ខេត្តស្វាយរៀង ៖ បើកវេទិការពិភាក្សាលើកកម្ពស់សមត្ថភាពយុវជន និងសហគ្រិន ក្រោមប្រធានបទ ជំរុញសហគ្រិនវ័យក្មេងក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្មនៅខេត្តស្វាយរៀង ឆ្លើយតបទៅនឹងស្ថានភាពនៅក្នុងខេត្ត ដែលមានប្រជាពលរដ្ឋប្រមាណជា ៦១% ប្រកបមុខរបរកសិកម្ម និងជាខេត្តមួយ ដែលកំពុងមានសក្ដានុពលលើវិស័យកសិ-ឧស្សាហកម្ម ដែលពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានាព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ។
មានប្រសាសន៍នៅក្នុងវេទិការនេះលោក ម៉ែន វិបុល បានអរគុណចំពោះលោក ហ៊ុន ម៉ានី ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញចូលរួមដោយផ្ទាល់ នៅក្នុងវេទិកាដ៏មានសារសំខាន់នៅខេត្តស្វាយរៀងនាថ្ងៃនេះ ក្នុងនាមអាជ្ញាធរខេត្តសូមសម្ដែងនូវការគាំទ្រចំពោះ ប្រធានបទនៅថ្ងៃនេះ គឺពិតជាសមស្រប និងឆ្លើយតបទៅនឹងស្ថានភាពនៅក្នុងខេត្ត ដែលមានប្រជាពលរដ្ឋប្រមាណជា ៦១% ប្រកបមុខរបរកសិកម្ម និងជាខេត្តមួយដែលកំពុងមានសក្ដានុពលលើវិស័យកសិ-ឧស្សាហកម្ម ហើយ ប្រធានបទនេះ ក៏ស្របទៅនឹងស្ថានភាពបច្ចុប្បន្នដែលយើងទាំងអស់គ្នា ត្រូវរួមគ្នាក្នុងការគិតគូរបង្វែរវិបត្តិកូវីដ១៩ ទៅជាឱកាសក្នុងការបង្កើនសក្ដានុពលផ្នែកកសិកម្ម ។
លោកបានបញ្ជាក់ថា ក្នុងនាមអាជ្ញាធរខេត្ត មានសេចក្ដីសង្ឃឹមជឿជាក់យ៉ាងមុតមាំថា តាមរយៈវេទិកាដ៏មានសារសំខាន់របស់យើងនាថ្ងៃនេះ ដោយមានការចូលរួមជាវាគិ្មនពីគ្រប់សមាស ភាពពាក់ព័ន្ធទាំងមន្ត្រីជំនាញមកពីក្រសួង-ស្ថាប័នថ្នាក់ជាតិ រួមទាំងអ្នកប្រតិបត្តិផ្ទាល់ វេទិកាទាំងមូលនឹងទទួលបានទាំងចំណេះដឹងលើផ្នែកទ្រឹស្ដី និងបទពិសោធជោគជ័យដែលកើតចេញពីការអនុវត្តផ្ទាល់ ដើម្បីជាមូលដ្ឋានបំផុសនូវគំនិត ក្នុងការចាប់យកឱកាសក្លាយទៅជាសហគ្រិនជោគជ័យ ទៅថ្ងៃអនាគត ជាពិសេសក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម និងសូមគាំទ្រនិងលើកទឹកចិត្តឲ្យយុវជនរបស់យើងទាំងអស់ក្លាហានតាមរយៈការចាប់ផ្ដើម ក្នុងការចាប់យកឱកាសវិនិយោគ។
លោក ហ៊ុន ម៉ានី ប្រធានសហភាពសហពន្ធយុវជនកម្ពុជា មានប្រសាសន៍ថា ដោយមើលឃើញ ពីការអភិវឌ្ឍន៍ សមិទ្ធផល និងសក្ដានុពលនានានៅក្នុងខេត្តស្វាយរៀង សហភាពសហព័ន្ធយុវជនកម្ពុជាបានសម្រេចជ្រើសរើសខេត្តស្វាយរៀង គឺជាខេត្តទី១ សម្រាប់ដកពិសោធន៍ក្នុងការរៀបចំវេទិកាពិភាក្សាលើកកម្ពស់សមត្ថភាពយុវជន និងសហគ្រិនភាពក្រោមប្រធានបទ «ការជំរុញសហគ្រិនភាពវ័យក្មេងក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម» នាពេលនេះក្នុងគោលបំណង ដើម្បីចែករំលែកបទពិសោធ និងចំណេះដឹងថ្មីៗពាក់ព័ន្ធ ទៅលើឱកាសឈានទៅរកភាពជោគជ័យក្នុងអាជីវកម្មក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មទៅដល់យុវជន និងម្ចាស់អាជីវកម្ម ការបំផុសគំនិតក្នុងការចាប់យកឱកាសដើម្បីបង្កើត អាជីវកម្ម និងការអភិវឌ្ឍអាជីវកម្មក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ស្របតាមបរិបថ និងតម្រូវការទីផ្សារក្នុងស្រុក និងក្នុងតំបន់ ។
ទន្ទឹមនោះលោកសូមថ្លែងអំណរគុណចំពោះលោកអភិបាលខេត្ត ដែលបានសហការរៀបចំវេទិការនេះឡើង ដែលបានឆ្លុះបញ្ចាំងឲ្យឃើញចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលស្របតាមគោលនយោបាយជាតិក្នុងការអភិវឌ្ឍ និងលើកកម្ពស់សមត្ថភាពយុវជន និងសហគ្រិនភាពសម្រាប់វិស័យកសិកម្ម និងកសិ-ឧស្សាហកម្មជាដើម៕ដោយ៖ វ៉ៃកូ