ខេត្តកំពង់ស្ពឺ៖ ថ្ងៃពុធទី១២ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូចុះពិនិត្យគុណភាពផ្លូវ ជាតិលេខ៥១ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង អ្នកជំនាញបច្ចេកទេសពាក់ព័ន្ធ តំណាងក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) និងតំណាងក្រុមហ៊ុនប្រឹក្សាបច្ចេកទេស។ ផ្លូវជាតិលេខ៥១ ប្រវែង៣៧,៩៥គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែកឧដុង្គ (ផ្លូវជាតិលេខ៥) ដល់ថ្នល់ទទឹង (ផ្លូវជាតិលេខ៤) ចំណាយថវិកាជាង ៤០,៨៨ លានដុល្លារអាមេរិក។
ថ្លែងក្នុងកិច្ចប្រជុំក្រោយការចុះពិនិត្យគុណភាពនៃការសាងសង់ ឯកឧត្ដមរដ្ឋលេខាធិការបានគូសបញ្ជាក់ អំពីការយកចិត្តទុកដាក់របស់គណៈកម្មការជំនាញ និងក្រុមការងារពិសេសទាក់ទងនឹងគុណភាព និង បច្ចេកទេសនៃការសាងសង់ ក៏ដូចជាប្រព័ន្ធលូ ស្លាកសញ្ញាចរាចរណ៍ និងគំនូសចរាចរណ៍ ចាប់តាំងពីការ ចាប់ផ្ដើមសាងសង់រហូតដល់ការបញ្ចប់ការសាងសង់កំណាត់ផ្លូវនេះ។
ជាមួយគ្នានេះផងដែរ ឯកឧត្ដមរដ្ឋលេខាធិការ បានជម្រាបជូនថា៖ ក្រសួងប្រគល់ផ្លូវនេះទៅឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ដើម្បីជួលជុលថែទាំកំណាត់ផ្លូវនេះឱ្យបានល្អ និងប្រើប្រាស់ជាប់បានយូរអង្វែង។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋលេខាធិការបានអំពាវនាវ ដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ឱ្យគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីគេចផុតពីគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតឡើង ដោយការធ្វេសប្រហែសធ្វើឱ្យយើងមានវិប្បដិសារីអស់មួយជីវិត និងបានស្នើឱ្យក្រុមហ៊ុនដឹកជញ្ជូនទំនិញកុំផ្ទុកទំនិញលើសទម្ងន់ កម្រិតកំណត់ដោយច្បាប់បណ្ដាលឱ្យផ្លូវឆាប់ខូចមុនអាយុកាល។
ឯកឧត្ដមរដ្ឋលេខាធិការ បានសម្ដែងនូវការកោតសរសើរដល់ក្រុមហ៊ុនសាងសង់ ក៏ដូចជាក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស និងក្រុមការងារជំនាញរបស់ក្រសួង ដែលបានខិតខំប្រឹងប្រែងបំពេញការងារសាង សង់ឱ្យមានគុណភាពល្អ ស្របតាមលក្ខខណ្ឌបច្ចេកទេសត្រឹមត្រូវ និងសោភ័ណភាពល្អ។
សូមជម្រាបជូនថា៖ ផ្លូវនេះមានប្រវែងសរុប ៣៧,៩៥គីឡូម៉ែត្រ គិតចាប់ពីផ្លូវបំបែកឧដុង្គ (ផ្លូវជាតិលេខ៥) ដល់ថ្នល់ទទឹង (ផ្លូវជាតិលេខ៤) សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន ចំណាយថវិកាអស់ ជាង ៤០,៨៨ លានដុល្លារអាមេរិក បើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ និងបានប្រគល់ទទួលជាបណ្ដោះអាសន្ននៅឆ្នាំ២០១៩ និងស្ថិតក្រោមការជួសជុលថែទាំរបស់ក្រុមហ៊ុនសាងសង់៕
ដោយ៖កូឡាប