ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានចេញផ្សាយព័ត៌មានថា ក្នុងថ្ងៃទីពីរនាឱកាសឈប់សម្រាកសងថ្ងៃចូលឆ្នាំខ្មែរ ដែលត្រូវនឹងថ្ងៃទៅ១៨ ខែសីហា ឆ្នាំ២០២០នេះ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលចេញដើរទស្សនាកម្សាន្តនៅទូទៅប្រទេសមានចំនួន ២៧៧.០៧៨នាក់ កើនឡើង ១៨,៧៥% ធៀបនឹងថ្ងៃទីមួយ ក្នុងនោះខេត្តសៀមរាប និងខេត្តកំពតមានអ្នកទៅលេងច្រើនជាងរាជធានី-ខេត្តដទៃ។
បើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងចំណោមភ្ញៀវសរុបមានចំនួនសរុប ២៧៧.០៧៨នាក់នេះ មានភ្ញៀវជាតិមានចំនួន ២៧៧,៦៤៩នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ២,៧៧០នាក់។
លោករដ្ឋមន្ត្រីបានកត់សម្គាល់ឃើញថា គោលដៅទេសចរណ៍សំខាន់ៗមួយចំនួន រួមមាន៖ ខេត្តសៀមរាបមានចំនួន ៤៤.៣៦៤នាក់ ខេត្តកំពតមានចំនួន ៣៩.៩៨៣នាក់ ខេត្តបាត់ដំបងមានចំនួន ២៦.៩៨៧នាក់ ខេត្តកែបមានចំនួន ២៣.២២៩នាក់ ខេត្តព្រះសីហនុមានចំនួន ២៣.១៤៩នាក់ ខេត្តរតនគិរីមានចំនួន ១៤.២៩៤នាក់ ខេត្តព្រះវិហារមានចំនួន ១២.៤៣០នាក់ និង ខេត្តមណ្ឌលគិរីមានចំនួន ១០.២៥៤នាក់៕
ដោយ៖កូឡាប