ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះ បានបញ្ជាឲ្យមានការបិទសាលារៀនទាំងអស់ នៅតំបន់ជាច្រើននៃទីក្រុងសេអ៊ូល និងប្តូរមកជាថ្នាក់អនឡានវិញ ខណៈដែលប្រទេសនេះ កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះវីរុសជាច្រើនកន្លែង។
វិធីសាស្ត្រ “តាមដាន ធ្វើតេស្ត និងព្យាបាល” របស់កូរ៉េខាងត្បូងក្នុងការទប់ស្កាត់វីរុសកូរ៉ូណា ត្រូវបានគេប្រើប្រាស់ជាគំរូសកល ប៉ុន្តែឥឡូវនេះ ប្រទេសដែលមានប្រជាជនជាង ៥២លាននាក់នេះ កំពុងព្យាយាមទប់ស្កាត់ការផ្ទុះជាច្រើន ដែលភាគច្រើនចេញមកពីព្រះវិហារគ្រឹស្តសាសនានិកាយប្រូតេស្តង់។
នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ កូរ៉េខាងត្បូងមានករណីឆ្លងជាច្រើន ដោយក្នុងរយៈពេល ១២ថ្ងៃជាប់គ្នា តួលេខនៃការឆ្លងកើនឡើង ៣ខ្ទង់។
ករណីឆ្លងថ្មីភាគច្រើនកើតឡើងនៅកណ្តាលទីក្រុងសេអ៊ូល។ ទោះយ៉ាងណា អាជ្ញាធរសុខាភិបាលនិយាយថា កូរ៉េខាងត្បូងកំពុងស្ថិតនៅក្នុងដំណាក់កាលនៃការផ្ទុះទូទាំងប្រទេស និងបានស្នើឲ្យប្រជាជនទាំងអស់ស្នាក់នៅក្នុងផ្ទះ និងកាត់បន្ថយការធ្វើដំណើរ។
អាជ្ញាធរកំពុងព្យាយាមរឹតបន្តឹងច្បាប់វិធានការគម្លាតសង្គម និងបាននិយាយថា សាលារៀន និងសាលាមត្តេយ្យនៅក្នុងទីក្រុងសេអ៊ូល ខេត្ត Incheon និងខេត្ត Gyeonggi នឹងត្រូវប្តូរមកជាថ្នាក់រៀនអនឡានវិញ ចាប់ពីថ្ងៃពុធស្អែកនេះ រហូតដល់ថ្ងៃទី ១១ ខែកញ្ញាខាងមុខ។
រដ្ឋមន្ត្រីក្រសួងអប់រំ អ្នកស្រី Yoo Eun-hae បានថ្លែងប្រាប់អ្នកសារព័ត៌មានថា សិស្ស និងបុគ្គលិកសាលារៀនជិត ២០០នាក់ បានឆ្លងវីរុសក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយ។
សូមរំលឹកថា កូរ៉េខាងត្បូង គឺជាប្រទេសដែលមានការរាតត្បាតវីរុសកូរ៉ូណាខ្លាំងដំបូងគេ បន្ទាប់ពីចិន ប៉ុន្តែប្រទេសនេះ បានចាត់វិធានការគ្រប់គ្រងយ៉ាងមានប្រសិទ្ធភាព ក្នុងការទប់ស្កាត់ការរាតត្បាត។
រហូតមកដល់ពេលនេះ កូរ៉េខាងត្បូងមានករណីឆ្លងសរុបចំនួន ១៧.៩៤៥ និងស្លាប់ ៣១០នាក់។ អ្នកជាសះស្បើយសរុបមាន ១៤.២៨៦៕
ប្រែសម្រួល៖ សុភ័ក្រ
ប្រភព៖ Agencies