Tuesday, July 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អ្នក​វាយប្រហារ​អាច បំភ័ន្ត​អ្នកប្រើប្រាស់​ឱ្យ​បញ្ចូល​មេរោគ Malware តាមរយៈ​មុខងារ​មួយ​របស់ Google Drive

​ភ្នំពេញ​៖ ភាព​ចន្លោះប្រហោង​នៃ​ផ្នែក​សុវត្ថិភាព​របស់ Google Drive ដែល​អាចឱ្យ​ជនអនាមិក ចែកចាយ​ឯកសារ​ដែលមាន​មេរោគ តែ​គេ​អាច​បន្លំ​ជា​ឯកសារ ឬ​រូបភាព​ដែលមាន​ភាពត្រឹមត្រូវ​។ នេះ​បើតាម​ការផ្សាយ​ព័ត៌មាន​របស់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា Anti Cyber Crime Department នៅ​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២០​។​

​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​បន្ថែមទៀតថា ការវាយប្រហារ​នេះ​ធ្វើឡើង​តាមរយៈ​មុខងារ Manage Versions ដែល​អាចឱ្យ​អ្នកប្រើប្រាស់​ដាក់បញ្ចូល (upload) ឯកសារ ដែលមាន​ប្រភេទ extension ផ្សេងៗ​គ្នា​ដូចជា .docx .xlsx .jpg .png ជាដើម ហើយ​អ្នកប្រើប្រាស់​ក៏​អាចធ្វើ​បច្ចុប្បន្នភាព​ចំពោះ​ឯកសារ​ទាំងនោះ​ដោយ​ដាក់បញ្ចូល​ឯកសារ​ថ្មី​។​
​ប៉ុន្តែ​អ្វី​ដែលជា​ភាព​ចន្លោះប្រហោង​នោះ​គឺ​មុខងារ​នេះ​អាចឱ្យ​អ្នកប្រើប្រាស់ បញ្ចូល​ឯកសារ​ថ្មី​ដែលជា​ប្រភេទ​ខុសពី​ឯកសារ​ដើម មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​ក៏​មិន​ធ្វើការ​រាំងខ្ទប់​ឯកសារ​ដែលមាន​មេរោគ​នោះ​ផង​។

​ម្យ៉ាងវិញទៀត​នៅពេលដែល លោកអ្នក​ប្រើ​កម្មវិធី Google Chrome ដើម្បី​ទាញយក​ឯកសារ​ទាំងនោះ Chrome នឹងធ្វើ​ការទាញយក​ឯ​ក​សារ​នោះ​ជាធម្មតា ដោយសារ​ឯកសារ​នោះ​គឺជា​ឯកសារ​មកពី Google Drive ទោះជា​កម្មវិធី​កម្ចាត់​មេរោគ​ផ្សេងទៀត​បាន​រកឃើញថា​មាន Malware នៅក្នុង​ឯកសារ​នោះ​ក៏ដោយ​។​

​ប្រភព​ដដែល បាន​បញ្ជាក់ថា បញ្ហា​នេះ​មិនមែនជា​បញ្ហា​ថ្មី​សន្លាង​នោះទេ ហើយ​ក្រុមហ៊ុន Google ក៏បាន​ដឹង​អំពី​បញ្ហា​នេះ​ផងដែរ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ ក្រុមហ៊ុន​នៅ​មិនទាន់បាន​ធ្វើការ​កែតម្រូវ​ចំពោះ​ភាព​ចន្លោះប្រហោង​នេះ​នៅឡើយ​ទេ​។ ដូច្នេះ​សម្រាប់​អ្នកប្រើប្រាស់​ដែល​ចូលចិត្ត​ប្រើ Google Drive ដើម្បី​ទាញយក​ឯកសារ​នោះ សូម​មានការ​ប្រុងប្រយ័ត្ន ពិនិត្យមើល​ប្រភេទ​ឯកសារ​ឱ្យបាន​ត្រឹមត្រូវ​មុននឹង​ធ្វើការ​ទាញយក ដើម្បី​ចៀសវាង​ទាញយក​ឯកសារ​ដែលមាន​មេរោគ Malware នោះ​៕ ដោយ​៖​កូ​ឡាប​

×