ភ្នំពេញ៖ ស្ថានភាពដីក្នុងរាជធានីភ្នំពេញ កកើតឡើងក្នុងតំបន់ភូមិសាស្ត្រទំនាបលិចទឹករាងជាបាតខ្ទះ ព័ទ្ឋជុំវិញដោយការគំរាមកំហែងទឹកជំនន់នៅរដូវវស្សាពីបឹងកប់ស្រូវ ទន្លេសាប ទន្លេបាសាក់ និងស្ទឹងព្រែកត្នោត ព្រមទាំងទទួលទឹកជាប្រចាំពីភូមិសាស្ត្រខេត្តកំពង់ស្ពឺ ខេត្តកណ្តាលហូរឆ្លងកាត់ចូលរាជធានីភ្នំពេញមុនហូរធ្លាក់ទៅទន្លេ ។
ទឹកទន្លេឡើងចាប់ផ្តើមពីខែកក្កដា ដល់ខែវិច្ឆិកា ដែលធ្វើឲ្យទ្វារទឹកនៅតាមទំនប់ក្រវ៉ាត់ក្រុង ត្រូវបានបិទចៀសវាងទឹកហូរចូលក្នុងក្រុង ហើយប្រើស្ថានីយ៍បូមទឹកចំនួន ១៤កន្លែងបូមបញ្ចេញក្រៅក្រុង។
គួរបញ្ជាក់ថា តំបន់ប្រទេសអាស៊ីអាគ្នេយ៍ជាតំបន់ដែលទទួលរបបទឹកភ្លៀងធ្លាក់ច្រើនជាងគេបំផុតនៅលើពិភពលោក ដែលមានកំពស់ជាមធ្យមពី ១២០០មិល្លីម៉ែត្រ ទៅ ២២០០មិល្លីម៉ែត្រ ក្នុង១ឆ្នាំ។ រាជធានីភ្នំពេញ ស្ថិតក្នុងតំបន់ដែលភ្លៀងធ្លាក់ច្រើនជាងគេលើពិភពលោក។
កត្តាមួយទៀត ការបម្រែបម្រួលនៃអាកាសធាតុលើពិភពលោក ភ្លៀងធ្លាក់ខ្លាំងមានរយៈពេលខ្លី។ ជាទូទៅ ទីក្រុងស្ទើរតែទាំងអស់នៅលើពិភពលោក ការដោះស្រាយទឹកមិនឲ្យលិចទីក្រុងបានក្នុងកម្រិតកំពស់ទឹកភ្លៀងធ្លាក់ត្រឹម ៤០មមក្នុង១ម៉ោង បើភ្លៀងលើសពីនេះ គឺលិចទឹកហើយ។ ជាក់ស្តែងថ្មីៗនេះ ទីក្រុង សេអ៊ូល បាងកក ហូជីមិញ សឹង្ហបុរី ម៉ានីល…ក៏រងការជន់លិចធ្ងន់ធ្ងរដែរ។ បណ្តាញលូមានទំហំតូច និងមានការខ្វះខាត មិនគ្រប់គ្រាន់។ ផ្លូវក្នុងរាជធានីភ្នំពេញមានប្រវែង ២៤៦០គម បើគិតពីបណ្តាញលូសងខាងផ្លូវត្រូវមានបណ្តាញលូសរុបប្រវែងយ៉ាងតិច ៤៩២០គីឡូម៉ែត្រ ជាក់ស្តែងក្នុងរាជធានីភ្នំពេញមានតែ ៨៨០គីឡូម៉ែត្រប៉ុណ្ណោះ ដែលត្រូវមានការចាំបាច់អភិវឌ្ឍន៍បណ្តាញលូឲ្យបានច្រើនថែមទៀត និងបង្កើនសមត្ថភាពបូមទឹកឲ្យបានខ្ពស់។
មន្ទីរសាធារណការដឹកជញ្ជូនរាជធានីភ្នំពេញថា ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការសាងសង់លំនៅ
ឋានឲ្យស្របតម្រូវការរស់នៅរបស់ប្រជាពលរដ្ឋដែលកាន់តែកើនឡើងខ្ពស់ (ពីមុនប្រជាជន ៣សែននាក់ កើនឡើងជិត ៣លាននាក់)បានធ្វើឲ្យតំបន់ផ្ទៃរងទឹកភ្លៀងតាមទំនាបដែលធ្លាប់ទទួលទឹក និងជ្រាបចូលដីបានបាត់បង់រួមតូចដោយចាក់សាប ចាក់បេតុង ចាក់កៅស៊ូថ្នល់ ហើយទឹកភ្លៀងម្តងៗបង្ហូរត្រង់ទៅបណ្តាញលូតែម្តង និង កង្វះខាតអណ្តូងលូបង្ហូរទឹកចូល ការលួចបិទភ្ជិតអណ្តូងលូ ការបន្ទាបអណ្តូងលូដើម្បីយានយន្តឡើងចេញចូលផ្ទះ។
បញ្ហាសំរាមស្ទះកកបាំងផ្លូវទឹកមុខអណ្តូងលូ ការស្ទះសំរាមមុខចម្រុងស្ថានីយ៍បូមទឹក និងការចូលសំរាមក្នុងម៉ូទ័របូមទឹក ធ្វើអោយខូចម៉ូទ័រជារឿយៗ។ ការប្រើប្រាស់ទឹកស្អាតក្នុងទីក្រុងកើនឡើងខ្ពស់ ។ប្រជាជនក្នុងទីក្រុងកាន់តែកើន ការប្រើប្រាស់ទឹកស្អាតកាន់តែកើន ធ្វើអោយក្នុងបណ្តាញលូខ្លះពោរពេញដោយទឹកកខ្វក់ ធ្វើអោយកាត់បន្ថយសមត្ថភាពបង្ហូរទឹកភ្លៀងក្នុងបំពង់លូ។
