Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វៀតណាម​កម្មង់​ទិញ​វ៉ាក់សាំង COVID-19 ពី​រុស្ស៊ី ខណៈ​កំពុង​បន្ត​អភិវឌ្ឍន៍​វ៉ាក់សាំង​របស់ខ្លួន​

​ក្រសួងសុខាភិបាល​វៀត​ណា​ម​បាន​ចុះឈ្មោះ​ដើម្បី​ទិញ​វ៉ាក់សាំង COVID-19 របស់​ប្រទេស​រុស្ស៊ី ខណៈដែល​វ៉ាក់សាំង​អភិវឌ្ឍន៍​ដោយ​ខ្លួនឯង​ត្រូវការ​ពេល​យូរ​ទៀត​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទូរទស្សន៍​រដ្ឋ​វៀតណាម​នៅ​ថ្ងៃ​សុក្រ​នេះ​។​

​ការប្រកាស​កម្មង់​វ៉ាក់សាំង​រុស្ស៊ី កើតឡើង​ខណៈដែល​ប្រទេស​សមាជិក​អាស៊ាន​នេះ កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ការផ្ទុះ​ឡើងវិញ នូវ​វីរុស​មរណៈ​នេះ បន្ទាប់ពី​គ្មាន​ការឆ្លង​ថ្មី​អស់​រយៈពេល​ជាច្រើន​ខែ​។​

​រុស្ស៊ី និយាយ​កាលពី​ថ្ងៃ​ពុធ​ថា វ៉ាក់សាំង COVID-19 ដំបូងបង្អស់​របស់​ពិភពលោក នឹងត្រូវ​ដាក់​ឲ្យ​ដំណើរការ​ក្នុង​រយៈពេល ២​សប្តាហ៍​ទៀត ហើយ​ប្រទេស​នេះ​ក៏បាន​ច្រានចោល​ការព្រួយបារម្ភ របស់​អ្នកជំនាញ​ដែល​បាន​លើកឡើងថា វ៉ាក់សាំង​នោះ​មិនទាន់​ឆ្លងកាត់​ការសាកល្បង​ពេញលេញ និង​ធ្វើការ​អនុម័ត​យ៉ាង​លឿន​។​

​រុស្ស៊ី​និយាយថា ប្រទេស​ចំនួន ២០​បានធ្វើការ​កម្មង់​ទុក​មុន​នូវ​វ៉ាក់សាំង Sputnik V ចំនួន ១​ពាន់​លាន​ដូ​ស​។ ដោយមាន​ការសហការ​ជាមួយ​ដៃគូរ​បរទេស រុស្ស៊ី​នឹង​អាចមាន​សមត្ថភាព​ផលិត​វ៉ាក់សាំង​បាន​រហូតដល់ ៥០០​លាន​ដូ​ស​ក្នុង​មួយឆ្នាំ នៅក្នុង​ប្រទេស​ចំនួន ៥​។​

​ទូរទស្សន៍​វៀតណាម VTV ចុះផ្សាយ​ថា​ដោយ​ដកស្រង​សម្តី​ពី​ក្រសួងសុខាភិបាល​ថា “​វៀតណាម​នៅតែ​បន្ត​អភិវឌ្ឍន៍​វ៉ាក់សាំង​ផ្ទាល់ខ្លួន​”​។

​ក្រសួង​វៀតណាម​មិនបាន​បញ្ជាក់​ពី​ចំនួន​វ៉ាក់សាំង ដែល​ខ្លួន​បាន​កម្មង់​ពី​រុស្ស៊ី ឬ​ពេលវេលា​ដែល​ខ្លួន​នឹង​ទទួលបាន​វា​ឡើយ​។​

​ក្រសួង​និយាយថា វ៉ាក់សាំង​ផលិត​ដោយ​វៀតណាម​នឹង​មាននៅ​ចុងឆ្នាំ ២០២១​។​

​សូមបញ្ជាក់ថា វៀតណាម​មានការ​ទប់ស្កាត់​ប្រឆាំងនឹង​វីរុស​កូ​រ៉ូ​ណ​បាន​យ៉ាង​ល្អ ចាប់តាំងពី​វា​ផ្ទុះ​រាតត្បាត​ចេញពី​ទីក្រុង​វូ​ហាន ប្រទេស​ចិន​កាលពី​ចុងឆ្នាំ ២០១៩​។​

​ប្រទេស​ដែលមាន​ប្រជាជន​ជាង ៩៥​លាន​នាក់​នេះ មាន​អ្នក​ឆ្លង​វីរុស​សរុប​ទាំងអស់​ចំនួន ៩១១​នាក់ និង​អ្នកស្លាប់ ២១​នាក់​៕

​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters​

×