ភ្នំពេញ៖ ការសម្រេចផ្តន្ទាទោសជនជាប់ចោទក្មេងស្រីជាសិស្សសាលា២នាក់ជាអនីតិជនវ័យអាយុ១៥ឆ្នាំ ធ្វើឡើងដោយចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះ បន្ទាប់ពីតុលាការរកឃើញកំហុសតាមបទចោទប្រកាន់ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន តាមមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ដាក់ពន្ធនាគារក្នុងម្នាក់ៗ១ឆ្នាំ តែអនុវត្ត៧ខែ ទោសសល់ត្រូវព្យួរ ។
តុលាការក្រុងបានបញ្ជាក់ថា មុនពេលចាប់ខ្លួនជនជាប់ចោទមានឈ្មោះ អូន ធីតា ភេទស្រី អាយុ១៥ ឆ្នាំ មុខរបរជាសិស្ស និងឈ្មោះ សុខ ចាន់ គីមណាយ ភេទស្រី អាយុ១៥ ឆ្នាំ មុខរបរជាសិស្ស ដែលមានទីលំនៅភូមិដើមអំពិល សងា្កត់ច្បារអំពៅ ខណ្ឌច្បា រអំពៅ រាជធានីភ្នំពេញ ។
សូមជម្រាបថាកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៦និង៤០នាទី កម្លាំង នគរបាល ប៉ុស្តិ៍រដ្ឋបាលព្រៃវែង ខណ្ឌដង្កោ បានទទួលដំណឹងពីមន្ត្រីពន្ធនាគាររាជធានីភ្នំពេញ (PJ) នៅចំណុច ពន្ធនាគារ រាជធានីភ្នំពេញ(PJ) បានយកថ្នាំញៀនចំនួន៩កញ្ចប់ថង់តូច ដាក់បង្កប់ក្នុងផ្លែត្រប់ពុតញ៉ង យកទៅ ឲ្យអ្នកជាប់ឃុំ(សង្សា)ក្នុងពន្ធនាគារ (PJ) ក៏ត្រូវបានមន្ត្រីអនុរក្សពន្ធនាគារ ធ្វើការឆែកឆេរ រកឃើញ ហើយក៏បានឃាត់ប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលព្រៃវែង ដើម្បីកសាង សំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធីច្បាប់៕ដោយ ៖ បញ្ញាស័ក្តិ