Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​លោក​កង ភា​រី អធិការរង​នគរបាល​ស្រុក​សំរោង​ទង បាញ់បោះ​សេរី​ជិត​២០​គ្រាប់ ក្នុងពេល​ផឹកស៊ី​

​ខេត្តកំពង់ស្ពឺ​៖​លោក កង ភា​រី អធិការរង​នគរបាល​ស្រុក​សំរោង​ទង ត្រូវបាន​នគរបាល​នៃ​ស្នងការដ្ឋាន​គរ​បាល​ខេត្តកំពង់ស្ពឺ ធ្វើការ​ឃាត់ខ្លួន និង​រាយការណ៍​ទៅ​ថ្នាក់លើ​ដើម្បី​ដាក់វិន័យ​កងកម្លាំង បន្ទាប់ពី​លោក​អធិការរង​រូបនេះ​បាន​ផឹកស៊ី បង្ក​ភាព​អាណាធិបតេយ្យ​បាញ់បោះ​សេរី​។​

​ក្រោយពី​និយាយ​អួត​ក្អេងក្អាង​ចប់​រួចមក លោក​អធិការរង​ទទួល​ផែន​សន្តិសុខ​រូបនេះ បាន​ទាញ​អាវុធខ្លី​របស់ខ្លួន ម៉ា​កឡុក ទៅ​ឈរ​បាញ់​លេង​យ៉ាង​អាណាធិបតេយ្យ នៅក្នុង​បរិវេន​សាលាស្រុក​សំរោង​ទង ចំណុច​មាត់​ត្រពាំងទឹក​ខាងត្បូង ជាមួយ​កូនចៅ​របស់ខ្លួន​ជាច្រើន​នាក់​។

​បន្ទាប់ពី​ការបាញ់បោះ​យ៉ាង​អនាធិបតេយ្យ​នេះ សមត្ថកិច្ច​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ នៃ​កង​អន្តរាគមន៍ ធ្វើការ​ឃាត់ខ្លួន​យកទៅ​សួរនាំ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​។​

​យោងតាម​របាយការណ៍​ដែល​អធិការ​ដ្ថា​ន​នគរបាល​ស្រុក​សំរោង​ទង គោរព​ផ្ញើជូន​លោកស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ ចុះ​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២០ បាន​រៀបរាប់ថា កាលពី​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង​៩ និង​០០ នាទី​លោក​វរសេនីយ៍ទោ កង ភា​រី អធិការរង​ទទួល​ការងារ​សន្តិសុខ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង បាន​យក​អាវុធខ្លី​របស់ខ្លួន​មួយ​ដើម​ម៉ា​កឡុក ធ្វើ​សកម្មភាព​ឈរ​បាញ់បោះ​យ៉ាង​សេរី អាណាធិបតេយ្យ​បំផុត​ចំនួន ៣​គ្រាប់ គឺ​នៅ​ចំណុច​បរិវេណ​សាលាស្រុក​មាត់​ស្រះ​ទឹក​ខាងត្បូង​។ លុះ​មកដល់​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង​១៨ និង​៣០ នាទី​លោក​វរសេនីយ៍ទោ កង ភា​រី អធិការរង បាន​នាំ​កូនចៅ​ក្រោម​ឱវាទ​ផឹកស៊ី​ស្រវឹង និយាយ​អួត​ក្អេងក្អាង​ហើយ​បាន​យក​អាវុធខ្លី​ម៉ា​កឡុក មកឈរ​បាញ់បោះ​លេង​យ៉ាង​សេរី នៅក្នុង​បរិវេណ​សាលាស្រុក ចំណុច​មាត់​ស្រះ​ទឹក​ដដែល ក្នុងនោះ​កូនចៅ​របស់ខ្លួន​ជាច្រើន ដែល​ផឹកស៊ី​ក៏បាន​ចូលរួម​ក្នុងការ​បាញ់បោះ​នេះដែរ រួមមាន លោក​អនុសេនីយ៍ឯក ដន សុខុម ឋានៈ​នាយរង​ផ្នែក​សន្តិសុខ បាញ់​ចំនួន​២​គ្រាប់ លោក​អនុសេនីយ៍ត្រី ព្រីង ឡងឌី ឋានៈ​នាយរង​ប៉ុស្តិ៍​វ​ល្លិ៍​ស​បាញ់​ចំនួន​២ គ្រាប់ លោក​អនុសេនីយ៍ត្រី តាន់ សៅ​លី ឋានៈ​នាយរង​ផ្នែក​គ្រឿងញៀន​បាញ់​ចំនួន ២​គ្រាប់ លោក​អនុសេនីយ៍ត្រី ម៉ាន់ ប៊ុណ្ណា​រ៉ា ឋានៈ​នាយរង​ផ្នែក​គ្រឿងញៀន​បាញ់​ចំនួន​២​គ្រាប់ លោក​ព្រិន្ទបាលទោ ឌី សូ​ភក្តិ ឋានៈ​មន្ត្រី​ប៉ុស្តិ៍​ទំព័រ​មាស​បាញ់​ចំនួន​២ គ្រាប់​។​

