Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​បើក​ច្រក​ទីផ្សារ នាំចេញ ទៅជា​ច្រើន​ប្រទេស រហូតដល់​ជាង ១០​ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៧

​ភ្នំពេញ ៖ បន្ទាប់ពី​ចូល​ជា​សមាជិក អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ក្នុង​រយៈពេល ១៣​ឆ្នាំ កន្លងមកនេះ កម្ពុជា​ក្នុងនាម​ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​និង​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដែលមាន​សមាជិក​ចំនួន​១៦៤ (​មាន​ប្រទេស​កំពុង​តម្រង់​ជួរ​សុំចូល​ចំនួន ៣៣ ផ្សេងទៀត​) បាន​ពុះពារ​គ្រប់​ឧបសគ្គ និង​សម្រេចបាន​នូវ​សមិទ្ធផល​ដ៏​ធំធេង ដែលជា​ឧ​ត្ត​ម​ប្រយោជន៍​ជាតិ និង​ប្រជាជន​កម្ពុជា​។​

​បើតាម​សារ​របស់​ក្រសួងពាណិជ្ជកម្ម អំពី​ខួប​លើក​ទី ១៣​ឆ្នាំ នៃ​ការចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​របស់​កម្ពុជា ពី​ឆ្នាំ​២០០៤ ដល់ ឆ្នាំ​២០១៧ ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៣​តុលា​នេះ បាន​បង្ហាញថា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត និង​មាន​ទស្សនៈវិស័យ​ច្បាស់លាស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ដោយមាន​ការចូលរួម​ដ៏​សកម្ម​ពី​គ្រប់​ក្រសួង​-​ស្ថាប័ន និង​ជនរួមជាតិ​ទាំងអស់ ប្រទេស​កម្ពុជា​បាន​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) នៅ​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០០៤​។ បើ​គិត​ត្រឹម​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៧ នេះ គឺជា​ខួប​លើក​ទី​១៣ នៃ​ការចូល​ជា​សមាជិក​អង្គការ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​របស់​កម្ពុជា​។

