មន្ត្រីការទូតកោះតៃវ៉ាន់បានថ្លែងប្រាប់រដ្ឋមន្ត្រីសុខាភិបាលអាមេរិច Alex Azar នៅថ្ងៃអង្គារនេះថា តៃវ៉ាន់ប្រឈមនឹងជំហរដ៏ពិបាកខ្លាំង ខណៈដែលចិនបានដាក់សម្ពាធលើខ្លួនឲ្យទទួលយកលក្ខខណ្ឌ ដែលលក្ខខណ្ឌនោះនឹងប្រែក្លាយតៃវ៉ាន់ទៅជាហុងកុងបន្ទាប់។
រដ្ឋមន្ត្រីសុខាភិបាលអាមេរិច បានធ្វើដំណើរមកដល់តៃវ៉ាន់កាលពីថ្ងៃអាទិត្យ ដែលវា ជាដំណើរទស្សនៈកិច្ចកម្រិតខ្ពស់បំផុតរបស់អាមេរិច ក្នុងរយៈពេល ៤ទសវត្សរ៍ចុងក្រោយ។ ចិនខឹងសម្បារ និងថ្កោលទោសចំពោះដំណើរទស្សនកិច្ចនោះ។
កាលពីថ្ងៃចន្ទ យន្តហោះចម្បាំងរបស់ចិនជាច្រើនគ្រឿងបានហោះកាត់ខ្សែច្រកសមុទ្ធតៃវ៉ាន់ និងត្រូវបានចាប់ដោយរ៉ាដា នៃមីស៊ីលប្រឆាំងយន្តហោះរបស់តៃវ៉ាន់។
រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ Joseph Wuបាននិយាយក្នុងសន្និសីទរួមជាមួយនឹងមន្ត្រីអាមេរិចដូច្នេះថា “ជីវិតរបស់ពួកយើងជួបការលំបាកកាន់តែខ្លាំង ខណៈចិនបន្តដាក់សម្ពាធលើតៃវ៉ាន់ឲ្យទទួលយកលក្ខខណ្ឌនយោបាយ ដែលលក្ខខណ្ឌនោះនឹងធ្វើឲ្យតៃវ៉ាន់ប្រែក្លាយទៅជាហុងកុងបន្ទាប់”។
ចិនបានស្នើឲ្យមានគំរូ “ប្រទេសមួយ ប្រព័ន្ធពីរ” ដើម្បីឲ្យតៃវ៉ាន់ទទួលយកច្បាប់របស់ខ្លួន ដូចដែលចិនប្រើប្រាស់នៅក្នុងទីក្រុងហុងកុង។ សំណើនោះត្រូវបានបដិសេធដោយគ្រប់ភាគីធំៗទាំងអស់ និងរដ្ឋាភិបាលតៃវ៉ាន់។
លោក Joseph Wu តៃវ៉ាន់សំណាងណាស់ ដែលមានមិត្តភក្តិដូច Alex Azar នៅអាមេរិច ក្នុងការជួយប្រយុទ្ធដើម្បីទីតាំងអន្តរជាតិរបស់តៃវ៉ាន់។
“ពួកយើងដឹងថា នេះមិនមែនគ្រាន់តែអំពីឋានៈរបស់តៃវ៉ាន់ប៉ុណ្ណោះទេ ប៉ុន្តែវាដើម្បីទ្រទ្រង់លទ្ធិប្រជាធិបតេយ្យ ក្នុងការប្រឈមជាមួយនឹងការឈ្លានពានផ្តាច់ការ”។
សូមបញ្ជាក់ថា អាមេរិចបានផ្តាច់ទំនាក់ទំនងជាមួយនឹងតៃវ៉ាន់ នៅក្នុងឆ្នាំ ១៩៧៩ ដើម្បីផ្គាប់ចិត្តចិន ប៉ុន្តែច្បាប់ទំនាក់ទំនងតៃវ៉ាន់ឆ្នាំ ១៩៧៩ អនុញ្ញាតឲ្យអាមេរិចលក់អាវុធឲ្យតៃវ៉ាន់ និងប្តេជ្ញាពីទំនាក់ទំនងជិតស្និទ្ធជាមួយតៃវ៉ាន់៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Reuters