Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខេត្ត​ព្រះសីហនុ រៀបចំ​ពិធីសូត្រមន្ត​បង្សុកូល និង​រាប់បាត្រ ឧទ្ទិស​ព្រះរាជ​កុសល​ថ្វាយព្រះប​រម​រតន​កោដ្ឋ​គម្រប់​ខួប​៥​ឆ្នាំ​

​ព្រះសីហនុ​៖​ថ្នាក់ដឹកនាំ​ស្ថាប័ន​ពាក់ព័ន្ធ នៃ​រដ្ឋបាលខេត្ត​ព្រះសីហនុ បានរៀបចំ​ពិធី​គោរព​ដួង​ព្រះ​វិញ្ញ​ណ​ក្ខ​ន្ធ ថ្វាយ​ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ ព្រះមហាវីរៈក្សត្រ ព្រះបាទ​សម្ដេច ព្រះ​នរោត្តម សីហនុ គម្រប់​ខួប៥​ឆ្នាំ នា​សាលប្រជុំ​ធំ របស់​សាលាខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​១៣ ខែតុលា ។​

​ពិធី​នេះ រដ្ឋបាលខេត្ត​នេះ បាន​និមន្ត​ព្រះសង្ឃ​សូត្រមន្ត បង្សុកូល និង​រាប់បាត្រ ដើម្បី​ឧទ្ទិស​ព្រះរាជ​កុសល​ថ្វាយ​ព្រះករុណា​ព្រះ បរម​រតន​កោដ្ឋ ព្រះមហាវីរៈក្សត្រ​ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះ​នរោត្តម​សីហនុ ព្រះមហាក្សត្រ ព្រះ​បី​តា​ឯករាជ បូរណៈភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ដោយមាន​មន្ត្រីរាជការ​មកពី​ស្ថាប័ន​ពាក់ព័ន្ធ​បាន​ចូលរួម​ច្រើន​កុះករ​។​

​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ មានប្រសាសន៍ថា ការរៀបចំ​ពិធី​នេះ បាន​អនុវត្តតាម​ការណែនាំ របស់​រាជរដ្ឋាភិបាល ស្តីពី​ការរៀបចំ​ចាត់តាំង ព្រះរាជ​ពិធីបុណ្យ​ទ្វាទសមាស បុណ្យ​ប្រពៃណីជាតិ ប្រពៃណី​សាសនា បុណ្យជាតិ និង​បុណ្យ​អន្តរជាតិ​។​

​លោក​បន្តថា ការរៀបចំ​ពិធី​នេះ ក៏​ដើម្បី​តបស្នង ព្រះមហា​ករុណា​ទិ​គុណ និង​ព្រហ្មវិហា​ធ៌​ម ដ៍​ថ្លៃថ្លា ឧ​ត្តុ​ង​ឧ​ត្ត​ម វិសេសវិសាល របស់​ព្រះ​បរម​រតន​កោដ្ឋ ដែល​បាន​លះបង់ ព្រះកាយពល ព្រះ​បញ្ញាញាណ ក្នុង​ព្រះរាជ​សកម្មភាព ដើម្បី​បុព្វហេតុ​ឯករាជ្យ បូរណភាព​ទឹកដី​ផ្សះផ្សារ​ជាតិ បង្រួបបង្រួម​ជាតិ និង​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​។​

​ពិធី​នេះ លោក យន្ត មីន បាន​ចាត់តាំង​ឲ្យ​មន្ត្រី​សាលាខេត្ត​ព្រះសីហនុ រួម​សហការគ្នាជាមួយ​ថ្នាក់ដឹកនាំ​នៅតាម​មន្ទីរ​អង្គភាព ស្ថាប័នរដ្ឋ ក្រោម​ឱវាទ​ខេត្ត​នេះ ឲ្យ​រៀបចំ​ប្រារព្វ​ធ្វើ​ពិធី គោរព​ដួង​ព្រះ​វិញ្ញាណ​ក្ខ័​ន្ធ ថ្វាយ​ព្រះ​កុសល ដល់​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ ទៅតាម​ប្រពៃណី សាសនា ដោយ​ត្រូវ​និមន្ត​ព្រះសង្ឃ ធ្វើ​ពិធី សូត្រមន្ត​បង្សុកូល និង​រាបបាត្រ តាមបែប​ព្រះពុទ្ធសាសនា​ជាតិខ្មែរ​។

​ជាង​នេះ ក៏​តម្រូវ​ឲ្យ​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​ព្រះសីហនុ ត្រូវ​សហការ​ផ្សព្វផ្សាយ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​ខួប ៥​ឆ្នាំនេះ ឲ្យ​បាន​ទូលំទូលាយ តាម​វិទ្យុ ទូរទស្សន៍ រដ្ឋ ឯកជន និង​ចាក់ផ្សាយ​អំពី​ព្រះរាជ​ជី​វប្រ​វត្ត​ព្រះ​សកម្មភាព និង​ស្នា​ព្រហស្ថ របស់ ព្រះករុណា​ព្រះ​បរម​រតន​កោដ្ឋ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ចំពោះ​ជាតិ សាសនា និង​ប្រជារាស្ត្រ​នៃ​យើង​។​

​ព្រះ​បរម​រតន​កោដ្ឋ បាន​យាង​ចូល​ទិវង្គត នៅ​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២ ក្នុង​ព្រះជន្ម ៩០​ព្រះវស្សា នាទី​ក្រុង​ប៉េកាំង ប្រទេស​ចិន​៕ សត្យា

 


×