បើទោះបីជាវ៉ាក់សាំង COVID-19 មិនទាន់មានក្រុមហ៊ុនណាបង្កើតបានក៏ដោយ តែមានការបញ្ជាទិញទុកមុនរហូតដល់ ៥,៧ពាន់លានដូសទូទាំងពិភពលោក។
វ៉ាក់សាំងជាច្រើនកំពុងស្ថិតក្នុងការអភិវឌ្ឍន៍ និងមានវ៉ាក់សាំងមួយចំនួន ស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការធ្វើតេស្តសាកល្បង។
វ៉ាក់សាំងចំនួន ៥ ដែលមាន ៣មកពីបច្ចិមប្រទេស និង ២ទៀតមកពីចិន កំពុងស្ថិតក្នុងដំណាក់កាលទី ៣នៃការសាកល្បងទៅលើមនុស្សរាប់ពាន់នាក់។
ប៉ុន្តែកាលពីថ្ងៃអង្គារម្សិលមិញនេះ មានការប្រកាសគួរឲ្យភ្ញាក់ផ្អើលមួយដោយ ប្រធានាធិបតីរុស្ស៊ី Vladimir Putin បានអះអាងពីការបង្កើតបានវ៉ាក់សាំងឈ្មោះ Sputnik V ដែលជួយប្រព័ន្ធការពាររាងកាយប្រឆាំងនឹងវីរុសកូរ៉ូណា។
ខណៈដែលមន្ទីរពិសោធន៍ជុំវិញពិភពលោកកំពុងប្រណាំងគ្នាអភិវឌ្ឍន៍វ៉ាក់សាំង ក្រុមហ៊ុនផលិតទទួលបានហិរញ្ញវត្ថុជាច្រើន ដើម្បីជួយពួកគេផលិតវ៉ាក់សាំងឲ្យបានរាប់លានដូស ដើម្បីត្រៀមខ្លួនចែកចាយនៅក្នុងឆ្នាំ ២០២១ ឬមុនបំណាច់ឆ្នាំនេះ។
ក្នុងចំណោមការកម្មង់ទិញទាំងអស់ អាមេរិចបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនជាច្រើន ដើម្បីនាំយកវ៉ាក់សាំងរហូតដល់ ៧០០លានដូស សម្រាប់ឲ្យប្រជាជនអាមេរិចប្រើក្នុងឆ្នាំ ២០២១។
លុយរាប់លានដុល្លារ ត្រូវបានផ្តល់ទៅដល់អ្នកបង្កើតវ៉ាក់សាំង រួមមានជិត ៥០០លានដុល្លារ ត្រូវបានផ្តល់ឲ្យក្រុមហ៊ុន Johnson & Johnson កាលពីចុងខែមីនា។
កាលថ្ងៃម្សិលមិញនេះ អាមេរិចទើបចុះកិច្ចព្រមព្រៀងមានតម្លៃ ១,៥ពាន់លានដុល្លារ ដើម្បីនាំយកវ៉ាក់សាំងចំនួន ១០០លានដូស ពីក្រុមហ៊ុន Moderna។
អឺរ៉ុបកម្មង់ ៧០០លានដូស
ក្រុមហ៊ុនផលិតវ៉ាក់សាំងចំនួន ២ គឺ Oxford/AztraZeneca និង Sanofi/GSK បានចុះហត្ថលេខា ឬកំពុងចរចាជាមួយនឹងគណៈកម្មការអឺរ៉ុប ដើម្បីផ្តល់វ៉ាក់សាំងចំនួន ៧០០លានដូស។
ការកម្មង់ទិញរបស់អង់គ្លេស ជប៉ុន និងប្រេស៊ីល
ប្រទេសអង់គ្លេស ដែលបច្ចុប្បន្នលែងជាសមាជិកសហភាពអឺរ៉ុបទៀត កំពុងធ្វើការចរចា ដើម្បីកម្មង់ទិញវ៉ាក់សាំងចំនួន ២៥០លានដូស ពីក្រុមហ៊ុនវ៉ាក់សាំងចំនួន ៤។
ជប៉ុនបញ្ជាទិញទុកមុននូវ៉ាក់សាំងចំនួន ៤៩០លានដូស ពីអ្នកផ្គង់ផ្គង់ចំនួន ៣ រួមមាន ២៥០លានដូសមកពីក្រុមហ៊ុន Novavax របស់អាមេរិច។
ចំណែកប្រេសស៊ីលវិញបានប្រើប្រាស់វិធីស្រដៀងគ្នា ដោយបានធ្វើការកម្មង់ទុកមុននូវ៉ាក់សាំងចំនួន ១០០លានដូស ពីក្រុមហ៊ុន AstraZeneca ដែលក្រុមហ៊ុននេះចាប់ដៃគូជាមួយនឹងក្រុមហ៊ុនចិន Sinovac ដើម្បីផលិតវ៉ាក់សាំង។
ចិន និងរុស្ស៊ី
ការធ្វើតេស្តវ៉ាក់សាំងចំនួន ២របស់ក្រុមហ៊ុនចិន Sinovac និង Sinopharm កំពុងដំណើរការយ៉ាងល្អ ប៉ុន្តែមានដៃគូរអន្តរជាតិតិចតួចប៉ុណ្ណោះ ដែលត្រូវបានប្រកាស ដោយធ្វើជាដៃគូជាមួយនឹងប្រេស៊ីល និងមួយទៀតជាមួយឥណ្ឌូណេស៊ី។
រុស្ស៊ីនិយាយថា ប្រទេសចំនួន ២០បានធ្វើការកម្មង់ទុកមុននូវវ៉ាក់សាំង Sputnik V ចំនួន ១ពាន់លានដូស។ ដោយមានការសហការជាមួយដៃគូរបរទេស រុស្ស៊ីនឹងអាចមានសមត្ថភាពផលិតវ៉ាក់សាំងបានរហូតដល់ ៥០០លានដូសក្នុងមួយឆ្នាំ នៅក្នុងប្រទេសចំនួន ៥។
សូមរំលឹកថា វីរុសកូរ៉ូណាបានផ្ទុះដំបូងចេញពីទីក្រុងវូហាន ប្រទេសចិន កាលពីចុងឆ្នាំ ២០១៩ និងបានឆ្លងរីករាលដាលយ៉ាងលឿនទៅទូទាំងពិភពលោក។
រហូតមកដល់ពេលនេះ វីរុសមរណៈនេះ បានផ្តាច់ជីវិតមនុស្សជាង ៧៤០.០០០នាក់ និងឆ្លងទៅកាន់មនុស្សជាង ២០លាននាក់៕
ប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ AFP