ភ្នំពេញ៖ លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា ត្រូវបានជ្រើសរើសជាសមាជិកគណៈកម្មការវាយតម្លៃ សម្រាប់ការប្រកួប្រជែង ក្រោមគំនិតផ្ដួចផ្ដើម G20 TechSprint។
ក្រោមគំនិតផ្តួចផ្តើម G20 TechSprint ប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាប្រធាន G20 និងធនាគារសម្រាប់ការទូទាត់អន្តរជាតិ (BIS) បានជ្រើសរើសបេក្ខភាពជាក្រុមហ៊ុនចំនួន២០ ក្នុងចំណោម១២៨ មកពីប្រទេសចំនួន៣៥ សម្រាប់ស្វែងរកដំណោះស្រាយ ចំពោះបញ្ហាប្រឈមក្នុងផ្នែកត្រួតពិនិត្យ និងនិយតកម្មហិរញ្ញវត្ថុ។
ជាមួយគ្នានេះគណៈកម្មការវាយតម្លៃឯករាជ្យ ក៏ត្រូវបានបង្កើតឡើងដោយមានសមាជិកចំនួន១៤រូបក្នុងនោះមានលោកស្រី ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា ហើយគណៈកម្មការទាំង១៤រូបសុទ្ធសឹងជាថ្នាក់ដឹកនាំ និងជំនាញការអន្តរជាតិមកពីធនាគារកណ្តាល សកលវិទ្យាល័យល្បីៗ និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ។
គួរបញ្ជាក់ថា គំនិតផ្តួចផ្តើម G20 TechSprint ដែលបានចាប់ផ្តើមនៅខែមេសា ឆ្នាំ២០២០ ត្រូវបានធ្វើឡើង ក្នុងគោលបំណងបង្ហាញពី សក្តានុពលនៃបច្ចេកវិទ្យា ក្នុងការផ្តល់ដំណោះស្រាយ ចំពោះការអនុលោមតាមបទប្បញ្ញត្តិបច្ចេកវិទ្យា (regtech) និងបញ្ហាប្រឈមនានានៃការត្រួតពិនិត្យ។ ជាក់ស្ដែងកាលពីថ្ងៃទី៦-៧ ខែសីហាកន្លងទៅ ក្រុមបេក្ខជនដែលជាប់ឈ្មោះបន្ទាប់ ពីការជម្រុះជុំទី១ ទទួលបានឱកាស ក្នុងការបង្ហាញនូវដំណោះស្រាយរបស់ពួកគេ ទៅកាន់គណៈកម្មការវាយតម្លៃឯករាជ្យ និងទទួលបានមតិយោបល់នានា មុនពេលទទួលបានការវិនិច្ឆ័យចុងក្រោយនៅខែតុលា ឆ្នាំ២០២០។
ក្នុងបរិការណ៍នៃការរីករាលដាល ជាសកលនៃជំងឺកូវីដ១៩គំនិតផ្តួចផ្តើម TechSprint របស់ក្រុមប្រទេស G20 បានកត់សម្គាល់ថា និយតករ និងអ្នកត្រួតពិនិត្យផ្នែកហិរញ្ញវត្ថុ នឹងនៅតែបន្តធ្វើឱ្យប្រាកដថា ប្រព័ន្ធហិរញ្ញវត្ថុពិភពលោកដំណើរការប្រកបដោយស្ថិរភាព ប្រសិទ្ធភាព និងបរិយាបន្ន៕
ដោយ៖CEN