​សមិទ្ធផល​មួយចំនួន ក្នុងចំណោម​សមិទ្ធផល​ធំៗ​ជាច្រើន ដែល​សម្រេចបាន​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ពី​សមាជិកភាព​ក្នុង​រយៈពេល​១៣​ឆ្នាំ នេះ រួមមាន​៖
១)​រក្សា​និង​បង្កើន​ការវិនិយោគ​លើ​វិស័យ​នានា ជាពិសេស​លើ​វិស័យ​កាត់ដេរ សម្លៀកបំពាក់​ដែលមាន​ត្រឹមតែ ២០៩​រោងចក្រ នៅក្នុង​ឆ្នាំ​២០០៣ និង​កម្មករ​ត្រឹមតែ ២៥​ម៉ឺន​នាក់ ហើយ​ប្រាក់​ឈ្នួល​អប្បរ​មា​ត្រឹមតែ ៤៥​ដុល្លារ ក្នុង​មួយខែ តែ​បច្ចុប្បន្ន​មាន​រហូតដល់ ៥៥៦​រោងចក្រ កម្មករ​កើន​ដល់ ៦៥​ម៉ឺន​នាក់ (​ប្រមាណ ៨៨ ភាគរយ​ជា​ស្ត្រី​) និង​ប្រាក់​ឈ្នួល​អប្បរ​មា​កើន​ដល់ ១៧០​ដុល្លារ ដោយ​រួមបញ្ចូល​ប្រាក់​ថ្លៃ​ធ្វើដំណើរ​និង​អត្ថប្រយោជន៍​នានា​ចំនួន ១៧​ដុល្លារ ផងដែរ​។ ២)​បាន​បើក​ច្រក​ទីផ្សារ​នាំចេញ​ទៅជា​ច្រើន​ប្រទេស បានធ្វើ​ឲ្យ​ការនាំចេញ​ទូទៅ​បាន​កើនឡើង​ពី ២​ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០០៣ ទៅ​ចំនួន​ជាង ១០​ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៧ (​តាម​ស្ថិតិ​របស់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ​)​។ ៣)​រក្សាបាន​នូវ​កំណើនសេដ្ឋកិច្ច​ក្នុង​អត្រា​ខ្ពស់​ជាងគេ គឺ​ក្នុង​រង្វង់ ៧ ភាគរយ គិត​ជា​មធ្យម ធៀប​នឹង​កំណើន​របស់​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ផ្សេងទៀត ក្នុង​ចន្លោះ ពី​ឆ្នាំ​២០០៤ ដល់​២០១៧​។ ៤)​អតិផរណា​បាន​ធ្លាក់ចុះ​ពី ៥,៥ ភាគរយ ក្នុង​ឆ្នាំ​២០១១ មក​ត្រឹម ១,២ ភាគរយ ក្នុង​ឆ្នាំ​២០១៥ ដោយសារ​មាន​គោលនយោបាយ​រូបិយវត្ថុ​ច្បាស់លាស់​។ ៥)​អត្រា​នៃ​ភាពក្រីក្រ​បាន​ធ្លាក់ចុះ​ពី ៤៧,៨ ភាគរយ នៅ​ឆ្នាំ​២០០៧ មក​នៅ ១៣,៥ ភាគរយ ក្នុង​ឆ្នាំ​២០១៤ ហើយ​កម្ពុជា​ក៏​ទទួលបាន​នូវ​ឋានៈ​ជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ទាប ក្នុង​ឆ្នាំ​២០១៥ ផងដែរ ដែល​ក្នុងនោះ​ចំណូល​ជាតិ​សរុប​ចំនួន ១.០៧០​ដុល្លារ សម្រាប់​ប្រជាជន​ម្នាក់​។ ៦)​សមាជិកភាព​របស់​ក​ម្ពុ​ជា​ក្នុង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក បានផ្តល់​នូវ​សិទ្ធិ​ស្មើភាព​ជាមួយ​ប្រទេស​សមាជិក​ទាំងអស់​ក្នុងការ​ពិគ្រោះ​យោបល់ ពិភាក្សា ដោះស្រាយ​វិវាទ និង​ធ្វើការ​សម្រេចចិត្ត​នានា​របស់​អង្គការ​នេះ​។ ៧)​កម្ពុជា​ក៏​ទទួលបាន​ផងដែរ​នូវ​ជំនួយ​បច្ចេកទេស និង​ការបណ្តុះបណ្តាល​ពី​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក និង​ទទួលបាន​ជំនួយ​សម្រាប់​អភិវឌ្ឍន៍​ពាណិជ្ជកម្ម ជាដើម​។​ល​។ ៨)​បាន​ដើរតួនាទី​ជា​ប្រធាន​ក្រុម​សម្របសម្រួល​នៃ​បណ្តា​ប្រទេស​អភិវឌ្ឍន៍​តិចតួច កាលពី​ខែកុម្ភៈ​ឆ្នាំ​២០១៧ កន្លងទៅ ដែល​បាននិងកំពុង​ជួយ​ជំរុញ​ដល់​ការចរចា​នានា ក្រោម​ក្របខ័ណ្ឌ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។​

​ក្នុង​ចន្លោះ​ពី​ឆ្នាំ​២០០៤ ដល់​២០១៧ កម្ពុជា​បាន​បណ្តុះបណ្តាល​ធនធាន​មនុស្ស កែទម្រង់​ស្ថាប័ន និង​រចនាសម្ព័ន្ធ កសាង​លិខិតបទដ្ឋាន​ច្បាប់​និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ដែល​បាន​ជួយ​សម្រួល និង​ទាក់ទាញ​ការវិនិយោគ​ពី​បណ្តា​ប្រទេស​ជាច្រើន​មក​កម្ពុជា​។ សមិទ្ធផល​ទាំងនេះ បាននិងកំពុង​ជួយ​ដល់​ការពង្រីក​កំណើនសេដ្ឋកិច្ច បង្កើត​ការងារ​ជូន​ប្រជាជន​កម្ពុជា ព្រមទាំង​ជួយ​លើកតម្កើង​កិ​ត្យា​នុ​គោល​ភាព និង​កិត្តិនាម​កម្ពុជា ក្នុង​ឆាក​អន្តរជាតិ​ផងដែរ​។​

​ក្រសួងពាណិជ្ជកម្ម ក៏ដូចជា​បណ្តា​ក្រសួង​-​ស្ថាប័ន​នានា​នៃ​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ពិត​ជាមាន​មោទនភាព និង​សម្តែង​នូវ​ការដឹងគុណ​ដ៌​ជ្រាលជ្រៅ ចំពោះ​ការដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា គឺ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕​ ​ដោយ​៖​ជាលី​

 

×