ប្រទេសភីលីពីន កាលពីថ្ងៃចន្ទ បានរកឃើញអ្នកឆ្លងវីរុសកូរ៉ូណាថ្មីចំនួន ៦.៩៥៨នាក់បន្ថែម ដែលជាការឆ្លងខ្ពស់បំផុតប្រចាំថ្ងៃនៅក្នុងប្រទេសនេះ។ តួលេខឆ្លងសរុបនៅភីលីពីនបានហក់ឡើងដល់ ១៣៦.៦៣៨ករណី។
ក្រសួងសុខាភិបាលក៏បានប្រកាសថា មានអ្នកស្លាប់ចំនួន ២៤នាក់ទៀត បណ្តាលឲ្យចំនួនអ្នកស្លាប់សរុបក្នុងប្រទេសកើនឡើងដល់ ២.២៩៣នាក់។
កាលពីថ្ងៃសុក្រ អ្នកនាំពាក្យរបស់លោកប្រធានាធិបតី បាននិយាយថា ភីលីពីនរកឃើញករណីឆ្លងកើនឡើងខ្លាំង ដោយសារតែមានការធ្វើតេស្តរកវីរុសច្រើន។
ភីលីពីនជាប្រទេសដែលមានចំនួនអ្នកឆ្លងច្រើនបំផុត នៅក្នុងតំបន់អាស៊ាន (ASEAN) និងស្ថិតនៅចំណាត់ថ្នាក់លេខ ២ ជាប្រទេសដែលមានអ្នកស្លាប់ច្រើនបំផុត បន្ទាប់ពីប្រទេសឥណ្ឌូណេស៊ី។
ឥណ្ឌូណេស៊ី មានអ្នកឆ្លង COVID-19 សរុបចំនួន ១២៧.០៨៣នាក់ និងអ្នកស្លាប់ចំនួន ៥.៧៦៥នាក់។
ការកើនឡើងនៃករណីកូរ៉ូណានៅភីលីពីន កើតឡើងបន្ទាប់ពីមានការដកការរឹតបន្តឹងប្រទេសនៅក្នុងខែមិថុនា។
កាលពីសប្តាហ៍មុន អាជ្ញាធរភីលីពីនបានធ្វើការបិទតំបន់ជាច្រើននៅក្នុង និងជុំវិញរដ្ឋធានីម៉ានីល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល់ធ្ងន់ធ្ងទៀត។
សូមរំលឹកថា វីរុសកូរ៉ូណា មានផ្ទុះចេញដំបូងពីទីក្រុងវូហាន ប្រទេសចិន កាលពីចុងឆ្នាំ ២០១៩ និងបានឆ្លងរីករាលដាលយ៉ាងលឿនទៅជុំវិញពិភពលោក។
រហូតមកដល់ថ្ងៃអង្គារនេះ វីរុសមរណៈនៃបានផ្តាច់ជីវិតមនុស្សជាង ៧៣៣.០០០នាក់ និងឆ្លងទៅកាន់មនុស្សជាង ២០លាននាក់ទូទាំងពិភពលោក៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Reuters