នេះជាខណៈពេលដ៏គួរឲ្យស្លុតចិត្ត នឹកស្មានមិនដល់មួយ នៅពេលដែលចោរម្នាក់ ពិតជាហ៊ានខ្លាំងណាស់ បានចូលគាស់ផ្ទះប្រជាពលរដ្ឋ នៅក្នុងបុរីមួយកន្លែង ដោយផ្លោះចូលលួចយកទ្រព្យសម្បត្តិតាមរយៈចម្រឹងបង្អួចផ្ទះបាយ ខណៈដែលម្ចាស់ផ្ទះពុំនៅ។
តាមរយៈវីដេអូកាមេរ៉ាសុវត្ថិភាព បានបង្ហាញចោរម្នាក់នោះ បានផ្លោះឡើងតាមផ្នែកខាងក្រោយផ្ទះ (កន្លែងបោកគក់ហាលខោអាវ) និងបន្ទាប់មក បានយកដែកទីប១ដើម គាស់ចម្រឹងដែកបង្អួចផ្ទះបាយ ដើម្បីបើកចំហររំកិលខ្លួនចូលទៅខាងក្នុងផ្ទះតែម្តង។
សំណាងល្អហើយ ដែលម្ចាស់ផ្ទះពុំទុកទ្រព្យសម្បត្តិលុយកាក់នៅក្នុងផ្ទះ ដោយមានតែម៉ូតូ Scoopy ១គ្រឿង ដែលចោរនេះពុំអាចយកទៅបាន ដោយវាគ្រាន់តែយកបានត្រឹមអីវ៉ាន់មួយចំនួនច្រកចូលកាតាប លួចយកទៅប៉ុណ្ណោះ។
នេះជាហេតុការណ៍នឹកស្មានមិនដល់មួយ សម្រាប់បងប្អូនប្រជាពលរដ្ឋ មិនថាតែអ្នករស់នៅក្នុងបុរីទេ គឺត្រូវតែមានការប្រុងប្រយ័ត្នទាំងអស់គ្នា កុំមើលស្រាលនិងទុកចិត្តផ្ទះមានសុវត្ថិភាពខ្លាំងពេក ព្រោះឃើញជាក់ស្តែងហើយ ចម្រឹងដែកត្រូវបានចោរគាស់ចូលយ៉ាងងាយស្រួល៕ ដោយ៖ លឹម ហុង