ភ្នំពេញ ៖ ក្រុមហ៊ុន Supper App ដឹកនាំដោយលោក ប៉ាត់ ចំណាន (ស្ថាបនិក) និងសហការីមួយចំនួនទៀត ស្នើសុំយោបល់ពី ឯកឧត្តមរដ្ឋមន្ត្រីកសិកម្ម វេង សាខុន អំពីកិច្ចសហការលក់ផលិតផលកសិកម្មតាមអនឡាញ (Online)។
លោក ប៉ាត់ ចំណាន បានរាយការណ៍ជូនឯកឧត្តមរដ្ឋមន្ត្រីជ្រាប អំពីតួនាទីរបស់ក្រុមហ៊ុន គឺជំរុញការលក់ផលិតផលកសិកម្មតាម Online សេវាដឹកជញ្ជូនទំនិញ និង Pass App។ សម្រាប់កម្ម វត្ថុសំខាន់នាពេលនេះគឺស្នើសុំកិច្ចសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដោយធ្វើការតភ្ជាប់ជាមួយ www.maff.gov.kh, camagrimarket, khmeragri.info និង amish.org.kh ដែលសុទ្ធតែជាបណ្តាញព័តមានស្តីអំពីកសិកម្ម និងទីផ្សារកសិផលរបស់ក្រសួងក្នុងបំណងជួយផ្សព្វផ្សាយ លក់ផលិតផលកសិកម្ម និងផ្តល់សេវាដឹកជញ្ជូនកសិផលជូនអតិថិជន។
ឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍ និងគាំទ្រចំពោះគោលបំណងនេះ និងបានជម្រាបជូនក្រុមហ៊ុនផងដែរ អំពីសក្តានុពលនៃផលិតផលកសិកម្មនាពេលបច្ចុប្បន្ន បញ្ហាទីផ្សារ និងជាពិសេសផ្តល់ព័ត៌មានសំខាន់ៗទាក់ទងទីផ្សារ និងតម្លៃកសិផល ដែលត្រូវរុញឲ្យដល់អ្នកផលិត កសិករ និងសហគមន៍ ក្នុងគោលដៅសាងស្ពានចំលងរវាងអ្នកផលិត ឈ្មួញកណ្តាល និងចុងក្រោយគឺអ្នកបរិភោគ។
ម្យ៉ាងទៀត វាក៏ជួយផ្សព្វផ្សាយបច្ចេកទេស ការបញ្ជាទិញ ការបញ្ជាឲ្យផលិត និងការទទួលត្រឡប់មកវិញនូវរាល់បញ្ហាពាក់ព័ន្ធ ហើយពិតណាស់បើយើងធ្វើបាន នោះយើងអាចឈានទៅធ្វើការប្រកួតប្រជែង បង្កើនតម្លៃបន្ថែម និងនិរន្តរភាពនៃការផលិតសម្រាប់ផ្គត់ផ្គង់ធានាបានទាំងបរិមាណ និងគុណភាព ស្របតាមបរិបទនៃការប្រែប្រួលអាកាសធាតុ បរិយាប័ន្ន និងនវានុវត្តន៍។
ចំពោះសំណើសុំកិច្ចសហការខាងលើ ឯកឧត្តមរដ្ឋមន្ត្រីបានឯកភាព និងគាំទ្រ ហើយបានណែនាំឲ្យក្រុមហ៊ុនធ្វើទំនាក់ទំនង ជាមួយមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្មកម្ពុជា និងគម្រោងកម្មវិធីផ្សេងដែលទាក់ទងវិស័យកសិកម្ម ដើម្បីធ្វើការពិភាក្សាលម្អិត ជាមួយក្រុមការងារជំនាញអំពីភារកិច្ចសំខាន់ៗមុនឈានទៅចុះកិច្ចសន្យាអនុវត្តកម្មវិធីនេះ៕
ដោយ៖CEN