សំណាករបស់ស្លាបមាន់កក ដែលនាំចូលពីប្រទេសប្រេស៊ីលទៅទីក្រុង Shenzhen របស់ចិន ត្រូវបានគេពិនិត្យរកឃើញមានវីរុស COVID-19។ នេះបើតាមរដ្ឋាភិបាលនៃទីក្រុងនោះបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះ។
អាជ្ញាធរសុខាភិបាលទីក្រុង Shenzhen បានធ្វើការតាមដានភ្លាមៗ និងពិនិត្យលើមនុស្សទាំងអស់ដែលមានការពាក់ព័ន្ធនឹងអាហារនោះ ប៉ុន្តែគ្មាននរណាម្នាក់វិជ្ជមានឡើយ។
កាលពីថ្ងៃពុធម្សិលមិញនេះ ចិនបានរាយការណ៍ថា វីរុសកូរ៉ូណាត្រូវបានគេរកឃើញនៅលើកញ្ចប់បង្គាដែលនាំចូលពីប្រទេសអេក្វាឌ័រ។
ចាប់តាំងពីខែកក្កដាមក ទីក្រុងផ្សេងៗទៀតរបស់ចិន រួមទាំងទីក្រុងកំពង់ផែ Xiamen និង ទីក្រុង Dalian ក៏បានរាយការណ៍ករណីដូចគ្នាដែរ ដែលជាហេតុធ្វើឲ្យចិនផ្អាកការនាំចូលទំនិញពីអ្នកផលិតបង្គាអេក្វាឌ័រ។
សូមរំលឹកថា វីរុសកូរ៉ូណា ដែលមានឈ្មោះផ្លូវការថា COVID-19 ត្រូវបានគេជឿជាក់ថា បានផ្ទុះចេញពីទីផ្សារសត្វព្រៃ និងគ្រឿងសមុទ្ធ ក្នុងទីក្រុងវូហាន ប្រទេសចិន កាលពីចុងឆ្នាំមុន។ វីរុសនោះបានរាតត្បាតយ៉ាងលឿនទៅជុំវិញពិភពលោក។
តួលេខចុងក្រោយ បានបង្ហាញថាវាបានឆ្លងទៅកាន់មនុស្សជាង ២០លាននាក់ និងបានសម្លាប់មនុស្សជាង ៧៤៥.០០០នាក់ទូទាំងពិភពលោក៕
ប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Reuters