ក្រុមហ៊ុនហ្វេសប៊ុក (Facebook) បាននិយាយនៅថ្ងៃអង្គារនេះថា ខ្លួនគ្រោងនឹងហៅរដ្ឋាភិបាលថៃឲ្យធ្វើការបញ្ជាក់តាមផ្លូវច្បាប់ ក្រោយពេលខ្លួនត្រូវបានបង្ខំឲ្យបិទការចូលក្នុងក្រុមទីផ្សាររាជានិយម (Royalist Marketplace) នៅក្នុងប្រទេសថៃ ដែលក្រុមនេះមានសមាជិកក្នុងហ្វេសប៊ុកចំនួន ១លាននាក់។
កាលពីថ្ងៃចន្ទម្សិលមិញនេះ ហ្វេសបុកបានបិទមិនឲ្យមានការចូលក្នុងក្រុម Royalist Marketplace ក្រោយពេលរដ្ឋាភិបាលថៃព្រមានចាត់វិធានការផ្លូវច្បាប់ ចំពោះការខកខានក្នុងការចាត់វិធានការប្រឆាំង នឹងមាតិកាដែលចាត់ទុកថាជាការបរិហារកេរ្តិ៍ដល់របបរាជានិយម។
អ្នកនាំពាក្យហ្វេសបុកបាននិយាយក្នុងសេចក្តីប្រកាសថា “សំណើរបែបនេះគឺធ្ងន់ធ្ងរ ផ្ទុយពីច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងមានឥទ្ធិពលលើសមត្ថភាពរបស់ប្រជាជន ក្នុងការបញ្ចេញមតិរបស់ពួកគេ”។
“ពួកយើងធ្វើកិច្ចការដើម្បីការពារសិទ្ធិរបស់អ្នកប្រើប្រាស់អ៊ីនធឺណិតទាំងអស់ ហើយយើងកំពុងរៀបចំដើម្បីជំទាស់ ផ្នែកផ្លូវច្បាប់លើសំណើនោះ”។
ក្រុម Royalist Marketplace ត្រូវបានបង្កើតឡើងកាលពីខែមេសា ដោយលោក Pavin Chachavalpongpun ដែលបញ្ញវន្ត និងជាអ្នករិះគន់របបរាជានិយម។ បច្ចុប្បន្នលោកកំពុងរស់នៅនិរទ្ទេសនៅក្នុងប្រទេសជប៉ុន។
កាលពីយប់ថ្ងៃចន្ទ ក្រុមនេះមានចេញសារបញ្ជាក់ថា “ការចូលមកកាន់ក្រុមនេះត្រូវបានរឹតត្បិតនៅក្នុងប្រទេសថៃ យោងតាមសំណើផ្លូវច្បាប់របស់ក្រសួងសេដ្ឋកិច្ចឌីជីថល និងសង្គម”។
លោក Pavin Chachavalpongpun និយាយថា ហ្វេសប៊ុកឱនក្បាលចំពោះសម្ពាធរដ្ឋាភិបាលថៃ ដែលគ្រប់គ្រងដោយយោធា។
លោកថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ដូច្នេះថា “ក្រុមពួកយើងជាផ្នែកមួយនៃដំណើរការប្រជាធិបតេយ្យ។ វាគឺជាកន្លែងសម្រាប់ការបញ្ចេញមតិប្រកបដោយសេរីភាព”។
“ដោយការធ្វើបែបនេះ ហ្វេសប៊ុកកំពុងសហការជាមួយនឹងរបបផ្តាច់ការ ដើម្បីរារាំងប្រជាធិបតេយ្យ និងដាំដុះការផ្តាច់ការក្នុងប្រទេសថៃ”។
សូមបញ្ជាក់ថា ប្រទេសថៃមានច្បាប់ដ៏តឹងក្នុងការការពារព្រះមហាក្សត្រ ពីការប្រមាថ ហើយជនដែលប្រព្រឹត្តិអាចជាប់គុករហូតដល់ ១៥ឆ្នាំ។
កាលពីដើមខែនេះ រដ្ឋមន្ត្រីក្រសួងឌីជីថលថៃ បានចោទប្រកាន់ហ្វេសប៊ុកថាមិនអនុវត្តតាមសំណើដើម្បីរឹតត្បិតលើមាតិកា ដែលរួមមានមាតិកាប្រមាថរបបរាជា។
កាលពីថ្ងៃទី ១០ ខែសីហា លោកបានទុករយៈពេល ១៥ថ្ងៃឲ្យហ្វេសប៊ុកអនុវត្តតាមការបញ្ជារបស់តុលាការ បើមិនដូច្នេះ ត្រូវប្រឈមនឹងការចោទប្រកាន់ក្រោមច្បាប់ឧក្រិដ្ឋកម្មកុំព្យូទ័រ ដែលនឹងទទួលរងការផាកពិន័យរហូតដល់ ៦.៣៩៧ដុល្លារ និងការផាកពិន័យបន្ថែម ១៥៩ដុល្លារក្នុងមួយថ្ងៃ រហូតដល់មានការអនុវត្តបទបញ្ជានោះ៕
ប្រែសម្រួល៖ សុភ័ក្រ
ប្រភព៖ Reuters