សៀមរាប ៖ លោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាឲ្យដឹងថា គិតចាប់ពីខែមីនា មកដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ មានអតិថិជនចំនួន ២៦៦ ៨១៨នាក់ បានធ្វើការស្នើសុំរៀបចំឥណទានឡើងវិញ ដោយសាររងផល់ប៉ះពាល់ដោយសារជំងឺកូវីដ១៩ ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ(បង់រំលស់) គ្រឹះស្ថានឥណទានជនបទ និង ធនាគារពីរ ដែលជាសមាជិកសមាគម។
ក្នុងនោះអតិថិជនចំនួន ២៥០ ៩០៥នាក់ (ជាង៩០%) បានបានទទួលការអនុម័តរៀបចំឥណទានឡើងវិញ ក្នុងទំហំកម្ចីសរុប ១ ២៣២ លានដុល្លារសហរដ្ឋអាមេរិក។ សូមបញ្ជាក់ ចាប់ពីខែមិថុនា ចំនួនអ្នកស្នើរសុំរៀបចំឥណទានឡើងវិញ មានការថយចុះជាលំដាប់ ដែលជាសញ្ញាវិជ្ជមានបង្ហាញ ផលប៉ះពាល់នៃជំងឺកូវី១៩ ចាប់ផ្លើមថមថយចុះ។
ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» ដែលរៀបចំធ្វើនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប លោក គិត សុវណ្ណារិទ្ធិ បានឲ្យដឹងថា គិតត្រឹមខែ មិថុនា ឆ្នាំ២០២០ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាំងអស់នៅកម្ពុជាបានធ្វើការរៀបចំឥណទានឡើងវិញ ចំពោះអតិថិជនដែលកំពុងជួបប្រទះការលំបាកដោយសារវីរុសកូវីដ១៩ បានចំនួនជាង២៦ម៉ឺននាក់ដែលមានទំហំទឹកប្រាក់ស្មើនឹង៣,៧៦៨លានដុល្លារអាមេរិក។
លោកសុវណ្ណារិទ្ធ បានអះអាងថា «ការដាក់ចេញវិធានការរបស ធនាគារជាតិ គឺសម្រាប់ជួយគាំទ្រ និងសម្រួលដល់សន្ទនីយភាពរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដើម្បីលើកទឹកចិត្តគ្រឹះស្ថានផ្តល់ប្រាក់កម្ចីទាំងអស់ឲ្យ បន្តការផ្តល់ឥណទានដល់វិស័យឯកជន ដែលកំពុងមានតម្រូវការសាច់ប្រាក់ ក្នុងការបន្តនិរន្តរភាពអាជីវកម្មរបស់ខ្លួន សំខាន់ជាងនេះ គឺដើម្បីជួយសម្រាលបន្ទុករបស់អ្នកខ្ចីប្រាក់»៕
ដោយ៖CEN