ប្រទេសអ៊ីស្រាអ៊ែល និងអារ៉ាប់រួម បានសម្រេចកិច្ចព្រមព្រៀងសន្តិភាពជាប្រវត្តិសាស្ត្រមួយ ដើម្បីធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងការទូតវិញ ដោយអ៊ីស្រាអ៊ែលយល់ព្រមផ្អាកការដាក់បញ្ចូលតំបន់កាន់កាប់មួយចំនួននៅ West Bank ចូលក្នុងឧបសម្ព័ន្ធរបស់ខ្លួន។
នៅក្នុងកិច្ចព្រមព្រៀង ដែលមានលោក ដូណាល់ ត្រាំជាមេអណ្តើក ប្រទេសទាំងពីរហៅវាថាជា កិច្ចព្រមព្រៀងប្រវត្តិសាស្ត្រ និងការរីកចម្រើនឆ្ពោះទៅរកសន្តិភាព។
កិច្ចព្រមព្រៀងនោះក៏ប្រឆាំងនឹងមហាអំណាចរបស់អ៊ីរ៉ង់ក្នុងតំបន់ផងដែរ ដែលអារ៉ាប់រួម អ៊ីស្រាអ៊ែល និងអាមេរិច មើលឃើញថាវាជាការគំរាមកំហែងដ៏ធំ នៅក្នុងជម្លោះនៅមជ្ឈិមបូព៌ា។
អ៊ីស្រាអ៊ែលបានចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយនឹងអេហ្សីប ក្នុងឆ្នាំ ១៩៧៩ និងជាមួយហ្ស៊កដានី ក្នុងឆ្នាំ ១៩៩៤ ប៉ុន្តែ អារ៉ាប់រួម និងប្រទេសក្នុងតំបន់អារ៉ាប់ផ្សេងទៀត មិនទទួលស្គាល់អ៊ីស្រាអ៊ែល និងមិនមានទំនាក់ទំនងការទូត ឬសេដ្ឋកិច្ចជាមួយប្រទេសនេះរហូតដល់បច្ចុប្បន្ន។ អារ៉ាប់រួម ក្លាយជាប្រទេសដំបូងបង្អស់ ក្នុងតំបន់អារ៉ាប់ដែលបានសម្រេចកិច្ចព្រមព្រៀងបែបនេះជាមួយអ៊ីស្រាអ៊ែល។
មន្ត្រីមកពីប្រទេសទាំង ៣ (អ៊ីស្រាអ៊ែល អារ៉ាប់រួម និងអាមេរិច) ហៅវាថា ជាកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រ និងការរីកចម្រើនឆ្ពោះទៅសន្តិភាព ប៉ុន្តែមេដឹកនាំប៉ាឡេស្ទីនប្រកាសមិនទទួលស្គាល់ និងបានហៅវាជា “ការចាក់ពីក្រោយខ្នង” ចំពោះបុព្វហេតុរបស់ពួកគេ។
នៅក្នុងសេចក្តីប្រកាសរួម លោកដូណាល់ ត្រាំ នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល Benjamin Netanyahu និងរាជទាយាទអារ៉ាប់រួម ព្រះអង្គម្ចាស់ Sheikh Mohammed bin Zayed បានព្រមព្រៀងគ្នាធ្វើឲ្យទំនាក់ទំនងរវាងអារ៉ាប់រួម និងអ៊ីស្រាអ៊ែលមកធម្មតាវិញ។
ប្រទេសទាំងពីរ ក៏ត្រូវគេរំពឹងថានឹងធ្វើការផ្លាស់ប្តូរឯកអគ្គរដ្ឋទូត និងស្ថានទូតទៅវិញទៅមកឆាប់ៗផងដែរ៕
ប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ CNA/BBC