ភ្នំពេញ៖ ការប្រកាសរបស់ក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសសឹង្ហបុរី Silk Airនេះ ធ្វើឡើង បន្ទាប់ពីប្រទេសកម្ពុជា បានផ្អាកជើងហោះហើរពីគោលដៅចំនួន៣ ដូចជាប្រទេសម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងហ្វីលីពីន ដោយសារតែការឆ្លងរាលដាលនៃជំងឺកូវីដ ១៩។
ក្រុមហ៊ុនអាកាសចរណ៍ Silk Air រំពឹងថា នឹងចាប់ផ្តើមសេវាកម្មហោះហើរឡើងវិញ នៅខែកញ្ញាខាងមុខនេះ ក្នុងទិសដៅហោះហើរសឹង្ហបុរី-ភ្នំពេញ និងភ្នំពេញ-សឹង្ហបុរី។
ក្រុមហ៊ុនអាកាសចរណ៍មួយនេះ បានទទួលការយល់ព្រម ក្នុងការបន្តជើងហោះហើររបស់ខ្លួនឡើងវិញ ដោយទទួលបានការយល់ព្រមសម្រាប់អ្នកដំណើរ ដែលធ្វើដំណើរពីប្រទេសកម្ពុជាឆ្លងកាត់នៅសឹង្ហបុរី។
ជាមួយគ្នានេះ ការវិវត្តមួយទៀត ប្រទេសជប៉ុន នឹងសឹង្ហបុរី ក៏បានព្រមព្រៀងគ្នាទន្ទឹមនឹងការប្រកាស របស់ក្រុមហ៊ុនអាកាសចរណ៍នេះមកកម្ពុជា ដើម្បីបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើរ ដើម្បីឆ្លើយតបទៅនឹងជំងឺកូវីដ១៩ ចាប់ពីខែកញ្ញាខាងមុខនេះ។ ការចាប់ផ្តើមហោះហើរទៅវិញទៅមកសម្រាប់អ្នកដំណើរ អ្នកជំនួញ និងជនបរទេស ចាប់ពីខែកញ្ញាខាងមុខ ត្រូវតែធ្វើឡើងដោយមានវិធានការប្រុងប្រយ័ត្នខ្ពស់ជាមុន៕
ដោយ៖កូឡាប