ដោយហេតុដូចបានជំរាបជូនខាងលើ កត្តាជាច្រើននេះរាជធានីភ្នំពេញងាយនឹងប្រឈមបញ្ហាទឹកភ្លៀងលិច ប៉ុន្តែការដោះស្រាយបញ្ហាទឹកលិចប៉ុន្មានឆ្នាំចុងក្រោយតាមរយៈការកសាងបណ្តាញលូថ្មី ប្រវែង ៤៥០គីឡូម៉ែត្រ ការកសាងស្ថានីយ៍បូមទឹកថ្មីចំនួន ៨កន្លែងដែលបង្កើនសមត្ថភាពបូមទឹក ៣ដង និងការកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើននៃប្រព័ន្ធបង្ហូរទឹក បានធ្វើអោយរាជធានីភ្នំពេញទទួលបានលទ្ធផលល្អប្រសើរ ជាក់ស្តែង ៖ ក-បើភ្លៀងធ្លាក់ក្រោមកំពស់ ៤០មិល្លីម៉ែត្រក្នុង១ម៉ោង ភ្នំពេញ មិនរងការលិចទឹកទេ ឬអាចលិចក្នុងកម្រិតស្រាលបើមានបញ្ហាកកស្ទះសំរាម។ ខ-បើភ្លៀងធ្លាក់លើសពីកម្ពស់ ៤០មិល្លីម៉ែត្រ ភ្នំពេញនឹងរងការលិចទឹកដូចបណ្តាទីក្រុងលើពិភពលោក។ ទោះបីជាយ៉ាងណាក៏ដោយ ការលិចទឹកនៅពេលបច្ចុប្បន្ននេះ មានរយៈពេលខ្លី បើធៀបនឹងការលិចលង់ប៉ុន្មានឆ្នាំមុន ។
ដោយការខិតខំប្រឹងប្រែងកសាងហេដ្ឋារចនាសម្ព័ន្ធនៃបណ្តាញលូ ទីតាំងដែលធ្លាប់លិចទឹកធ្ងន់ធ្ងរចំនួន ៣២ទីតាំង ត្រូវបានដោះស្រាយការលិចទឹក និងកាត់បន្ថយលិចទឹក តំបន់ខ្លះពីមុនបើភ្លៀងពីពេលរសៀល ស្អែកឡើងធ្លាប់លិចនៅបន្តប្រើរយៈពេលលិច១០ម៉ោង ទៅ៤៨ម៉ោងឯណោះ ប៉ុន្តែបច្ចុប្បន្នអាចលិចត្រឹម ១៥នាទី ឬ ៣០នាទី ឬ១ម៉ោងប៉ុណ្ណោះ ដូចជា៖
-តំបន់ផ្សារទួលទំពូង ដោះស្រាយបាន ៩០%
-តំបន់មហាវិថី ម៉ៅ សេទុង មុខស្ថានទូតចិន ដោះស្រាយបាន ៩០%-តំបន់មុខព្រះបរមរាជវាំង និងរដ្ឋសភា បានដោះស្រាយ ៩០%
-តំបន់មហាវិថី ហ្សាដឺហ្គោល ដោះស្រាយបាន ៩០%
-តំបន់មុខវត្តមហាមន្ត្រី ដោះស្រាយបាន ៩០%
-តំបន់ខាងកើតពហុកីឡាជាតិអូឡាំពិក រង្វង់មូលសំពៅមាស ដោះស្រាយបាន ៩០%
-មហាវិថីម៉ៅ សេទុង មុខអតីតសណ្ឋាគារអាំងទែកុងទីណង់តាល់ ដោះស្រាយបាន ៩០%
-ផ្លូវ សុខ ហុក ដោះស្រាយបាន ៩០%
-ផ្សារចាស់ ដោះស្រាយបាន ៧០% អាចលិចត្រឹម ១៥នាទីទៅ ២០នាទី
-មហាវិថី កម្ពុជាក្រោម ដោះស្រាយបាន ៧០% អាចលិចត្រឹម ១៥នាទី ទៅ១ម៉ោង។ល។
ដើម្បីកាត់បន្ថយការលិចលង់ដោយទឹកភ្លៀង ត្រូវមានការចូលរួមចំណែក និងសហការពីប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានក្នុងការកាយសំរាមមុខអណ្តូងលូ ចៀសវាងបិទភ្ជិត និងបន្ទាបអណ្តូងលូ ថែរក្សាបណ្តាញលូ ។ ជាមួយគ្នានេះ អាជ្ញាធរនឹងខិតខំកសាងបណ្តាញលូថ្មី ប្រឡាយបន្ថែមទៀតដែលកំពុងខ្វះខាត និងកសាងស្ថានីយ៍បូមទឹកថ្មីបន្ថែម។ ក្រោយពីសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៃបណ្តាញលូប្រឡាយ និងស្ថានីយ៍បូមទឹកថ្មីជាច្រើន បានធ្វើឲ្យតំបន់ដែលធ្លាប់រងការលិចលង់រយៈពេលយូរ មកជាតំបន់រងការលិចលង់រយៈពេលខ្លី ជួនកាលត្រឹម ១៥នាទី ទៅ១ម៉ោងប៉ុណ្ណោះ មិនអាចលិចដល់ថ្ងៃបន្ទាប់ដូចមុនឡើយ៕
ដោយ៖CEN