អ្នកគ្រប់គ្រងធនាគារជនជាតិម៉ាឡេស៊ីម្នាក់ បានបោះបង់ការងារដែលមានប្រាក់ខែខ្ពស់អស់រយៈពេល ៨ ឆ្នាំ មករស់ក្នុងជីវិតជាកសិករ ទោះបីគាត់ខ្វះចំណេះដឹងនៅក្នុងកិច្ចការងារផ្នែកកសិកម្មនេះក៏ដោយ។
បន្ទាប់ពីបោះជំហានដ៏ធំមួយនេះ ឆ្ពោះទៅរកការសម្រេចក្តីសុបិន្តរបស់គាត់នៅក្នុងឆ្នាំ២០១២ លោក Kenny Soon We Hong បានបោះបង់ការងារប្រាក់បៀវត្សរ៍ដ៏ខ្ពស់ក្នុងនាមជាអ្នកធនាគារ ដើម្បីបើកកសិដ្ឋានផ្ទាល់ខ្លួននៅអាយុ ៣០ ឆ្នាំ។ នេះបើយោងតាមការដកស្រង់សម្តីពីបទសម្ភាសន៍របស់គាត់។
អតីតអ្នកធនាគារវ័យ ៣៨ ឆ្នាំ រូបនេះ បានប្រាប់ឲ្យដឹងថា «បន្ទាប់ខ្ញុំបានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ ខ្ញុំរកការងារបាននៅធនាគារមួយ ក្រោយធ្វើបានប៉ុន្មានឆ្នាំ ខ្ញុំត្រូវបានតំឡើងឋានៈជាបន្តបន្ទាប់រហូតដល់តំណែងជាអ្នកគ្រប់គ្រងធនាគារ។ ទោះបីមានមនុស្សជាច្រើនបានច្រណែន នឹងខ្ញុំក្នុងនាមជាអ្នកគ្រប់គ្រងនៅក្នុងធានាគារក៏ដោយ ក៏ខ្ញុំមិនដែលភ្លេចក្តីសុបិន្តរបស់ខ្ញុំឡើយ»។
លោក Kenny បានឲ្យដឹងថា បន្ទាប់បោះបង់ការងាររបស់គាត់ មិនយូរប៉ុន្មាន គាត់បានចាប់យកការងារជាភ្នាក់ងារអចលនៈទ្រព្យ ដើម្បីទទួលបានចំណេះដឹងអំពីដីធ្លី សម្រាប់លក់ និងជាមធ្យោបាយ ដើម្បីផ្គត់ផ្គង់គ្រួសាររបស់គាត់ ខណៈពេលគ្មានការងារធ្វើ។ គាត់បាននិយាយថា អរគុណរបស់ភរិយាគាត់ណាស់ ដែលធ្វើការជាគ្រូបង្រៀនសាលារដ្ឋ បានគាំទ្រការសម្រេចចិត្ត និងក្តីសុបិន្តរបស់គាត់។
មិនយូរប៉ុន្មាន ក្តីសុបិន្តរបស់គាត់បានចូលមកដល់ នៅពេលគាត់បានទិញដីទំហំ ២,៨ ហិកតា នៅក្នុងតំបន់ Bakri Muar ប្រទេសម៉ាឡេស៊ី ទីកន្លែងដែលគាត់ដាំដើមដូង ដែលគាត់បានទទួលពីការផ្តល់ជំនួយ ៤០០ ហិកតា ដែលត្រូវបានផ្តល់ឲ្យដោយមន្ទីរកសិកម្ម។
ទោះយ៉ាងណា គាត់បានរៀបរាប់ថា ការចាប់ផ្តើមដំបូងរបស់គាត់នៅក្នុងឧស្សាហកម្មកសិកម្មនេះ គឺជា «គ្រោះមហន្តរាយ» ។ នោះគឺដោយសារតែបញ្ហាខ្វះកម្លាំងពលកម្ម និងបញ្ហាកម្ចាត់សត្វល្អិត។
គាត់បាននិយាយថា៖ «ដោយសារគ្មានរបងនៅលើដីរបស់ខ្ញុំៗ ក៏ត្រូវដោះស្រាយជាមួយនឹងជ្រូកព្រៃ ដែលចូលមកស៊ីបំផ្លាញផលដំណាំរបស់ខ្ញុំ» ។
ទោះបីមានការលំបាកយ៉ាងណាក៏ដោយ ដោយមានការតស៊ូ ការតាំងចិត្ត មិនយូរប៉ុន្មាន គាត់បានចាប់យកវគ្គសិក្សាកសិកម្ម ដែលរៀបចំឡើងដោយក្រសួងកសិកម្ម និងឧស្សាហកម្មចំណីអាហារ។
លោកបន្តទៀតថា៖ «ខ្ញុំសូមថ្លែងអំណរគុណចំពោះនាយកដ្ឋានកសិកម្ម និងពេទ្យសត្វ ដែលពួកគេបានជួយយ៉ាងច្រើន ក្នុងការផ្តល់វគ្គសិក្សា និងការណែនាំដោយឥតគិតថ្លៃដល់អ្នកដែលចង់ធ្វើកសិកម្ម»។
បន្ទាប់ទទួលបានចំណេះដឹងពីវគ្គសិក្សានេះ គាត់បានគ្រប់គ្រងជំនះឧបសគ្គ ដែលគាត់បានជួបប្រទះ នៅពេលគាត់ចាប់ផ្តើមអាជីវកម្មដំបូង។ គិតត្រឹមឆ្នាំ ២០១៩ កសិដ្ឋានរបស់គាត់មានពពែ ១៥០ មាន់និងទាជាង ២០០ ក្បាល និងមានបន្លែផ្លែឈើជាច្រើនប្រភេទ។
គាត់ក៏មានវិធីសាស្ត្រដែលមិនប៉ះពាល់ដល់បរិស្ថាន ដើម្បីធ្វើស្រែចំការរបស់គាត់ដោយប្រើជីកំប៉ុស និងកាកសំណល់សត្វធ្វើជាជី។
គាត់និយាយថា “ខ្ញុំក៏ធ្វើការជាមួយអាហារដ្ឋាននៅក្បែរនោះ ដើម្បីប្រមូលចំណីអាហារសេសសល់ ជាពិសេសអង្ករជាចំណីសត្វ ដូច្នេះវាជាស្ថានភាពឈ្នះឈ្នះ ដែលយើងត្រូវកាត់បន្ថយកាកសំណល់ និងធានាបាននូវការលូតលាស់ល្អចំពោះសត្វរបស់ខ្ញុំ”។
បច្ចុប្បន្ន គាត់កំពុងទទួលបានជោគជ័យយ៉ាងប្រសើរ ជាមួយមុខរបរកសិកម្មរបស់គាត់។ មិនត្រឹមតែប៉ុណ្ណឹងទេ គាត់ក៏បានជួយបង្រៀនដល់មិត្តភក្តិរបស់គាត់ដែលជាកសិករ កំពុងជួបបញ្ហានៅក្នុងកសិដ្ឋានរបស់ពួកគេផងដែរ៕ ដោយ៖ លឹម ហុង