ផ្សារទំនើប Freshippo របស់ក្រុមហ៊ុន Alibaba បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា ខ្លួនបានបិទហាងចំនួន ២១នៅក្នុងទីក្រុង Shenzhen និងបានតម្រូវឲ្យបុគ្គលិកទាំងអស់នៅក្នុងទីក្រុង ធ្វើតេស្តរកវីរុសកូរ៉ូណា ក្រោយពេលគេបានរកឃើញមានការឆ្លងកូរ៉ូណា ៣ករណីនៅហាងមួយរបស់ខ្លួន។
ផ្សារទំនើបខាងលើ និយាយថា អ្នកផ្សព្វផ្សាយប្រេនចំនួន ២នាក់ និងសមាជិកម្នាក់ ដែលបានបំរើការនៅក្នុងហាងមួយនៃផ្សារទំនើប IBC ស្ថិតក្នុងស្រុក Luhu នៃទីក្រុង Shenzhen ធ្វើតេស្តវិជ្ជមានកូរ៉ូណា។
ក្រុមហ៊ុននិយាយក្នុងសេចក្តីប្រកាសថា “បុគ្គលិកទាំងអស់របស់ផ្សារទំនើប Freshippo នៅក្នុងទីក្រុង Shenzhen ព្រមទាំងផលិតផលអាហារស្រស់ទាំងអស់នៅក្នុងហាង នឹងទទួលការធ្វើតេស្ត។ លទ្ធផលនៃការធ្វើតេស្តនឹងត្រូវប្រកាសជាផ្លូវការដោយរដ្ឋាភិបាល”។
ករណី COVID-19 នៅ Shenzhenត្រូវបានរកឃើញ ក្រោយពេលស្ត្រីវ័យ ៤១ឆ្នាំម្នាក់ ដែលបំរើការជាអ្នកលក់ទឹកដោះគោជូរនៅផ្សារទំនើបខាងលើ បានវិលត្រឡប់មកពីស្រុកកំណើតរបស់គាត់វិញគឺទីក្រុង Lufeng និងត្រូវបានគេធ្វើតេស្តរកឃើញមានផ្ទុក COVID-19 នៅថ្ងៃទី ១៤។
ផ្សារទំនើប IBC ត្រូវបានបិទទ្វារ និងដាក់ក្រោមការត្រួតពិនិត្យរបស់ប៉ូលិសកាលពីថ្ងៃសុក្រម្សិលមិញ ដោយមានមនុស្សប្រហែល ២០០នាក់តម្រង់ជួយរនៅខាងក្រៅ ដើម្បីរកចាំការធ្វើតេស្តរក COVID-19។
កាលពីថ្ងៃទី ១៤ម្សិលមិញផងដែរ ចិនបានរកឃើញការឆ្លងវីរុសកូរ៉ូណាថ្មីចំនួន ២២ករណីបន្ថែមទៀត ដែលមានការថយចុះចំនួន ៨ករណី បើធៀបទៅនឹងថ្ងៃទី ១៣។
សូមរំលឹកថា វីរុសកូរ៉ូណា បានផ្ទុះឡើងដំបូងចេញពីទីក្រុងវូហាន ប្រទេសចិន និងបានរាតត្បាយយ៉ាងលឿនទៅជុំវិញពិភពលោក។
រហូតមកដល់ថ្ងៃទី ១៥ ខែសីហានេះ ចិនមានអ្នកឆ្លងវីរុសសរុបទាំងអស់ចំនួន ៨៤.៨០៨នាក់ និងស្លាប់ ៤.៦៣៤នាក់៕
ប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ CNA