​ការបាញ់បោះ​បង្ក​ភាព​អាណាធិបតេយ្យ បង្កើត​ឲ្យ​មាន​អសន្តិសុខ​នៅក្នុង​សង្គម​របស់ ក្រុមមន្ត្រី​នគរបាល​និង​លោក កង ភា​រី សមត្ថកិច្ច​ជំនាញ​បាន​រកឃើញ​សម្បក​គ្រាប់​នៅ​កន្លែងកើតហេតុ​ចំនួន​១១ គ្រាប់ ហើយ​លោក​អធិការ​ង​ដ៏​ទំនើង​រូបនេះ ត្រូវបាន​សមត្ថកិច្ច​ក​ម្លាំ​ង​ការិយាល័យ​អន្តរាគមន៍ ឃាត់ខ្លួន​នៅវេលា​ម៉ោង​២២​និង​៣០​នាទី​ថ្ងៃទី​២០​ខែសីហា​ឆ្នាំ​២០២០​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សម សាមួន ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​អ្នកយកព័ត៌មាន​ក្នុងស្រុក​ថា លោក​បាន​រាយការណ៍​ទៅ​ថ្នាក់លើ ដើម្បី​ឲ្យ​ដាក់​តាម​វិន័យ​របស់​កងកម្លាំង​អគ្គស្នងការ​នគរបាល​ជាតិ​លេខ​០០៦ ឲ្យ​សម​ទោសកំហុស​ដែល​មន្ត្រីនគរបាល​យុត្តិធម៌​បាន​ប្រព្រឹត្ត​។ លោកស្នងការ​នគរបាល​ខេត្ត​បន្តថា លោក​វរសេនីយ៍ទោ កង ភា​រី បាន​បាញ់បោះ​ចំនួន​២​លើក កាលពី​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២០ បាញ់​ចំនួន​៣​គ្រាប់ ហើយ​នៅ​យប់​ថ្ងៃទី​១៩​ខែសីហា ឆ្នាំ​២០២០ បាញ់​ចំនួន​១៧​គ្រាប់​បន្ថែមទៀត​។ ហើយ​រហូតមក​ដល់ពេលនេះ ជំនាញ​ប្រមូលបាន​ជាង​១០​គ្រាប់​តែប៉ុណ្ណោះ កំពុងតែ​រុករក​បន្ថែមទៀត​។​

​ពេលនេះ​កម្លាំង​នគរបាល​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ កំពុងតែធ្វើការ​សាកសួ​រលោក​អធិការរង​រូបនេះ រក​មូលហេតុ​ដើមចម នៃ​ការបង្ក​ភាព​អាណាធិបតេយ្យ និង​បង្កបញ្ហា​អសន្តិសុខ​ដល់​សង្គម ក្នុងឋានៈ​ខ្លួន​ជា​សមត្ថកិច្ច​គួរ​ធ្វើជា​គំរូ​ដល់​ប្រជាពលរដ្ឋ និង​ជា​អ្នកការពារ​សន្តិសុខ​សុវត្ថិភាព តែ​បែរជា​ប្រព្រឹត្តិ​ទង្វើ​ដែល​សង្គម​ស្អប់ខ្ពើម​ទៅវិញ​។​

លោក​កង ភា​រី​ហៅ​ម៉ៅ ផឹកស៊ី​នៅក្នុង​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង​ហើយ​បង្កបញ្ហា​បាញ់បោះ បង្ក​ភាពអនាធិបតេយ្យ ដោយ​គ្មាន​ខ្លាចរអែង​ច្បាប់​បន្តិច​ណា​ទាល់តែសោះ ខណៈ​ខ្លួន​គឺជា​អ្នកអនុវត្ត​ច្បាប់ ។​

​សូម​រំលឹក​ផងដែរ​ថា ការបាញ់បោះ​សេរី​របស់លោក កង ភា​រី មិនមែនជា​លើក​ទី​១​នោះទេ រាល់​ពេលដែល​ផឹកស៊ី​ម្តងៗ លោក​អធិការរង​នេះ តែងតែ​បាញ់បោះ​សេរី បង្អួត​កូនចៅ​ថា​គ្មាន​អ្នក​ហ៊ាន​មក​ចាប់ខ្លួន​លោក​ឡើយ ព្រោះ​មាន​ខ្នងបង្អែក​យ៉ាង​ធំ​រឹងមាំ​នៅ​ក្រសួងមហាផ្ទៃ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​


×