ប្រទេសរុស្សី និងអារ៉ាប់ប៊ី សៅអូឌីត កំពុងខិតជិតដល់ការចុះហត្ថលេខាលើការព្រមព្រៀងគ្នា ក្នុងការផ្គត់ផ្គង មីស៊ីលការពារដែនអាកាសរបស់រុស្សី ប្រភេទ S-400 ទៅឲ្យរដ្ឋធានី រីយ៉ាដ (Riyadh) ប្រទេសអារ៉ាប់ប៊ី សៅអូឌីតហើយ។ នេះបើតាមសារព័ត៌មានរុស្សី Interfax បានដកស្រង់សម្តីរបស់ជំនួយការរបស់ប្រធានាធិបតីរុស្សី វ្លាដឺមៀ ពូទីន (Vladimire Putin) នៅថ្ងៃសុក្រនេះ។
លោក Vladimir Kozhin ជំនួយការលោក ពូទីនបានថ្លែងថា “ការចរចាកំពុងបន្ត ចំណែកលក្ខណៈបានព្រមព្រៀងគ្នារួចអស់ ហើយកិច្ចសន្យាអាចនឹងត្រូវចុះហត្ថលេខានាពេលដ៏ខ្លីខាងមុខ”។
ប្រព័ន្ធការពារដែនអាកាសរុស្ស៊ី S-400 គឺជាមីស៊ីលប្រើសំម្រាប់ប្រឆាំងយន្តហោះចំបាំង។ វាប្រើប្រាស់មីស៊ីលចំនួន ៤ដើម្បីដំណើរការ ដោយក្នុងនោះមានមីស៊ីលរយៈចម្ងាយឆ្ងាយខ្លាំង អាចបាញ់បានចម្ងាយ ៤០០គីឡូម៉ែត្រ រយៈចំងាយឆ្ងាយ (២៥០គីឡូម៉ែត្រ) រយៈចំងាយធម្យម (១២០គីឡូម៉ែត្រ) និងរយៈចម្ងាយខ្លី (៤០គីឡូម៉ែត្រ)។
S-400 ត្រូវបានគេចាត់ទុកថា ជាប្រព័ន្ធការពារដែនអាកាសដ៏ល្អបំផុត របស់រុស្សីរហូតមកដល់បច្ចុប្បន្ននេះ។ សុភ័ក្ត្រ