ភ្នំពេញ៖ វិស័យអាកាសចរណ៍កម្ពុជា រងការប៉ះពាល់យ៉ាងខ្លាំង ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩។ រដ្ឋាភិបាលកម្ពុជា កន្លងទៅ បានសម្រេចមិនយកពន្ធ លើវិស័យអាកាសចរណ៍ ដែលកំពុងប្រតិបត្តិការនៅកម្ពុជា ដើម្បីធ្វើយ៉ាងណាឱ្យវិស័យមួយនេះ មានលទ្ធភាពក្នុងការចំណាយ និងមិនឱ្យក្រុមហ៊ុនទាំងនោះក្ស័យធន។
ដោយឡែកពេលបច្ចុប្បន្ននេះ អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ស៊ិន ចាន់សេរីវុត្ថា បានឱ្យដឹងនៅថ្ងៃទី ២៤ ខែសីហានេះថា ជើងហោះហើររបស់កម្ពុជា មានពី ៧ជើង ទៅ ១០ ជើងដែរ ក្នុងមួយថ្ងៃ ដោយរំពឹងថា ជើងហោះហើរនេះ និងកាន់តែច្រើននាពេលខាងមុខ។
លោក ស៊ិន ចាន់សេរីវុត្ថា បានលើកឡើងថា រហូតមកដល់ពេលនេះ ជើងហោះហើររបស់កម្ពុជាពុំមានអ្វីប្រែប្រួលនោះទេ ខណៈដែលមានក្រុមហ៊ុនជើងហោះហើរបរទេសមួយចំនួន បានស្នើសុំហោះហើរមកកាន់កម្ពុជាឡើងវិញ នាពេលខាងមុខដ៏ខ្លី។
លោកមានប្រសាសន៍ថា “មកដល់ពេលនេះ ដូចជាគ្មានអ្វីប្រែប្រួលទេ ដោយគិតជាមធ្យម កម្ពុជាទទួលបានជើងហោះហើរពី ៧ ទៅ ១០ ជើងដែរក្នុងមួយថ្ងៃ ពោលគ្មានការកើនឡើង និងថយចុះនោះទេ ហើយ នៅក្នុងពេលខាងមុខនេះ រំពឹងថា អាចនឹងមានការប្រែប្រួល ដោយមានក្រុមហ៊ុនមួយចំនួន បានស្នើសុំហោះហើរឡើងវិញ”។
លោកបន្ថែមថា “ជើងហោះហើរ ដែលបានស្នើសុំហោះហើរមកកម្ពុជាមានមកពីប្រទេសសឹង្ហបុរី ហើយកាលពីពេលថ្មីៗនេះ ក៏មានការឯកភាពរវាងរាជរដ្ឋាភិបាលកម្ពុជា និងជប៉ុន អនុញ្ញាតឱ្យមានជើងហោះហើរឡើងវិញនៅចុងខែនេះផងដែរ” ។
គួរបញ្ជាក់ថា ជើងហោះហើររបស់កម្ពុជា ក៏ដូចជាបណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោក បាននឹងកំពុងប្រឈមបញ្ហារងផលប៉ះពាល់ជាខ្លាំង ដោយសារការរាតត្បាតនៃជំងឺកូវីដ ១៩ផងដែរ ខណៈវិស័យមួយនេះ ខាតបង់ទឹកប្រាក់ជាច្រើនលានដុល្លារអាមេរិកក្នុងអំឡុងពេលនេះ៕
ដោយ៖CEN