលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេសុខាភិបាល និងជាប្រធានគណៈប្រតិភូ នៃក្រសួងសុខាភិបាល តំណាងលោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ។
លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានមានប្រសាសន៍ថា នៅចន្លោះឆ្នាំ២០១៤ដល់២០១៦ ក្រុមត្រួតពិនិត្យបានធ្វើការវាយតម្លៃយ៉ាងហ្មត់ចត់ អំពីស្ថានភាពជំងឺត្រាក់កូម នៅកម្ពុជា និងបានសន្និដ្ឋានថា វាលែងជាបញ្ហាសុខភាពសាធារណៈទៀតហើយ។ ក្រសួងបានលុបបំបាត់ជំងឺត្រាក់កូម ដែលជាជំងឺឆ្លងតំបន់ត្រូពិកបង្កនូវការឈឺចាប់ និងភាពងងឹតភ្នែកនៅក្នុងប្រទេសកម្ពុជា។ ការសម្រេចបាននូវគោលដៅនេះ កើតឡើងពីការដឹកនាំប្រកបដោយគតិបណ្ឌិត និងការគាំទ្រយ៉ាងពេញទំហឹងរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងការចូលរួមសស្រាក់សស្រាពីថ្នាក់ដឹកនាំ និងការប្តេជ្ញាចិត្តខ្ពស់របស់មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ព្រមទាំងការចូលរួមរបស់ប្រជាជនកម្ពុជាផងដែរ។ ម្យ៉ាងវិញទៀត ក្រសួងត្រៀមខ្លួនរួចជាស្រេច ដើម្បីចែករំលែកបទពិសោធន៍នេះដល់ប្រទេសនានា ក្នុងតំបន់ក៏ដូចជាពិភពលោក។
ក្រសួងសុខាភិបាល ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ តាមរយៈលទ្ធផលគួរជាទីមោទនៈនេះ ជូនដល់ថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ ព្រមទាំងដៃគូសុខាភិបាលទាំងអស់ ដែលមានការប្តេជ្ញាចិត្តខ្ពស់ និងចូលរួមយ៉ាងសកម្មប្រយុទ្ធនឹងជំងឺនេះជាច្រើនឆ្នាំកន្លងមក រហូតទទួលបានជោគជ័យ។
គួររំលឹកផងដែរ កម្មវិធីជាតិសុខភាពភ្នែកនៅប្រទេសកម្ពុជា ត្រូវបានបង្កើតឡើងនាឆ្នាំ១៩៩៥ ដោយសារជំងឺត្រាក់កូមត្រូបានកំណត់ថាជាបញ្ហាសុខាភាពសាធារណៈមួយដែរ ហើយការលុបបំបាត់ជំងឺនេះ ក៏បានក្លាយជាគោលដៅដ៏សំខាន់មួយរបស់ក្រសួងសុខាភិបាល។ការវាយតម្លៃជាបន្តបន្ទាប់ ត្រូវបានធ្វើឡើងយនាឆ្នាំ២០០០ បន្ទាប់មកមានការអនុវត្តសកម្មភាពត្រួតពិនិត្យជំងឺត្រាក់កូម រួមមានការវះកាត់ ជំងឺប្រែងចាក់ភ្នែកចំនួន១០២៦៤នាក់ ការព្យាបាលភ្នែកសិស្សសាលានិងប្រជាជនក្នុងសហគមន៍ក៏ដូចជាការអប់រំសុខភាព។ ការខិតខំប្រឹងប្រែងធ្វើឲ្យប្រសើរឡើងការប្រើប្រាស់ទឹកស្អាត និងអនាម័យនៅទូទាំងប្រទេស ក៏ជាផ្នែកមួយដែលរួមចំណែកធ្វើឲ្យសម្រេចបាននូវលទ្ធផល នៃការលុបបំបាត់ជំងឺត្រាក់កូមនេះផងដែរ។
អង្គការសុខភាពពិភពលោក ប្រកាសទទួលស្គាល់ការលុបបំបាត់ជំងឺត្រាក់កូមថាលេងជាបញ្ហាសុខភាពសាធារណៈលុះត្រាតែប្រទេសនោះអាចបង្ហាញនូវ៖ ១)កុមារអាយុពី១ដល់៩ឆ្នា មានចំនួនតិចជាង៥ភាគរយ មានរោគសញ្ញាសកម្ម ជំងឺត្រាក់កូម ដែលត្រូវព្យាបាលដោយថ្នាំដំណក់អង់ទីប៊ីយ៉ូទិក ២)ប្រជាជនអាយុលើពី១៥ឆ្នាំ ក្នុងទម្រង់ជំងឺត្រាក់កូមប្រែងចាក់ភ្នែកធ្ងន់ធ្ងរ មានអត្រាតិចជាង០,២ភាគរយ និង៣)ប្រព័ន្ធសុខាភិបាលអាចកំណត់ និងគ្រប់គ្រងគ្រប់ករណីថ្មីនៃជំងឺប្រែងចាក់ភ្នែក។
លោកវេជ្ជបណ្ឌិត លូវ យ៉ុងហ្គ័រ តំណាងអង្គការសុខាភាពពិភពលោកប្រចាំកម្ពុជា បានលើកឡើងថា ការទទួលបានលិខិតបញ្ជាក់នាពេលនេះ គឺបញ្ជាក់ពីសមិទ្ធផលថ្មីមួយទៀត ដែលសម្រេចបាននៅក្នុងវិស័យសុខាភិបាលកម្ពុជា ។ ការចម្លងជំងឺត្រាក់កូមបង្កផលប៉ះពាល់ម្តងហើយម្តងទៀតដល់កុមារ និងសហគមន៍ក៏ដូចជាឈានទៅរកការងងឹតភ្នែកដែលមិនអាចព្យាបាលបាន។ ការពិការភ្នែក ឬងងឹតភ្នែកជាលទ្ធផលធ្ងន់ធ្ងរ ក្នុងបទពិសោធន៍ជីវិតរបស់អ្នកជំងឺផ្ទាល់ និងគ្រួសាររបស់ពួកគេ ដែលជាធម្មតាបានកើតឡើងក្នុងចំណោមអ្នកក្រីក្របំផុត។ ប្រទេសកម្ពុជា បានជំនះឧបសគ្គបញ្ហាសុខភាពសាធារណៈនេះ ដោយបានសម្រេចចិត្តត្រឹមត្រូវសម្រាប់សុខភាពប្រជាជនរបស់ខ្លួន។
ក្រសួងសុខាភិបាល កំពុងអនុវត្តកម្មវិធីតាមដានជំងឺប្រែងចាក់ភ្នែក ដើម្បីធានាថា គ្រប់អ្នកជំងឺដែលបានរកឃើញថាមានជំងឺប្រែងចាក់ភ្នែកត្រូវបានព្យាបាលភ្លាមៗ ហើយកម្មវិធីជាតិសុខាភិបាលភ្នែកតាមដានរបាយការណ៍ពីផ្នែកពិនិត្យព្យាបាលភ្នែក៕ដោយ៖ជាលី